មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្ស ចាត់ទុកការឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដោយគ្មានដីកាតុលាការ និងមិនបង្ហាញឲ្យសាច់ញាតិដឹងពីមូលហេតុជាក់លាក់នៃការឃាត់ខ្លួននោះ គឺជាការអនុវត្តតួនាទីផ្ទុយពីក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាដែលបានចែង។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ការឃាត់ខ្លួនជនណាម្នាក់ដោយគ្មានដីកាឃាត់ខ្លួន និងមិនបង្ហាញឲ្យសាច់ញាតិដឹងពីមូលហេតុពិតប្រាកដនៃការឃាត់ខ្លួននោះ គឺជាការអនុវត្តផ្ទុយពីក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាដែលបានចែងទាំងស្រុង ដែលជាសកម្មភាពមួយធ្វើឱ្យប្រជាពលរដ្ឋមើលឃើញថាជាទង្វើរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា ការឃាត់ខ្លួនបុគ្គលណាម្នាក់ ទោះបុគ្គលរូបនោះជាពលរដ្ឋសាមញ្ញទូទៅ ឬជាសកម្មជននយោបាយ ឬជាសកម្មជនសង្គមនានាក៏ដោយ សមត្ថកិច្ចមានកាតព្វកិច្ចអនុវត្តតួនាទីរបស់ខ្លួនឱ្យទៅតាមខ្លឹមសារច្បាប់ដែលបានចែងជាដាច់ខាត ដោយឡែកការអនុវត្តតួនាទីដោយខុសនីតិវិធីបែបនេះ ប្រាកដណាស់ប្រជាពលរដ្ឋមុខជានឹងរិះគន់លើរដ្ឋាភិបាល និងការបំពេញតួនាទីរបស់សមត្ថកិច្ចជាមិនខាន។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស តែងតែចង់ឃើញរដ្ឋាភិបាលបើកលំហសេរីភាពនយោបាយ ដោយបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព និងការឃាត់ខ្លួនលើពលរដ្ឋ អ្នកនយោបាយ សកម្មជននយោបាយ និងសកម្មជនសង្គម ជាដើម ខុសពីនីតិវិធីច្បាប់បន្តទៀត ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់នៅកម្ពុជា និងលើកស្ទួយការគោរពសិទ្ធិមនុស្សឱ្យមានប្រសិទ្ធភាពផងដែរ។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ពិចារណាឲ្យដោះលែងលោក ខឹម ចាន់វណ្ណៈ និងអ្នកជាប់ឃុំនយោបាយដទៃទៀតឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យពួកគាត់អនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសគឺសិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែល្អប្រសើរទៅថ្ងៃមុខ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដោយគ្មានដីកាឃាត់ខ្លួនកាលពីថ្ងៃចន្ទ ទី១៥ មករា។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយលិខិតចំនួនពីរ គឺសេចក្តីប្រកាសព័ត៌មានរបស់ស្នងការនគរបាលជាតិផង និងដីកាបញ្ជាឱ្យនាំខ្លួនលោក ខឹម ចាន់វណ្ណៈ របស់សាលាដំបូងរាជធានីភ្នំពេញផងដែរ ក្នុងនោះ ស្នងការនគរបាលជាតិអះអាងថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើងដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ៣នាក់ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ជុំវិញការចុះបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។ ចំណែកដីការបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យនាំខ្លួនលោក ខឹម ចាន់វណ្ណៈ មកសាកសួរអំពីដំណើរក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រុងភ្នំពេញប្រមាណ ២០នាក់ ស្ថិតក្នុងសម្លៀកបំពាក់ជាឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងស៊ីវិលចម្រុះគ្នា បានសម្រុកចូលផ្ទះលោក ខឹម ចាន់វណ្ណៈ និងឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញរូបនេះទាំងកម្រោលនៅក្នុងគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ខឹម សុវណ្ណមង្គល ដែលត្រូវជាកូនប្រុសលោក ខឹម ចាន់វណ្ណៈ អះអាងថា ការឃាត់ខ្លួនឪពុករបស់លោកនៅពេលនេះ សមត្ថកិច្ចមិនបានបង្ហាញដីកាឃាត់ខ្លួនរបស់តុលាការទេ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានដកហូតទូរសព្ទរបស់ឪពុកលោក និងក្រុមគ្រួសាររបស់លោកថែមទៀត។
ក្រោយពីលោក ខឹម ចាន់វណ្ណៈ ត្រូវចាប់ខ្លួនបានប៉ុន្មានម៉ោង គណបក្សភ្លើងទៀនក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដែរ ដោយចាត់ទុកការចាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រចាំរាជធានីភ្នំពេញរូបនេះ គឺជារូបភាពគំរាមកំហែងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឲ្យបរិយាកាសនយោបាយមុនការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤ នេះ រឹតតែមានភាពអាប់អួរ។
គណបក្សភ្លើងទៀន ថ្កោលទោសដាច់អហង្ការចំពោះទង្វើអាជ្ញាធរក្រុងភ្នំពេញដែលអនុវត្តតួនាទីចាប់ខ្លួនប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ដោយមិនមានដីការបស់តុលាការ ក្នុងនោះគណបក្សភ្លើងទៀន ទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក ខឹម ចាន់វណ្ណៈ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សភ្លើងទៀនផងដែរ។
សារព័ត៌មាន The Cambodia Daily នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីបំភ្លឺពីបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។
រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តការគ្រប់គ្រងពីលោក ហ៊ុន សែន មកដល់លោក ហ៊ុន ម៉ាណែត ត្រូវគេមើលឃើញថា ស្ថានភាពនៃការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ និងសិទ្ធិនយោបាយ នៅតែមានភាពចង្អៀតដដែល។ ជាក់ស្តែង ក្រោយពីលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជាង ៤ខែមកនេះ ក្នុងនោះការរឹតត្បិតសេរីភាពចាប់ផ្តើមលេចចេញជាបណ្តើរៗនៅដើមឆ្នាំនេះ ដូចជា ការចាប់ខ្លួនលោក នី ណាក់ ការឃាត់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដែលផ្សព្វផ្សាយពីការការពារកោះកុងក្រៅ និងការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅពេលនេះជាដើម។
របាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២៣ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានដាក់ចំណាត់ថ្នាក់លេខ១៤១ ក្នុងចំណោមប្រទេស១៤២ ដល់កម្ពុជា ដោយសារតែគេរកឃើញពីការដឹកនាំគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕