28 C
Phnom Penh

អង្គការ​សង់ត្រាល់​ស្នើ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើក​កម្ពស់​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​ពលករ​ចំណាកស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើក​កម្ពស់​លើ​ប្រព័ន្ធ​គាំពារ​សង្គម ដល់​ពលករ​ចំណាកស្រុក និង​ពិនិត្យ​កំណត់​តម្លៃ​ឯកសារ និង​យន្តការ​ដោះស្រាយ​បណ្ដឹង​របស់​ពលករ​ឡើងវិញ។

នៅ​ក្នុង​ឱកាស​នៃ​ទិវា​ពលករ​ចំណាកស្រុក​អន្តរជាតិ​ថ្ងៃទី​១៨ ខែ​ធ្នូ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) បាន​ប្រារព្ធ​ទិវា​នេះ​ចំនួន ១៦​ទីតាំង​នៅ​ក្នុង​ខេត្ត​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់។

អង្គការ​សង់ត្រាល់​ថា​បញ្ហា​ប្រឈម​នានា រួម​មាន​ការ​ចំណាកស្រុក​ដោយ​ខុស​ច្បាប់ យន្តការ​នៃ​ការ​រាយការណ៍ និង​បណ្តឹង​តវ៉ា​របស់​ពលករ​នៅ​មាន​កម្រិត និង​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​មិន​ទាន់​បាន​គ្របដណ្ដប់​ដល់​អតីត​ពលករ​ចំណាកស្រុក​ត្រូវ​បាន​លើក​មក​ជជែក និង​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ពិចារណា​ក្នុង​ការ​ធ្វើ​គោលនយោបាយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​អង្គការ​សង់ត្រាល់ បាន​លើកឡើង​ថា បញ្ហា​ប្រឈម​ចំនួន​៣ ដែល​ពលករ​ចំណាកស្រុក​កម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ទី​មួយ តម្លៃ​ដំណើរការ​នៃ​ការ​ចំណាកស្រុក។ ពលករ​ចំណាកស្រុក​កម្ពុជា​ភាគច្រើន​មិន​អាច​ធ្វើ​ចំណាកស្រុក​តាម​ប្រព័ន្ធ MOU បាន​ឡើយ ដោយសារតែ​ត្រូវ​ចំណាយ​ពេលវេលា​រង់ចាំ​យូរ នីតិវិធី​ស្មុគស្មាញ និង​ការ​ចំណាយ​ខ្ពស់។ ហេតុ​ដូចនេះ ពលករ​នៅតែ​ជ្រើសរើស​ការ​ចំណាកស្រុក​តាមរយៈ​មេខ្យល់ ឬ​តាម​គ្រួសារ សាច់ញាតិ ជាជាង​ការ​ទៅ​តាម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ។

បញ្ហា​ប្រឈម​ទី​២ គឺ​យន្តការ​នៃ​ការ​រាយការណ៍ និង​បណ្តឹង​តវ៉ា​ពាក់ព័ន្ធ​នឹង​ករណី​ពលករ​នៅ​មាន​កម្រិត។ ពលករ​ខ្លះ ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ ហើយ​ថែម​ទាំង​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន។ លើស​ពី​នេះ ពលករ​តែង​រង​ពាក្យ​សម្ដី​មិន​សមរម្យ ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ថែម​ម៉ោង​ដោយ​គ្មាន​ប្រាក់​ឈ្នួល ឬ​គ្មាន​ការ​យល់ព្រម​ពី​សាមីខ្លួន និង​ការ​ដកហូត​ឯកសារ​របស់​ពលករ ជាដើម។ បញ្ហា​ទាំងនេះ ពលករ​ភាគច្រើន​មិន​បាន​យល់ដឹង​ពី​ការ​រាយការណ៍ ហើយ​ពួកគេ​យល់​ថា​គ្មាន​សិទ្ធិ​តវ៉ា ឬ​ស្វែងរក​កិច្ច​អន្តរាគមន៍ ព្រោះ​ហេតុផល​សញ្ជាតិ ឬ​ស្ថានភាព​ចំណាកស្រុក។

បញ្ហា​ប្រឈម​ទី​៣ គឺ​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​មិន​ទាន់​បាន​គ្របដណ្ដប់​ដល់​អតីត​ពលករ​ចំណាកស្រុក​នៅឡើយ។ នៅ​ឯ​ប្រទេស​គោលដៅ ពិសេស​ថៃ ពលករ​ចំណាកស្រុក និង​គ្រួសារ​របស់​ពួកគេ មិន​ទាន់​ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ និង​កិច្ច​គាំពារ​សង្គម​បាន​ពេញលេញ​នៅឡើយ។

ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​កិច្ច​គាំពារ​សង្គម​ក្នុង​ប្រទេស​គោលដៅ មិន​បាន​ដាក់​បញ្ចូល​ពលករ​ចំណាកស្រុក​គ្រប់​វិស័យ ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍ និង​កិច្ច​គាំពារ​សង្គម​បាន​ពេញលេញ ដោយសារ​ហេតុផល​សញ្ជាតិ ទម្រង់​នៃ​ការ​រើសអើង ស្ថានភាព​នៃ​ការ​ចំណាកស្រុក និង​វិស័យ​ការងារ ជាដើម។

ជាមួយ​គ្នា​នេះ​ដែរ អតីត​ពលករ​ចំណាកស្រុក​ដែល​វិល​ត្រឡប់​មក​វិញ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ពី​ការ​មិន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ ដោយ​ហេតុ​ថា​ពួកគេ​ធ្វើការ​ចំណាកស្រុក​រយៈពេល​យូរ មិន​ស្នាក់​នៅ​ផ្ទះ​ទៀងទាត់ បាត់​ឈ្មោះ​ពី​ទីកន្លែង​ស្នាក់នៅ ខ្វះខាត​ឯកសារ​ក្នុង​ការ​ចុះឈ្មោះ​ស្នើសុំ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ មិន​បាន​ដឹង​ពី​ព័ត៌មាន និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​ផ្តល់​ជូន​ប័ណ្ណ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន ជាដើម។

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ុន អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ​ចំនួន ៦​ចំណុច ដែល​ក្នុង​នោះ​មាន​ការ​ពង្រឹង​សេវា​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា និង​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​តាម​បណ្ដា​ប្រទេស​គោលដៅ ដើម្បី​ជួយ​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​អំឡុង​ពេល​បម្រើ​ការងារ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​នេះ ការ​បន្ត​ពង្រឹង​យន្តការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ការងារ​លើ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន ការ​ផ្ដល់​ការ​គាំទ្រ និង​ភាព​ងាយស្រួល​ជូន​ពលករ​ពេល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​តាមរយៈ​ការ​សម្របសម្រួល​បែបបទ​ឯកសារ​គាំពារ​តាម​ផ្លូវ​ច្បាប់ ការ​សង្គ្រោះ​ពេល​មាន​ហានិភ័យ និង​ការ​ជួប​សួរ​សុខទុក្ខ​ជា​ប្រចាំ ក៏​ក្រសួង​បាន​អនុវត្ត​យ៉ាង​យកចិត្ត​ទុកដាក់​ដែរ។

លោក កត្តា អ៊ុន អះអាង​ថា ក្រសួង​ការងារ​បាន​ជួយ​អន្តរាគមន៍​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ជាទូទៅ​របស់​ពលករ រួម​នឹង​ការ​ផ្ដល់​ជំនួយ​ជា​ថ្នាំ​ព្យាបាល ស្បៀងអាហារ​ដល់​ពលករ​ដែល​ជួប​ការ​លំបាក​នៅ​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​ជំងឺ​កូវីដ និង​ចំណុច​ចុងក្រោយ ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ធានា​ចល័តភាព​របប​សន្តិសុខ​សង្គម​ក្នុង​តំបន់​អាស៊ាន។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​អះអាង​ថា ក្រសួង​តែងតែ​ទទួលយក​សំណើ​នានា​របស់​សហជីព អង្គការ​សង្គម​ស៊ីវិល សមាគម មក​ពិចារណា​ក្នុង​គោលដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ និង​អត្ថប្រយោជន៍​នានា​របស់​កម្មករ​និយោជិត។ ក្រសួង​ស្វាគមន៍​រាល់​ការ​លើក​យក​ករណី​ជាក់ស្តែង មាន​អង្គហេតុ​ច្បាស់លាស់ មាន​ជនរងគ្រោះ​ពិតប្រាកដ​របស់​សហជីព ឬ​អង្គការ​សង្គម​ស៊ីវិល មក​ដាក់​លើ​តុ ដើម្បី​ជជែក​រក​ការពិត និង​ដំណោះស្រាយ ជាជាង​ធ្វើ​សកម្មភាព​សម្រាប់​តែ​ការ​សរសេរ​របាយការណ៍ តែ​មិន​ស្វែងរក​ដំណោះស្រាយ​ដល់​កម្មករ​និយោជិត។

គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា​មាន​ពលករ​ទេសន្តរប្រវេសន៍​ប្រមាណ ១,៣​លាន​នាក់ ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និង​ប្រទេស​មួយ​ចំនួន​ទៀត ក៏ប៉ុន្តែ​តួលេខ​ក្រៅ​ផ្លូវការ​ត្រូវ​គេ​ជឿ​ថា​មាន​ច្រើន​ជាង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស