មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុក និងពិនិត្យកំណត់តម្លៃឯកសារ និងយន្តការដោះស្រាយបណ្ដឹងរបស់ពលករឡើងវិញ។
នៅក្នុងឱកាសនៃទិវាពលករចំណាកស្រុកអន្តរជាតិថ្ងៃទី១៨ ខែធ្នូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានប្រារព្ធទិវានេះចំនួន ១៦ទីតាំងនៅក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។
អង្គការសង់ត្រាល់ថាបញ្ហាប្រឈមនានា រួមមានការចំណាកស្រុកដោយខុសច្បាប់ យន្តការនៃការរាយការណ៍ និងបណ្តឹងតវ៉ារបស់ពលករនៅមានកម្រិត និងវិសាលភាពនៃកិច្ចគាំពារសង្គមមិនទាន់បានគ្របដណ្ដប់ដល់អតីតពលករចំណាកស្រុកត្រូវបានលើកមកជជែក និងស្នើទៅរដ្ឋាភិបាលដើម្បីពិចារណាក្នុងការធ្វើគោលនយោបាយ។
នៅក្នុងសេចក្ដីថ្លែងការណ៍អង្គការសង់ត្រាល់ បានលើកឡើងថា បញ្ហាប្រឈមចំនួន៣ ដែលពលករចំណាកស្រុកកម្ពុជាកំពុងជួបប្រទះបញ្ហាប្រឈមទីមួយ តម្លៃដំណើរការនៃការចំណាកស្រុក។ ពលករចំណាកស្រុកកម្ពុជាភាគច្រើនមិនអាចធ្វើចំណាកស្រុកតាមប្រព័ន្ធ MOU បានឡើយ ដោយសារតែត្រូវចំណាយពេលវេលារង់ចាំយូរ នីតិវិធីស្មុគស្មាញ និងការចំណាយខ្ពស់។ ហេតុដូចនេះ ពលករនៅតែជ្រើសរើសការចំណាកស្រុកតាមរយៈមេខ្យល់ ឬតាមគ្រួសារ សាច់ញាតិ ជាជាងការទៅតាមទីភ្នាក់ងារជ្រើសរើសពលករ។
បញ្ហាប្រឈមទី២ គឺយន្តការនៃការរាយការណ៍ និងបណ្តឹងតវ៉ាពាក់ព័ន្ធនឹងករណីពលករនៅមានកម្រិត។ ពលករខ្លះ ត្រូវបានថៅកែកេងប្រវ័ញ្ច ដោយមិនបានបើកប្រាក់ឈ្នួលឱ្យ ហើយថែមទាំងបញ្ឈប់ពីការងារដោយគ្មានការជូនដំណឹងជាមុន។ លើសពីនេះ ពលករតែងរងពាក្យសម្ដីមិនសមរម្យ ការបង្ខំឱ្យធ្វើការងារថែមម៉ោងដោយគ្មានប្រាក់ឈ្នួល ឬគ្មានការយល់ព្រមពីសាមីខ្លួន និងការដកហូតឯកសាររបស់ពលករ ជាដើម។ បញ្ហាទាំងនេះ ពលករភាគច្រើនមិនបានយល់ដឹងពីការរាយការណ៍ ហើយពួកគេយល់ថាគ្មានសិទ្ធិតវ៉ា ឬស្វែងរកកិច្ចអន្តរាគមន៍ ព្រោះហេតុផលសញ្ជាតិ ឬស្ថានភាពចំណាកស្រុក។
បញ្ហាប្រឈមទី៣ គឺវិសាលភាពនៃកិច្ចគាំពារសង្គមមិនទាន់បានគ្របដណ្ដប់ដល់អតីតពលករចំណាកស្រុកនៅឡើយ។ នៅឯប្រទេសគោលដៅ ពិសេសថៃ ពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេ មិនទាន់ទទួលបាននូវការការពារសិទ្ធិ និងកិច្ចគាំពារសង្គមបានពេញលេញនៅឡើយ។
ច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីកិច្ចគាំពារសង្គមក្នុងប្រទេសគោលដៅ មិនបានដាក់បញ្ចូលពលករចំណាកស្រុកគ្រប់វិស័យ ក្នុងការទទួលបានអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមបានពេញលេញ ដោយសារហេតុផលសញ្ជាតិ ទម្រង់នៃការរើសអើង ស្ថានភាពនៃការចំណាកស្រុក និងវិស័យការងារ ជាដើម។
ជាមួយគ្នានេះដែរ អតីតពលករចំណាកស្រុកដែលវិលត្រឡប់មកវិញជួបប្រទះបញ្ហាប្រឈមពីការមិនទទួលបានប័ណ្ណក្រីក្រ ដោយហេតុថាពួកគេធ្វើការចំណាកស្រុករយៈពេលយូរ មិនស្នាក់នៅផ្ទះទៀងទាត់ បាត់ឈ្មោះពីទីកន្លែងស្នាក់នៅ ខ្វះខាតឯកសារក្នុងការចុះឈ្មោះស្នើសុំកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ មិនបានដឹងពីព័ត៌មាន និងភាពមិនប្រក្រតីមួយចំនួនក្នុងការផ្តល់ជូនប័ណ្ណក្រីក្រនៅក្នុងមូលដ្ឋាន ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ុន អះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងបានប្រឹងប្រែងធ្វើការងារនេះចំនួន ៦ចំណុច ដែលក្នុងនោះមានការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅ ដើម្បីជួយបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរអំឡុងពេលបម្រើការងារ។
ប្រភពដដែលបានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះ ការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារលើទីភ្នាក់ងារជ្រើសរើសពលករឯកជន ការផ្ដល់ការគាំទ្រ និងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារគាំពារតាមផ្លូវច្បាប់ ការសង្គ្រោះពេលមានហានិភ័យ និងការជួបសួរសុខទុក្ខជាប្រចាំ ក៏ក្រសួងបានអនុវត្តយ៉ាងយកចិត្តទុកដាក់ដែរ។
លោក កត្តា អ៊ុន អះអាងថា ក្រសួងការងារបានជួយអន្តរាគមន៍សម្របសម្រួល និងដោះស្រាយបញ្ហាជាទូទៅរបស់ពលករ រួមនឹងការផ្ដល់ជំនួយជាថ្នាំព្យាបាល ស្បៀងអាហារដល់ពលករដែលជួបការលំបាកនៅក្នុងប្រទេសថៃ អំឡុងពេលជំងឺកូវីដ និងចំណុចចុងក្រោយ ការផ្ដួចផ្ដើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។
អ្នកនាំពាក្យក្រសួងការងារអះអាងថា ក្រសួងតែងតែទទួលយកសំណើនានារបស់សហជីព អង្គការសង្គមស៊ីវិល សមាគម មកពិចារណាក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត។ ក្រសួងស្វាគមន៍រាល់ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដរបស់សហជីព ឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ដើម្បីជជែករកការពិត និងដំណោះស្រាយ ជាជាងធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត។
គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានពលករទេសន្តរប្រវេសន៍ប្រមាណ ១,៣លាននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសមួយចំនួន ដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ក៏ប៉ុន្តែតួលេខក្រៅផ្លូវការត្រូវគេជឿថាមានច្រើនជាងនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

