នៅសល់តែ ៦ថ្ងៃទៀត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ នឹងប្រារព្ធទិវានៃយុទ្ធនាការប្រឆាំងអំពើហិង្សាយេនឌ័រ ឬភេទមនុស្ស ក្រោមប្រធានបទ គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យដែលមានការជួបជុំគ្នាប្រមាណ ៥០០នាក់។
អង្គការសង់ត្រាល់ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ វិច្ឆិកា ថា អង្គការសមាគមចំនួន ២១ស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពភេទមនុស្ស ឬយេនឌ័រនៅប្រទេសកម្ពុជា កំពុងធ្វើយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវនឹងទិវាសិទ្ធិមនុស្ស ដើម្បីបង្ហាញពីវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពចំពោះអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់លើក្មេងស្រី និងស្ត្រី។
អង្គការសង់ត្រាល់ បញ្ជាក់ថា ក្នុងឱកាសប្រារព្វទិវាយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងឆ្នាំ២០២៣ នេះ ក្រុមសកម្មជន សមាគម សហជីព និងអង្គការសង្គមស៊ីវិល នឹងប្ដូរស៊ុមរូបភាពប្រូហ្វាល់ហ្វេសប៊ុក ព្រមទាំងបង្ហោះសារផ្សេងៗទាក់ទងនឹងការបញ្ឈប់អំពើហិង្សា និងដំណោះស្រាយជាអាទិភាពរបស់ស្ត្រី និងក្មេងស្រីផងដែរ។
ក្រៅពីនេះ មានអ្នកចូលរួមឆ្លើយសំណួរទាក់ទងនឹងប្រធានបទ «យុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ» នេះ ក៏អាចឈ្នះរង្វាន់ផ្សេងៗថែមទៀត ដូចជា ដបទឹក កាបូប និងរង្វាន់ជាច្រើនទៀត ជាដើម។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការស្ថាប័នចំនួន ២១ ដូចជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សម្ព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ជាដើម បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាអំពីយុទ្ធនាការប្រឆាំងអំពើហិង្សាយេនឌ័រ ១៦ថ្ងៃ ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាការពារសិទ្ធិមនុស្សឱ្យបានម៉ឺងម៉ាត់ ជាពិសេសការពារសិទ្ធិមនុស្សជាស្ត្រី និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាពផងដែរ។
សេចក្តីប្រកាសព័ត៌មាននេះ អះអាងថា យុទ្ធនាការ ១៦ថ្ងៃនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្តល់ឱកាសដល់សកម្មជន អ្នកការពារសិទ្ធិមនុស្សជាស្ត្រី ឱ្យពួកគេលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះ ខណៈដែលខ្លួនអនុវត្តសិទ្ធិស្របច្បាប់ ហើយជាមួយគ្នានោះ ក៏មានការជួបជុំថ្លែងសារនូវបញ្ហាពីវិស័យផ្សេងៗដែលកំពុងកើតមានលើក្មេងស្រី និងស្ត្រីផងដែរ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីការទាមទាររបស់ពួកគេនាពេលកន្លងមក។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា យុទ្ធនាការនេះនឹងបែងចែកការផ្សព្វផ្សាយទៅតាមថ្ងៃជាបន្តបន្ទាប់ ក្នុងនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ពួកគេនឹងចេញផ្សាយវីដេអូមួយស្ដីពី សិទ្ធិស្ត្រីក្នុងការចូលរួមការងារសង្គម និងការតស៊ូមតិ រួមទាំងមានកម្មវិធីជួបជុំអ្នកចូលរួមនៅទីលានប្រជាធិបតេយ្យចំនួន ៥០០នាក់ និងការផ្សាយវីដេអូខ្លីដែលលើកឡើងពីតម្រូវការផ្សេងៗរបស់ស្ត្រី និងក្មេងស្រីថែមទៀត។
យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម។ ក្រោយមក យុទ្ធនាការនេះត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានកំណត់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ព្រមទាំងត្រូវបានប្រកាសទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី តាមរយៈមហាសន្និបាតលើកទី៨៣ នៃអង្គការសហប្រជាជាតិផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះថា ស្ត្រីដែលជាជនរងគ្រោះពីអំពើហិង្សានៅកម្ពុជា មិនមែនកើតឡើងតែក្នុងគ្រួសាររបស់ពួកគេទេ ប៉ុន្តែក៏បានរងនូវអំពើហិង្សានានាដែលកើតចេញពីការអនុវត្តសិទ្ធិបញ្ចេញមតិដើម្បីសិទ្ធិសេរីភាព និងសិទ្ធិលំនៅឋានរបស់ពួកគេដែរ ជាពិសេសសកម្មជនសិទ្ធិមនុស្សដែលជាស្ត្រីតែងរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជាជាបន្តបន្ទាប់ បើទោះបីជាពួកគេអនុវត្តសិទ្ធិដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព ជាពិសេសកន្លងមក មន្ត្រីអនុវត្តច្បាប់មួយចំនួនក៏លេចធ្លាយនូវការប្រើអំពើហិង្សាលើស្ត្រីដែលជាភរិយារបស់ពួកគេដែរ ដែលបញ្ហានេះគឺជាគំរូដ៏អាក្រក់ក្នុងសង្គមក្នុងនាមជាអ្នកអនុវត្តច្បាប់ ដែលមានកាតព្វកិច្ចត្រូវធានាការពារនូវសិទ្ធិរបស់ពលរដ្ឋ ជាពិសេសគឺសិទ្ធិនារីក្នុងនាមជាភេទងាយរងគ្រោះតែម្តង។
ទាក់ទិននឹងបញ្ហានេះ ក្រសួងកិច្ចការនារី បានបញ្ចេញសេចក្តីរាយការណ៍កាលពីពេលកន្លងទៅថា នៅប្រទេសកម្ពុជា ស្ត្រីនៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ហើយទម្រង់នៃអំពើហិង្សាលើស្ត្រីដែលកើតឡើងភាគច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

