30 C
Phnom Penh

មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​បក្ស​នេះ​នឹង​មិន​ងាយ​បែកបាក់​គ្នា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា ការ​ចង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​គណបក្ស​ភ្លើង​ទៀន ជាមួយ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ ផ្សេង​ទៀត គឺ​ពិត​ជា​សមស្រប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​សម្ព័ន្ធភាព​នេះ​ក៏​មាន​ការ​សហការ​គ្នា​បាន​ល្អ​ដែរ ក្នុង​គោលដៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ដំណើរ​រួបរួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​សម្ព័ន្ធភាព​នេះ នឹង​អនុវត្ត​តាម​គោលការណ៍​រួម​គ្នា​តែ​មួយ គឺ​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ជាដើម ដូច្នេះ​នៅ​ពេល​ដែល​គណបក្ស​ក្នុង​សម្ព័ន្ធ​ទាំងនេះ​ឯកភាព​គ្នា​ក្នុង​ការ​អនុវត្ត​គោលការណ៍​រួម​នេះ​ហើយ​នោះ គឺ​មាន​ន័យ​ថា សម្ព័ន្ធភាព​នេះ​នឹង​មាន​ភាព​រឹងមាំ​យ៉ាង​ពិតប្រាកដ។

លោក ស៊ុន ឆ័យ លើកឡើង​ថា បើ​ទោះបីជា​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង ៤ នេះ​អាច​រៀបចំ​ចងក្រង​កម្លាំង​នយោបាយ និង​អ្នកគាំទ្រ​បាន​ច្រើន និង​លឿន​កម្រិត​ណា​ក៏ដោយ ក៏​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ផ្នែក​ធំ​ដែរ ព្រោះ​ថា​បើ​គណបក្ស​កាន់​អំណាច​មិន​មាន​ចេតនា​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស ឬ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទេ នោះ​ដំណើរការ​នៃ​សម្ព័ន្ធភាព​នេះ​អាច​នឹង​មាន​ឧបសគ្គ​ខ្លះ​ដែរ ដែល​ជា​កត្តា​នាំ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​ខ្លួន​ផង​ដែរ។

លោក សុន ឆ័យ បញ្ជាក់​ថា ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ភ្លើង​ទៀន ជាមួយ​នឹង​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត​ក្នុង​ការ​រួបរួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ក្នុង​កាលៈទេសៈ​នយោបាយ​របស់​ប្រទេស​កម្ពុជា​នៅ​ពេលនេះ ព្រោះ​ថា​ស្ថាប័ន​ជាតិ​ទាំងអស់​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ទាំងអស់​ទៅ​ហើយ ដូច្នេះ​គណបក្ស​ដែល​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិន​អាច​ធ្វើ​នយោបាយ​តទល់​នឹង​បក្ស​កាន់​អំណាច​ដោយ​ឯកឯង​បាន​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជាច្រើន​ជុំវិញ​សកម្មភាព​គណបក្ស​ភ្លើង​ទៀន ទាក់ទិន​នឹង​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​នា​ពេល​កន្លង​មក​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ក្នុង​កម្មវិធី​ជជែក​ដេញដោល​នេះ​ថា ការ​ចង​សម្ព័ន្ធ​រវាង​គណបក្ស​ភ្លើង​ទៀន ជាមួយ​គណបក្ស ៣ ផ្សេង​ទៀត​នៅ​ពេលនេះ មិនមែន​ដើម្បី​ប្រជាធិបតេយ្យ ឬ​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​អ្វី​នោះ​ទេ គ្រាន់តែ​ដើម្បី​រក​វិធី​ដោះ​ខ្លួន​ពី​ភាព​ទាល់ច្រក​របស់​គណបក្ស​ភ្លើង​ទៀន​ខ្លួនឯង ដែល​ត្រូវ​បាន​រារាំង​ពី​កត្តា​ផ្លូវច្បាប់​រហូត​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន ដោយសារតែ​គណបក្ស​នេះ​គ្មាន​សំបុត្រ​កំណើត​ប៉ុណ្ណោះ។

បណ្ឌិត សេង សារី បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​លោក​មើល​មិន​ឃើញ​ថា គ្មាន​គណបក្ស​ណា​មួយ​អាច​ជា​កន្លែង​កក់ក្តៅ​សម្រាប់​អ្នក​ចូលរួម​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅឡើយ​ទេ ចំណែក​សម្ព័ន្ធភាព​របស់​គណបក្ស​ទាំង ៤ នេះ ក៏​អាច​នឹង​ឈាន​ដល់​ការ​បែកបាក់​នៅ​ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ​នេះ​ដែរ។ លើស​ពី​នេះ​ទៀត មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន​ខ្លះ ក៏​អាច​នឹង​រំលាយ​បក្ស​ខ្លួនឯង រួច​ហើយ​នាំគ្នា​រត់​ទៅ​ជ្រក​ក្រោម​គណបក្ស​នយោបាយ​ផ្សេង​ថែម​ទៀត​ផង។

យ៉ាងណា​ក៏ដោយ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នេះ​ដែរ​ថា ជម្រើស​ល្អ​តែ​មួយ​គត់​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ក្នុង​កាលៈទេសៈ​នេះ គ្មាន​អ្វី​ក្រៅពី​ស្វែងរក​ការ​ចង​សម្ព័ន្ធ​រវាង​គ្នា​និង​គ្នា​នោះ​ទេ។ ធ្វើ​បែប​នេះ គឺ​ដើម្បី​ចៀសវាង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់​អំណាច ព្រោះ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​គាបសង្កត់​គណបក្ស​ណា​មួយ​ក្នុង​សម្ព័ន្ធ​នេះ ក៏​មិន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្លាំង​គាំទ្រ​របស់​កម្លាំង​រួម​ដែល​គណបក្ស​ទាំងនោះ​បាន​ចង​សម្ព័ន្ធ​នឹង​គ្នា​រួច​ហើយ​នេះ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា ការ​ចង​សម្ព័ន្ធ​នឹង​គ្នា​នេះ ពិត​មែន​ថា​មាន​ភាព​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​មិន​មែន​ឥត​ប្រយោជន៍​ទេ ក្នុង​នោះ​ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ការ​ស្វែងរក​កម្លាំង​រួបរួម​សម្រាប់​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ដែរ។ ផ្ទុយទៅវិញ ប្រសិនបើ​គណបក្ស​ណា​មួយ​ព្យាយាម​ធ្វើ​នយោបាយ​តែ​ម្នាក់​ឯង​រហូត​មាន​កម្លាំង​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច គណបក្ស​នោះ​ច្បាស់​ជា​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​រហូត​ឈាន​ដល់​ការ​រំលាយ​ជាក់​ជាមិនខាន។

កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ គណបក្ស​ចំនួន ៤ បាន​ធ្វើ​ពិធី​បង្កើត​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដូចជា គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​កម្លាំង​ទាំងនេះ​បែកខ្ញែក​គ្នា​នា​ពេល​កន្លងមក។

ក្រោយ​កម្មវិធី​ចុះហត្ថលេខា​ចង​សម្ព័ន្ធភាព គណបក្ស​ទាំង ៤ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ដោយ​បញ្ជាក់​ថា សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​សម្រាប់​ជា​ការ​ជំរុញ និង​លើក​ទឹកចិត្ត ព្រមទាំង​ជា​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាជាតិ​ខ្មែរ​នា​ពេល​អនាគត​ដ៏​រឹងមាំ ហើយ​សម្ព័ន្ធភាព​នេះ​នឹង​បើក​ចំហ​សម្រាប់​ការ​ចូលរួម​ពី​គ្រប់​និន្នាការ​នយោបាយ និង​គណបក្ស​នយោបាយ​ទាំងអស់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស