រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បង្គាប់ឱ្យតុលាការបង្ហាញសេចក្ដីប្រកាសពីដំណើរការក្ដីលើសំណុំរឿងគ្រឿងញៀន ដើម្បីតម្លាភាព និងពន្លឿនការដោះស្រាយរឿងក្តី និងភាពមិនប្រក្រតីនៅតាមតុលាការ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញការត្រួតពិនិត្យ និងពន្លឿនការដោះស្រាយរឿងក្តី និងភាពមិនប្រក្រតីនៅតាមតុលាការ នាទីស្ដីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែមករា លោក កើត រិទ្ធ អះអាងថា ជាវិធានការនិងគោលការណ៍ តុលាការត្រូវបង្ហាញសេចក្ដីប្រកាសពីដំណើរការក្ដីលើសំណុំរឿងគ្រឿងញៀន ឱ្យសាធារណជនបានដឹង ទាំងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជម្រះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះព្រមានថា បញ្ហាគ្រឿងញៀនជាបញ្ហាចម្បង ព្រោះវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រជាជន និងសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបំផ្លាញធនធានមនុស្សនៅកម្ពុជាទៀតផង។
លោកបន្តថា សំណុំរឿងគ្រឿងញៀនមានច្រើន ប៉ុន្តែក្រសួងនឹងសម្រេចជារួមថា នឹងកំណត់យកសំណុំរឿងគ្រឿងញៀនក្នុងកម្រិតណាមួយ ឬចំនួនប៉ុន្មាន មកបង្ហាញជាសាធារណៈ។ ពេលសំណុំរឿងគ្រឿងញៀនទៅដល់ព្រះរាជអាជ្ញា ចាប់ផ្ដើមចោទប្រកាន់ នឹងស្នើឱ្យមានសេចក្តីប្រកាសព័ត៌មានមួយពីរឿងក្ដីនោះ ដើម្បីពិនិត្យ និងបង្ហាញតម្លាភាព។
លោក កើត រិទ្ធ អះអាងថា លុះដល់ដំណាក់កាលជំនុំជម្រះ ត្រូវតែបង្ហាញជាសាធារណៈពីការកាត់ក្តីដាក់ពន្ធនាគារប៉ុន្មានឆ្នាំ? ដោយសារអ្វី? សម្រេចឱ្យរួចខ្លួនប៉ុន្មាននាក់? រួមទាំងមូលហេតុផងដែរ។ ការបង្ហាញសំណុំរឿងគ្រឿងញៀននេះ ក៏មានការឯកភាពជាមួយអាជ្ញាធរជាតិ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៉ាវ ហម ផាន អះអាងកន្លងមកថា ជនជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀនមានជាង ៥៤% នៃជនជាប់ឃុំសរុប បង្កឲ្យមានការព្រួយបារម្ភអំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាពនៅតាមពន្ធនាគារ។
លោកបន្តថា បញ្ហាប្រឈមចម្បងបំផុតដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ គឺភាពចង្អៀតណែនដោយសារការកើនឡើងនៃជនជាប់ឃុំ ដោយសារភាពយឺតយ៉ាវនៃចំណាត់ការរបស់តុលាការ។ ជាក់ស្តែង ក្នុងចំណោមជនជាប់ឃុំជាង ៣៧០០០នាក់ មានជនជាប់ឃុំមានសាលក្រម និងសាលដីកាតុលាការចំនួនត្រឹមជាង ១១០០០នាក់ប៉ុណ្ណោះ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វិរិទ្ធ ធ្លាប់លើកឡើងកន្លងមកថា អ្នកប្រើប្រាស់គ្រឿងញៀននាពេលបច្ចុប្បន្នមានចំនួនជាង ២ម៉ឺននាក់ដែលកំណត់បានដោយអាជ្ញាធរ ដែលភាគច្រើនអាយុចន្លោះពី ១៨ឆ្នាំទៅ ៣៥ឆ្នាំ។
ចំណែកមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានចំនួន ៤៧២កន្លែង រួមមាន មជ្ឈមណ្ឌលបណ្ដោះអាសន្នរដ្ឋ ឯកជន និងអង្គការ កន្លែងផ្តល់សេវាសុខាភិបាលតាមមូលដ្ឋាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ក្រុង-ស្រុក និងមណ្ឌលសុខភាព។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា លោកស្វាគមន៍ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលឱ្យតុលាការបង្ហាញសេចក្ដីប្រកាសពីដំណើរការក្ដីលើសំណុំរឿងគ្រឿងញៀន ពីព្រោះវាបានបង្ហាញទៅសាធារណៈឲ្យបានដឹងអំពីតម្លាភាពនៃការដោះស្រាយរឿងក្តីនៅតុលាការ។
លោកបានថ្លែងថា កន្លងមក លោកតែងទទួលព័ត៌មានអំពីអ្នកដែលជួញដូរគ្រឿងញៀនត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារ ប៉ុន្តែពួកគេបែរជាមានសេរីភាពតាមរយៈការអះអាងរបស់ពេទ្យថាត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ស្របពេលដែលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ត្រូវបានជាប់ឃុំចង្អៀតណែននៅក្នុងពន្ធនាគារ។
ប្រភពដដែលបានលើកឡើងថា លោកទទូចទៅដល់តុលាការធ្វើយ៉ាងណាជំរុញដោះស្រាយករណីជនជាប់ឃុំដោយសារការប្រើប្រាស់គ្រឿងញៀនឲ្យបានលឿន ដើម្បីបញ្ចៀសភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
ចាប់តាំងពីឆ្នាំ២០១៧ មក ចំនួនគ្រឿងញៀនដែលអាជ្ញាធររឹបអូសបាន បានកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀន ២៩៦គីឡូក្រាម ឆ្នាំ២០១៨ ចាប់បាន ៤៧២,៥៣គីឡូក្រាម ឆ្នាំ២០១៩ ចាប់បាន ៧៥០គីឡូក្រាម ឆ្នាំ២០២០ ចាប់យកបាន ៣៨៧៦គីឡូក្រាម ឆ្នាំ២០២១ ចាប់យកបាន ៤៦៨៩គីឡូក្រាម និងឆ្នាំ២០២២ ចាប់យកបានចំនួន ១៤៩១៩គីឡូក្រាម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

