30 C
Phnom Penh

ក្រុម​សង្កេតការណ៍​ថា​ការ​វាយប្រហារ​លោក ស្រ៊ុន ស្រ៊ន ជា​រូបភាព​គំរាមកំហែង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សកម្មភាព​លប​វាយប្រហារ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន គឺជា​រូបភាព​នៃ​ការ​គំរាមកំហែង​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ប្រសិនបើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ មិន​មាន​វិធានការ​ស៊ើបអង្កេត​វែក​មុខ​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ទេ​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មករា នេះ​ថា ដើម្បី​រក​យុត្តិធម៌ លោក ស្រ៊ុន ស្រ៊ន ត្រូវតែ​ប្តឹង​ទៅ​ស្ថានទូត​ខ្មែរ និង​អង្គកុងស៊ុល​ខ្មែរ​ក្នុង​ប្រទេស​ថៃ ជាដើម ឱ្យ​ពួកគេ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​វែក​មុខ​ជន​ដៃ​ដល់​ក្នុង​រឿង​នេះ ប៉ុន្តែ​បើ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​មិន​អើពើ​រឿង​នេះ នោះ​មាន​ន័យ​ថា ការ​លប​វាយប្រហារ​នេះ​គឺ​ច្បាស់​ណាស់​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ជាពិសេស​គឺ​គំរាមកំហែង​ទៅ​លើ​សកម្មភាព​របស់​សកម្មជន​សង្គម​តែម្តង។

លោក សេក សុជាតិ ជឿជាក់​ថា ប្រសិនបើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ប្តឹង​ទៅ​អាជ្ញាធរ​ថៃ ឱ្យ​ស៊ើបអង្កេត​រឿង​នេះ ច្បាស់​ជា​អាជ្ញាធរ​ថៃ មាន​វិធានការ​ជាមិនខាន ព្រោះ​ថា​រដ្ឋាភិបាល​ថៃ ក៏​មិន​ចង់​ឱ្យ​ទង្វើ​ទុច្ចរិត​រំលោភ​ច្បាប់​នានា​កើត​មាន​ក្នុង​ប្រទេស​ទៅ​លើ​ភ្ញៀវ​ទេសចរ​របស់​គេ​ដែរ ជាពិសេស​ការ​ស៊ើបអង្កេត​នេះ​ក៏​នឹង​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា ជន​ដៃ​ដល់​ដែល​បាន​លប​វាយប្រហារ​លោក ស្រ៊ុន ស្រ៊ន នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ជា​ជនជាតិ​ថៃ ហើយ​គេ​ធ្វើ​ទង្វើ​បែប​នេះ​ក្នុង​គោលបំណង​អ្វី។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ការ​ស៊ើបអង្កេត​នោះ​បាន​រក​ឃើញ​ជន​ដៃ​ដល់​ថា​ជា​ជនជាតិ​ថៃ នោះ​អាជ្ញាធរ​ក៏​ងាយស្រួល​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែរ ប៉ុន្តែ​បើ​ការ​ស៊ើបអង្កេត​នោះ​រក​ឃើញ​ថា​ជា​ជនជាតិ​ខ្មែរ នោះ​ក៏​ត្រូវ​ដឹង​ពី​គោលបំណង​ពិតប្រាកដ​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​ទង្វើ​បែប​នេះ​ដែរ។ ជាង​នេះ​ទៀត ការ​វែក​មុខ​ជន​ដៃ​ដល់​បែប​នេះ ក៏​ដើម្បី​ចៀសវាង​នូវ​ការ​ចោទប្រកាន់​ណា​មួយ​ថា​មាន​បញ្ជា​ពីក្រោយ​ខ្នង​ពី​សំណាក់​មន្ត្រី​បក្ស​កាន់​អំណាច​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម​មួយ​រូប​ត្រូវ​បាន​ជន​ដៃ​ដល់​លប​វាយប្រហារ​ក្នុង​ទឹកដី​ប្រទេស​ថៃ កាលពី​យប់​ឆ្លង​ឆ្នាំ​ថ្មី​កន្លង​ទៅ​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​ពីក្រោយ​ខ្នង​ពេល​ដែល​លោក​កំពុង​ផ្សាយ​ផ្ទាល់​បកស្រាយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​បរិវេណ​វត្ត​ពោនសាង ខេត្ត​សមុទ្រប្រាកាន ប្រទេស​ថៃ បណ្តាល​ឱ្យ​របួស​ចំ​ក្បាល​ហូរ​ឈាម​ស្រោច​លើ​ដងខ្លួន ក្នុង​នោះ លោក ស្រ៊ុន ស្រ៊ន ក៏​បាន​ប្រាប់​អាជ្ញាធរ​ថៃ ដែរ​ថា ជន​ដែល​លប​វាយ​រូបលោក​នោះ​មាន​កាំភ្លើង​ក្នុង​ដៃ​ផង​ដែរ ប៉ុន្តែ​លោក​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ។

យ៉ាងណាក៏ដោយ ក្រោយ​ការ​លប​វាយប្រហារ​លើ​រូបលោក ស្រ៊ុន ស្រ៊ន នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​កម្ពុជា​បកស្រាយ ឬ​ដាក់​ចេញ​នូវ​វិធានការ​ណា​មួយ​នៅឡើយ​ចំពោះ​ករណី​នៃ​ការ​លប​វាយប្រហារ​នេះ។

លោក ស្រ៊ុន ស្រ៊ន គឺជា​សកម្មជន​សង្គម​ដែល​ធ្វើការ​ផ្សព្វផ្សាយ និង​បកស្រាយ​ខ្លឹមសារ​នានា​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ក្រោម​សកម្មភាព​បណ្តុះបណ្តាល​នេះ លោក​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព ដូចជា​ពី​អាជ្ញាធរ​ខ្មែរ​ផង ពី​អាជ្ញាធរ​វៀតណាម​ផង និង​ពី​ការ​លប​វាយប្រហារ​នៅ​ពេលនេះ ជាដើម ផង​ដែរ។

ជាក់ស្តែង លោក ស្រ៊ុន ស្រ៊ន និង​សហការី​របស់​លោក ៣​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ក្រចេះ ឃាត់​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ម្តង​ដែរ តែ​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​ផ្ដិត​ស្នាម​មេដៃ​ជុំវិញ​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​លោក កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ អាជ្ញាធរ​វៀតណាម ក៏​ធ្លាប់​បាន​បដិសេធ​មិន​អនុញ្ញាត​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២​រូប គឺ​លោក ស្រ៊ុន ស្រ៊ន និង​សហការី​របស់​លោក ទៅ​ចូលរួម​កម្មវិធី​កាន់បិណ្ឌ​នៅ​ខេត្ត​ព្រះត្រពាំង ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ដែរ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​បាន​ផ្តល់​ការ​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​បាន​បកស្រាយ​ចំពោះ​ករណី​នេះ​ដូច​គ្នា​ដែរ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ចំណែក​មាត្រា​៣៨ ក៏​បាន​ចែង​យ៉ាង​ច្បាស់​ដែរ​ថា ច្បាប់​រ៉ាប់រង​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ​បុគ្គល​ណា​មួយ​ឡើយ។ ច្បាប់​ការពារ​ជីវិត កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិន​បាន​ធានា​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ក្នុង​នោះ​គេ​រក​ឃើញ​ដែរ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​ចំណែក​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​រយៈពេល​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស