29 C
Phnom Penh

អង្គការ​ស្ថាប័ន​ចំនួន​១២ នឹង​ដាក់​សំណើ​ជា​កង្វល់​រួម​ទៅ​ក្រសួង​ការងារ​ជុំវិញ​សិទ្ធិ​មូលដ្ឋាន​របស់​សហជីព​នៅ​ថ្ងៃ​ស្អែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ស្ថាប័ន​ដែល​ធ្វើការ​លើក​វិស័យ​សិទ្ធិមនុស្ស​ជាង ១០​ស្ថាប័ន ប្រកាស​ជួបជុំ​អ្នក​ចូលរួម​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រមាណ​ជា ៥០​នាក់ ដើម្បី​ដាក់​សំណើ​ដែល​ជា​កង្វល់​រួម​ជុំវិញ​សិទ្ធិ​មូលដ្ឋាន​របស់​សហជីព​នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព​ចំនួន ១២​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ជាដើម គ្រោង​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​ដាក់​សំណើ​នេះ​គឺជា​កង្វល់​រួម​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​សហជីព​នា​ពេល​កន្លង​មក។

ការ​ចេញ​សេចក្តី​ជូនដំណឹង​ពី​គម្រោង​ដាក់​សំណើ​ជុំវិញ​កង្វល់​ពី​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​សហជីព​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​នៅ​តាម​ក្រុមហ៊ុន​រោងចក្រ​នានា​នៅ​កម្ពុជា កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ការ​បណ្ដេញ​ចេញពី​ការងារ​សព្វថ្ងៃ​នេះ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ ធ្នូ នេះ​ថា ការ​ជួបជុំ​ដាក់​សំណើ​ដែល​ជា​កង្វល់​រួម​របស់​ក្រុម​សហជីព សមាគម សហព័ន្ធ​សហជីព​មកពី​វិស័យ​នានា​នេះ គឺ​ស្រប​ពេល​ដែល​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​គ្រោង​ប្រារព្ធ​ក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ។

លោក​បន្ថែម​ថា ការ​ដាក់​សំណើ​នេះ ក៏​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​ពិនិត្យ​ទ្បើង​វិញ​ជា​សកល​តាម​កាលកំណត់​របស់ UPR ដែរ ដែល​ជា​ដំណើរការ​តែ​មួយ​គត់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​របាយការណ៍​នៃ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។

លោក ឃុន ថារ៉ូ លើកឡើង​ថា អង្គការ​សមាគម​នានា​បាន​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​ការងារ​របស់​បុគ្គលិក​កម្មករ​តែង​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ខ្លាំងក្លា ជាពិសេស​រំលោភ​មក​លើ​ក្រុម​ចង្កោម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិស័យ​ការងារ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ដូច្នេះ​ការ​ដាក់​ជូន​របាយការណ៍​នេះ គឺជា​ការ​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​ក្នុង​វិស័យ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា សង្គម​ស៊ីវិល​ក៏​តែង​សង្កេត​ឃើញ​ដែរ​ថា ចលនា​សហជីព​ឯករាជ្យ​ក្នុង​វិស័យ​ការងារ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ចាត់ទុក​ជា​មុខសញ្ញា​ជាក់លាក់ និង​ជា​លក្ខណៈ​ប្រព័ន្ធ​ថែម​ទៀត​ពី​ភាគី​ក្រុមហ៊ុន​រោងចក្រ ខណៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​កាលពី​ពេល​កន្លង​ទៅ បាន​ឆ្លើយតប​តិចតួច​បំផុត​ចំពោះ​បញ្ហា​ស្នូល​របស់​សហជីព។

លោក ឃុន ថារ៉ូ គូស​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​នេះ គឺ​នៅ​មាន​សំណើ​សំខាន់ៗ​ជា​អាទិភាព​ជាច្រើន​របស់​ក្រុម​សហជីព​ឯករាជ្យ និង​សង្គម​ស៊ីវិល​ដែល​មិន​ត្រូវ​បាន​ដាក់​បញ្ចូល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ច្បាប់​នេះ​មិន​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយ​បទដ្ឋាន​គតិយុត្តិ​ជាតិ និង​អន្តរជាតិ​ទេ​ក្នុង​ចំណុច​ជាច្រើន ដូច្នេះ ការ​ដាក់​សំណើ​នៅ​ពេលនេះ គឺ​ដើម្បី​បង្ហាញ​កង្វល់​ជា​រួម​របស់​អង្គការ សមាគម ដើម្បី​ឱ្យ​ក្រសួង​ការងារ​ពិនិត្យ និង​ដោះស្រាយ​ជូន​កម្មករ​គ្រប់​វិស័យ​ទាំងអស់។

កាលពី​ចុង​ឆ្នាំ​២០២១ ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ឈប់​ពី​ការងារ​ដោយ​ខុស​លក្ខខណ្ឌ​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្រោម​លេស​ជួប​វិបត្តិ​កូវីដ-១៩ ហើយ​បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​នោះ ភាគច្រើន​គឺជា​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ដែល​គេ​ដឹង​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មាន​ចេតនា​រំលាយ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​ចោល​តែប៉ុណ្ណោះ។

បន្ទាប់ពី​បញ្ឈប់​បុគ្គលិក​ដោយ​ខុស​លក្ខខណ្ឌ​ការងារ ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​យក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំងនោះ ឱ្យ​ធ្វើ​ការងារ​វិញ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ទាំងនោះ បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន ដូចជា កញ្ញា ឈឹម ស៊ីថរ ជាដើម ពី​បទ ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិ​សង្គម​ទៅ​វិញ។

ក្រៅពី​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ សហជីព​តាម​រោងចក្រ​ផ្សេង​ទៀត​ក៏​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ដែរ ដូចជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ អឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ក្រុមហ៊ុន រោងចក្រ​ដទៃ​ទៀត​ដែល​កំពុង​ដំណើរការ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស