32 C
Phnom Penh

ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​នៅ​ក្រៅ​ប្រទេស ៣០០​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​រឹបអូស​ក្រោម​ច្បាប់​ថ្មី​របស់​ក្រុម​ប្រទេស G-7

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 គ្រោង​ពិភាក្សា​គ្នា​អំពី​ច្បាប់​ថ្មី​មួយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ទំហំ ៣០០​ពាន់​លាន​ដុល្លារ ដែល​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​បង្កក​ក្រោម​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​មូស្គូ ដែល​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន។

តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​ធ្នូ មេដឹកនាំ​ប្រទេស G-7 នឹង​ជួប​គ្នា​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។

តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក និង​អង់គ្លេស បាន​ខិតខំ​ធ្វើការ​រួម​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ ដើម្បី​ឈាន​ដល់​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កក​នៅ​ក្នុង​ប្រទេស​នានា​នៅ​អឺរ៉ុប រួម​ទាំង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ជប៉ុន និង​កាណាដា។

គេ​រំពឹង​ថា មេដឹកនាំ G-7 អាច​ព្រមព្រៀង​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ហើយ​ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​វិធានការ​ច្បាប់​រឹបអូស​ទ្រព្យសម្បត្តិ​ប្រទេស​ណា​ដែល​ធ្វើ​សង្គ្រាម​ឈ្លានពាន​ដោយ​ខុស​ច្បាប់​ទៅ​លើ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព។

តាម​ស្មារតី​ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រទេស​រុស្ស៊ី ដោយ​ផ្អែក​លើ​កាលៈទេសៈ​ជាក់ស្ដែង​ដូច​សព្វថ្ងៃ​នេះ ដែល​ប្រទេស​នេះ​ធ្វើ​សកម្មភាព​កងទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

សហរដ្ឋ​អាមេរិក​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ដែល​ទទួល​ការ​គាំទ្រ​ពី​ចក្រភព​អង់គ្លេស ជប៉ុន និង​កាណាដា បាន​ស្នើ​ឲ្យ​ក្រុម​ការងារ G-7 បង្កើត​លក្ខខណ្ឌ​ច្បាប់​ត្រឹមត្រូវ​មួយ​អំពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី។

កាលពី​សប្ដាហ៍​កន្លង​មក​នេះ សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ឱ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រទេស​រុស្ស៊ី ដែល​មាន​នៅ​ក្នុង​អឺរ៉ុប ហើយ​នឹង​ផ្ទេរ​ទ្រព្យសម្បតិ្ត​ទាំងនោះ​ទៅ​ជា​ហិរញ្ញវត្ថុ​ដើម្បី​ប្រគល់​ឱ្យ​ទៅ​ប្រទេស​អ៊ុយក្រែន ដែល​គេ​ថា​ជា​ការ​ជួយ​សេដ្ឋកិច្ច​អ៊ុយក្រែន ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

តែ​ចំពោះ​វិធានការ​របស់​ក្រុម​ប្រទេស G-7 ដែល​ជា​ផែនការ​របស់​អាមេរិក ធ្វើឡើង​ចំ​ពេល​ដែល​រដ្ឋការ​របស់​ប្រធានាធិបតី លោក ចូ បៃដិន កំពុង​ប្រឈម​នឹង​ការ​ជំទាស់​ពី​គណបក្ស​សាធារណរដ្ឋ​ជុំវិញ​សំណើ​សុំ​កញ្ចប់​ជំនួយ​ជាង ៦០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​កំពុង​ជាប់​គាំង​នៅ​ព្រឹទ្ធសភា ដែល​នាំ​ឱ្យ​ក្រុម​មន្ត្រី​សេតវិមាន​ព្រមាន​អំពី​ផលវិបាក​របស់​អ៊ុយក្រែន ដែល​ខ្វះ​គ្រាប់​កាំភ្លើង និង​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​យ៉ាង​ខ្លាំង។

ចំពោះ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី អ្នកស្រី Maria Zakharova ព្រមាន​ថា​នឹង​សងសឹក បើ​ពួក​បស្ចិម​ប្រទេស​ហ៊ាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស។ អ្នកស្រី​ព្រមាន​ថា ទ្រព្យសម្បត្តិ​របស់​ពួក​បស្ចិម​ប្រទេស​នៅ​លើ​ទឹកដី​រុស្ស៊ី ក៏​នឹង​ត្រូវ​រឹបអូស​ផង​ដែរ។ មិន​តែប៉ុណ្ណោះ អ្នកស្រី​ព្រមាន​ថា រុស្ស៊ី​នឹង​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទាំងអស់​នោះ​ទៀត​ផង។

ជាមួយ​នឹង​ស្ថានភាព​កាន់តែ​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម​ពី​ក្រុម​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស ហើយ​ស្រប​ពេល​ធនាគារ​ពិភពលោក​ព្រមាន​ថា ក្នុង​ឆ្នាំ​២០២៤ នេះ សេដ្ឋកិច្ច​អាច​នឹង​ដើរ​ដល់​ស្ថានភាព​ដុនដាប​កាន់តែ​ធ្ងន់ធ្ងរ ប្រជាជន​រុស្ស៊ី​ជាង ៧៤% បាន​ទាមទារ​ឱ្យ​លោក ពូទីន បិទ​បញ្ចប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ក្នុង​សភាព​បែប​នេះ ក្រុម​អ្នក​ជាតិ​និយម​រុស្ស៊ី ចាប់ផ្ដើម​បន្ទោស​លោក ពូទីន ដែល​បរាជ័យ​មិន​អាច​វាយ​ចូល​រដ្ឋធានី​គៀវ ហើយ​ជាពិសេស​មិន​អាច​វាយ​ផ្ដួល​រំលំ​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី គឺ​មិន​ដូច​អ្វី​ដែល​វិមាន​ក្រឹមឡាំង​អួត​ថា រយៈពេល​យ៉ាង​យូរ ១០​ថ្ងៃ វាយ​យក​បាន​ក្រុង​គៀវ។

គេ​នៅ​ចាំ​បាន​ថា នៅ​មុន​សង្គ្រាម​រុស្ស៊ី​បង្ក​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល Levada ក្រុង​មូស្គូ បាន​រក​ឃើញ​ការ​គាំទ្រ​លោក ពូទីន ដែល​លើក​ទ័ព​វាយ​ចូល​អ៊ុយក្រែន មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី មាន​ជិត ៦០%។ តែ​ក្រោយ​មក​ទៀត នៅ​ពេល​រុស្ស៊ី​បាក់​ទ័ព​ផ្ទួនៗ​ក្នុង​ឆ្នាំ​២០២២ អ្នកគាំទ្រ​សង្គ្រាម​របស់​លោក ពូទីន ចាប់ផ្ដើម​ធ្លាក់​ចុះ​ជា​លំដាប់ រហូត​នៅ​សល់​ជិត ៤០% ប៉ុណ្ណោះ។

ជា​ថ្មី​ម្ដង​ទៀត កាលពី​ចុង​ខែ​វិច្ឆិកា មជ្ឈមណ្ឌល Levada ក្រុង​មូស្គូ បាន​ធ្វើ​ការ​ស្ទង់មតិ​ឡើងវិញ​ដោយ​រក​ឃើញ​ថា ការ​គាំទ្រ​សង្គ្រាម​របស់​លោក ពូទីន នៅ​លើ​ទឹកដី​អ៊ុយក្រែន ធ្លាក់​មក​ដល់​ក្រោម ៣០%។ តាម​ការ​ស្ទង់មតិ​នេះ អ្នក​ដែល​ឆ្លើយ​ថា​សង្គ្រាម​គួរតែ​បិទ​បញ្ចប់​មាន​ជិត ៦០% ហើយ ៧៤% ឆ្លើយ​ដោយ​ភាព​ច្បាស់លាស់​ថា បើ​លោក ពូទីន ធ្វើ​សង្គ្រាម​មិន​ឈ្នះ​អ៊ុយក្រែន​ទេ គឺ​ត្រូវតែ​បញ្ចប់​សង្គ្រាម។

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ចូល​ដល់​ខែ​ទី​២២ នេះ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ៣២​ម៉ឺន​នាក់។ នេះ​បើ​តាម​ភ្នាក់ងារ​ចារកម្ម​សហរដ្ឋ​អាមេរិក CIA។ តែ​សម្រាប់​លោក ពូទីន បាន​ថ្លែង​ថា លោក​ចង់​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ តែ​លោក​ថា អ៊ុយក្រែន និង​លោក​ខាងលិច​ត្រូវ​ទទួល​លក្ខខណ្ឌ​របស់​រុស្ស៊ី។ ករណី​នេះ លោក ហ្សេឡេនស្គី ប្រកាស​ច្រានចោល​ដោយ​ទាមទារ​ថា រុស្ស៊ី​ទេ​ត្រូវ​ទទួល​លក្ខខណ្ឌ​របស់​អ៊ុយក្រែន គឺ​ការ​ដក​ទ័ព​រុស្ស៊ី​ទាំងស្រុង​ចេញពី​ប្រទេស​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស