39 C
Phnom Penh

សហជីព​អំពាវនាវ​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ដើម្បី​ជា​បុណ្យ​កុសល​បញ្ជូន​ឱ្យ​ថៅកែ​ដែល​ទើប​ទទួល​អនិច្ចកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អំពាវនាវ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​នៅ​មាន​ជីវិត​ទាំងអស់ ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​សហជីព ដើម្បី​បាន​ជា​បុណ្យ​កុសល​បញ្ជូន​ទៅ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក CHEN LIP KEONG ដែល​ទើប​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​រំលែក​ទុក្ខ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ដោយ​លើកឡើង​ថា នៅ​ពេល​ដែល​លោក CHEN LIP KEONG លាចាក​លោក​នេះ​ទៅ គាត់​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ទេ ក្រៅតែ​ពី​បុណ្យ​កុសល​ដែល​គាត់​ធ្លាប់​បាន​ប្រព្រឹត្ត និង​ការ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ ដូច្នេះ​បុគ្គលិក​ដែល​កំពុង​នៅ​រស់​ផ្សេង​ទៀត គួរ​តែ​នាំគ្នា​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​និយោជិត​ដែល​ខ្លួន​ធ្លាប់​បាន​រំលោភបំពាន​សិទ្ធិ​ការងារ​ដោយ​ការ​បញ្ឈប់​កម្មករ​និយោជិត​ទាំង​អយុត្តិធម៌​កន្លង​មក ដើម្បី​បាន​ជា​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ឋ​របស់​លោក CHEN LIP KEONG ដែល​ទទួល​អនិច្ចធម្ម​ទៅ​នោះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បួងសួង​សុំ​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​លោក CHEN LIP KEONG ទៅ​កាន់​សុគតិភព ហើយ​ពួកគេ​ដែល​ជា​បុគ្គលិក​កម្មករ និង​ជា​សមាជិក​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​កន្លង​មក សូម​អហោសិកម្ម​នូវ​រឿងរ៉ាវ​ដែល​កើតឡើង​កន្លង​មក ដល់​សព​របស់​លោក CHEN LIP KEONG ផង​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រុមហ៊ុន NagaCorp បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា លោក Tan Sri Dr. Chen Lip Keong បាន​ទទួល​មរណភាព​ក្នុង​វ័យ ៧៥​ឆ្នាំ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ដោយ​រោគាពាធ។ ក្រោយពី​មរណភាព​របស់ Dr. Chen Lip Keong ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន NagaCorp បាន​សម្រេច​តែងតាំង​លោក Chen Yiy Fon ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក CHEN LIP KEONG ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ (CEO) បន្ត​ផង​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា មរណភាព​របស់​លោក ចេន លីប គង់ (Chen Lip Keong) ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) បាន​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាត់បង់​បង្គោល​ទ្រទ្រង់​អំណាច​របស់​វង្ស​ត្រកូល​ហ៊ុន​មួយ​ហើយ។

លោក សម រង្ស៊ី លើកឡើង​ថា ក្រុមហ៊ុន​ល្បែង​ស៊ីសង​កាស៊ីណូ​ណាហ្គា​វើលដ៍ បាន​បំផ្លាញ​សង្គម​ខ្មែរ​ច្រើន​ណាស់ ប៉ុន្តែ​ជា​ថ្នូរ​ដើម្បី​រក្សា​មុខជំនួញ​ល្បែង​របស់​ខ្លួន លោក ចេន លីប គង់ បាន​ចិញ្ចឹម​ត្រកូល​ហ៊ុន​យូរ​ឆ្នាំ​មក​ហើយ​ដែរ ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​ហ៊ាន​ប្រើ​រដ្ឋ​អំណាច​ពុករលួយ ឲ្យ​វាយ​បង្ក្រាប​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NagaWorld) ដែល​តវ៉ា​សុំ​ឲ្យ​កែលម្អ​លក្ខខណ្ឌ​ការងារ​កន្លង​មក​នោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា លោក ចេន លីប គង់ បាន​ប្រើ​លោក ហ៊ុន សែន ឲ្យ​ចាប់​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​រហូត​ដល់​ថ្ងៃ​នេះ ហើយ​ទ្រព្យសម្បត្តិ​មួយ​ផ្នែក​ធំ​របស់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រូប​នេះ​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក (១៣០០​លាន​ដុល្លារ) នៅ​ពេលនេះ ក៏​បាន​មកពី​ញើស​ឈាម និង​ទឹកភ្នែក​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្នុង​បំណង​រំលាយ​ក្រុម​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ ក្រោម​លេស​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ព្រោះ​ថា បុគ្គលិក​ទាំង​ជាង ១​ពាន់​នាក់​នេះ គឺ​សុទ្ធសឹងតែ​ជា​ថ្នាក់​ដឹកនាំ និង​ជា​សមាជិក​សហជីព​ទាំងអស់។

ក្រោយ​ប្រកាស​បញ្ឈប់​បុគ្គលិក​ដោយ​រំលោភ​លើ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ ក៏​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​តែម្តង ប៉ុន្តែ​រហូត​មក​ទល់​ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ គឺ​មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ ហើយ​វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​សព្វថ្ងៃ​នេះ។

រហូត​ដល់​ពេលនេះ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ បាន​នាំគ្នា​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទទួលយក​ពួកគេ​ធ្វើ​ការងារ​វិញ ខណៈ​ថៅកែ​បនល្បែង​ស៊ីសង​មួយ​នេះ​នៅតែ​មិន​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ និង​នៅតែ​បន្ត​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថែម​ទៀត​ដដែល។

សព្វថ្ងៃ​នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដូចជា ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយ​ពេល​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​នា​ពេល​កន្លងមក។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បំបិទ​សេរីភាព​របស់​ពលរដ្ឋ​ដែល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស