28.4 C
Phnom Penh

ពលរដ្ឋ​១៣១​គ្រួសារ​ដែល​រង​ការ​បណ្តេញ​ចេញពី​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ឆ្វៀល​ដី​ដែល​ពួកគាត់​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ដែល​រង​ការ​បណ្តេញ​ពី​លំនៅឋាន​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ អង្វរ​សុំ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ជួយ​កាត់​ឆ្វៀល​ដី​ដែល​ពួកគាត់​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ ព្រោះ​ដី​នោះ​មិនមែន​ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន សីលាដាម៉ិច ដូច​ការ​ការ​អះអាង​របស់​អាជ្ញាធរ​ឡើយ។

ប្រជាពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ដែល​រង​ការ​បណ្តេញ​ពី​លំនៅឋាន​ក្នុង​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ ភូមិ​ម្រេច និង​ភូមិ​ស្រយ៉ង់ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មករា ថា ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ​ដែល​កំពុង​កាន់កាប់​ដី​ក្នុង​ភូមិ​ឃុំ​ខាងលើ គឺ​ពិត​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ពិតប្រាកដ និង​បាន​កាន់កាប់​ជាក់ស្តែង​អស់​រាប់​ឆ្នាំ និង​រាប់​សិប​ឆ្នាំ​មែន ក្នុង​នោះ ប្រជាពលរដ្ឋ​ខ្លះ​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ និង​ប្រជាពលរដ្ឋ​ខ្លះ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០១២ មក។

ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ​រៀបរាប់​ថា ចាប់តាំងពី​ពួកគេ​ចូល​មក​រស់នៅ​ក្នុង​តំបន់​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៣១​គ្រួសារ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​ដោយ​ការ​បង្កបង្កើន​ផល​ដាំ​ដំណាំ​ហូប​ផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើ​ស្រែ និង​ដំណាំ​ផ្សេងៗ​ទៀត មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ចាប់​តាំងពី​ដើម​ឆ្នាំ​២០២២ មក ស្រាប់តែ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំ​របស់​ពួកគាត់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​ផ្តល់​ដំណឹង​ជា​មុន ក្រោម​លេស​ថា ពួកគាត់​កំពុង​រស់នៅ​លើ​ដី​ខុស​ច្បាប់​ដែល​ជា​ដី​របស់​ក្រុមហ៊ុន សីលាដាម៉ិច ទៅវិញ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៣១​គ្រួសារ​មិនមែន​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ផ្សេង​ដែល​មកពី​ស្រុក​សូទ្រនិគម និង​ស្រុក​ស្វាយលើ នៃ​ខេត្ត​សៀមរាប ដោយ​នាំ​គ្នា​មក​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សីលាដាម៉ិច ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​នោះ​ទេ គឺ​ពួកគេ​ពិត​ជា​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដីធ្លី​ក្នុង​ភូមិ​ឃុំ​ខាងលើ​តាំងពី​ក្រុមហ៊ុន សីលាដាម៉ិច មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​មក​ម្ល៉េះ។

កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ព្រះវិហារ បន្ទាប់ពី​ទទួល​បាន​សំណើ​របស់​ប្រជាពលរដ្ឋ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​លុប​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ចេញ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ ដោយ​ការ​ព្រមាន​បណ្តេញ​ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ​នេះ​ចេញពី​លំនៅឋាន។

លោក ស សុខា បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ចាត់​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ចែង និង​ធ្វើ​របាយការណ៍​ជូន​ក្រសួង​មហាផ្ទៃ​អំពី​ការ​ស្រាវជ្រាវ​នេះ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​លើកឡើង​ថា បញ្ហា​វិវាទ​ដីធ្លី​នេះ​មាន​ភាព​ស្មុគស្មាញ​ដោយសារតែ​ប្រជាពលរដ្ឋ​មិន​ចេះ​ច្បាប់។ ជាង​នេះ​ទៀត តំណាង​ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ​នោះ ដូចជា លោក យឹក វ័រ លោក ភ្លូ បោន លោក ឃ្លោក លាំ លោក ចឹក វ៉ត និង​លោក លូត សាឡា ជាដើម សុទ្ធតែ​ជា​មនុស្ស​ដែល​មិន​ចេះ​អក្សរ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​យល់​ពី​ខ្លឹមសារ​នៃ​លិខិត​របស់​រដ្ឋបាល​ខេត្ត ស្រុក និង​ឃុំ ជុំវិញ​បញ្ហា​ដីធ្លី​នេះ។ ជាង​នេះ​ទៀត អាជ្ញាធរ​ចោទ​ថា​ប្រជាពលរដ្ឋ​ខាងលើ​នេះ​មាន​អាជីព​ជា​អ្នក​ដើរ​ទន្ទ្រាន​ដី​ខុស​ច្បាប់​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ។

កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ អភិបាល​ស្រុក​គូលែន លោក ប៉ែន ជឹង បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ដោយ​ចោទ​ថា​ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ​នេះ​បាន​ចូល​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ (៦៣៧៨​ហិកតារ និង ៤៦​អា) ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រសិនបើ​ពួកគេ​មិន​រើ​លំនៅឋាន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ទេ​នោះ។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២២ មក ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ និង​កាន់កាប់​ដី​ដែល​ខ្លួន​អាស្រ័យ​ផល​ជាក់ស្តែង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគេ​ជា​បន្តបន្ទាប់ ក្រោម​លេស​ថា ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​របស់​ក្រុមហ៊ុន «សីលាដាម៉ិច» ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ចំនួន ១៣១​គ្រួសារ​ដែល​បាន​កាន់កាប់​ដី​ចំនួន ៦៤៩​ហិកតារ នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ភូមិ​ស្រយ៉ង់ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ តាំងពី​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​២០១២ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើសុំ​អន្តរាគមន៍​លើ​បញ្ហា​នេះ ដូចជា ស្ថាប័ន​រដ្ឋសភា​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ជាដើម ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់ និង​បញ្ឈប់​ការ​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន​បន្ត​ទៀត។

ខ្លឹមសារ​ក្នុង​ញត្តិ​នោះ បាន​រៀបរាប់​ថា នៅ​អំឡុង​ឆ្នាំ​២០២២ កម្លាំង​អាជ្ញាធរ​ចម្រុះ​ដឹកនាំ​ដោយ​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​បញ្ជា​កម្លាំង និង​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​អស់​ប្រហែល ៦០​ខ្នង និង​ផល​ដំណាំ​ប្រហែល ៤៥០​ហិកតារ អស់​គ្មាន​សល់ ហើយ​បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន និង​បាន​គំរាម​ប្តឹង និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន សីលាដាម៉ិច បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​កន្លង​មក ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​កាន់កាប់​ដីធ្លី និង​បញ្ចេញមតិ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស