អ្នកស្រាវជ្រាវអំពីបញ្ហាសង្គម ព្រមានថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀន ចែកចាយ ផលិតនៅក្នុងប្រទេសកម្ពុជា និងការរកឃើញនូវការជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនលើមន្ត្រីមានសមត្ថកិច្ចរបស់ខ្លួនកាន់តែច្រើន។
អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ មករា នេះថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនមែនជារឿងតូចតាចនោះទេ ព្រោះថាបញ្ហានេះក៏ទំនងជាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចធំៗក្នុងជួររដ្ឋាភិបាល និងអ្នករកស៊ីធំៗនៅកម្ពុជាដែរ ដូច្នេះវិធានការក្នុងការបង្ក្រាបប្រាកដជាប្រឈមនឹងឧបសគ្គ ហើយដោយសារតែវិធានការគ្មានប្រសិទ្ធភាព បានទាញយុវជនខ្មែរឱ្យរងគ្រោះដោយសារតែបញ្ហាគ្រឿងញៀននេះ។
លោក សេក សុជាតិ លើកឡើងថា ទោះចំណាត់ការនេះតូចក្តី ធំក្តី ប៉ុន្តែឱ្យតែរដ្ឋាភិបាលមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនដោយសុទ្ធចិត្តពិតប្រាកដ ដោយគ្មានការរើសអើង ក្រោមគោលការណ៍ច្បាប់ មិនខ្លាចញញើតអ្នកមានអំណាច ឬសាច់ញាតិ បក្ខពួកខ្លួនឯងទេ នោះការប្រយុទ្ធប្រឆាំងនេះនឹងអាចឈានទៅដល់ការលុបបំបាត់បានទាំងស្រុងជាមិនខាន ប៉ុន្តែប្រសិនបើការអនុវត្តច្បាប់នេះដើម្បីធ្វើប្រជាភិថុតិ ឬគ្រាន់តែដើម្បីឱ្យល្អមើល ទោះវិធានការនោះធំកម្រិតណាក៏ដោយ ក៏គ្មានប្រសិទ្ធភាពដែរ។
ប្រភពដដែលបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ អំពីការជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជុំវិញមន្ត្រីអនុវត្តច្បាប់ និងស្រាវជ្រាវរកឃើញការនាំចូលគ្រឿងញៀន ឬការដឹកជញ្ជូនឆ្លងកាត់ប្រទេសកម្ពុជា ក្នុងទំហំរហូតដល់រាប់តោនសព្វថ្ងៃនេះ បង្ហាញឱ្យឃើញថា បញ្ហានេះមិនមែនធំក្នុងកម្រិតធម្មតាទេ គឺធំក្នុងកម្រិតដែលរដ្ឋាភិបាលគួរតែប្រកាសអាសន្នតែម្តង។
លោក សេក សុជាតិ គូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្ននេះ បើរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យបន្តរីកសាយដោយគ្មានការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ទេ នោះអ្នកដែលគ្រោះថ្នាក់ធ្ងន់ គឺកម្ពុជាខ្លួនឯងប៉ុណ្ណោះ ដែលគេនឹងចាត់ទៅក្នុងប្រទេសដែលត្រូវដាក់ក្នុងបញ្ជីតាមដានបន្តទៀត ខណៈយុវជនដែលជាធនធានមនុស្សរបស់ប្រទេសជាតិ ក៏ក្លាយជាធនធានរងគ្រោះគ្មានគុណភាពដោយសារតែបញ្ហានេះដែរ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ អះអាងថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនមិនត្រឹមតែរយគីឡូក្រាមទេ គឺចូលដល់តោនឯណោះ ព្រោះថាកន្លងមក កម្ពុជាត្រូវប្រើជាកន្លែងផលិតគ្រឿងញៀនយកទៅប្រទេសក្រៅផង ជាកន្លែងចរាចរសម្រាប់ឆ្លងកាត់ទៅប្រទេសទី៣ ផងដែរ ប៉ុន្តែពេលនេះ ក្រុមឧក្រិដ្ឋជនបាននាំគ្នាមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជាតែម្តង។
ជុំវិញបញ្ហានេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានបង្ក្រាប និងដកហូតគ្រឿងញៀនបានជាង ១តោន ពេលដែលក្រុមឧក្រិដ្ឋជនដឹកតាមរថយន្តនាំចេញពីប្រទេសឡាវ ឆ្លងកាត់ខេត្តព្រះវិហារ។
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ ក្នុងនោះ ក្រសួងមហាផ្ទៃបានបណ្តេញមន្ត្រីនគរបាលជាតិជាច្រើននាក់ចេញពីក្របខ័ណ្ឌដោយសារតែរកឃើញថាពួកគេបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈមន្ត្រីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក៏ត្រូវរងនូវការបណ្តេញពីក្របខ័ណ្ឌដែរ ដែលបញ្ហានេះបង្ហាញឱ្យឃើញថា បញ្ហាគ្រឿងញៀនបានលុកលុយចូលក្នុងប្រទេសកម្ពុជាកាន់តែជ្រៅ រហូតគេមើលឃើញថា ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះសឹងតែក្លាយជាបណ្ដាញចែកចាយគ្រឿងញៀនដ៏គួរឱ្យភ័យព្រួយទៅហើយ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលធ្លាប់ជាភ្នាក់ងារបង្កប់របស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គឺលោក មុំ អស្សនី ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី គឺជាមនុស្សដែលចូលចិត្តស្វែងរកការសប្បាយជាមួយស្រីផ្សេងក្រៅពីប្រពន្ធខ្លួនឯងនៅតាមក្លឹបកម្សាន្តជាញឹកញាប់ ដោយការប្រើថ្នាំញៀនដើម្បីពង្វក់អារម្មណ៍ជាប្រចាំផងដែរ រាល់ពេលដែលគាត់ចេញទៅសប្បាយនៅតាមក្លឹបម្តងៗ។
លោក មុំ អស្សនី បញ្ជាក់ថា ការផលិត និងចែកចាយគ្រឿងញៀន ត្រូវគេរកឃើញថា កំពុងតែចរាចរណ៍យ៉ាងអនាធិបតេយ្យក្នុងចំណោមសែស្រឡាយ សាច់ញាតិ បក្ខពួក ទាំងមន្ត្រីធំៗក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញធំៗ ដូចជា ក្រុមឧកញ៉ា ជាដើម ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារនៃមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បច្ចុប្បន្ននេះ។
ជាងនេះទៀត សារព័ត៌មាន The Cambodia Daily ក៏បានទទួលឯកសារជាវីដេអូជាច្រើនផងដែរពីមន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលបង្ហាញពីការចែកចាយថ្នាំញៀនរាប់ពាន់គ្រាប់ក្នុងមួយយប់ៗនៅក្នុងក្លឹបមួយឈ្មោះ ត្រូប៉ាស់ (Tro pas) ត្រូវគេស្គាល់ថាជាក្លឹបរកលុយឱ្យគ្រួសារត្រកូលហ៊ុន គឺជាទីតាំងជួញដូរគ្រឿងញៀនធំបំផុតក្នុងទីក្រុងភ្នំពេញ ខណៈយុវជន និងមនុស្សវ័យកណ្តាលជាច្រើនបានធ្លាក់ខ្លួនក្លាយទៅជាអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀនយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីនគរបាលខាងលើបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រឿងញៀនស្ទើរតែក្លាយទៅជាថ្នាំពេញនិយមសម្រាប់អ្នកមានលុយ និងអ្នកមានអំណាចនៅកម្ពុជាទៅហើយ ដោយពួកគេបង្ហាញឫកពារថា អ្នកដែលមិនចេះប្រើថ្នាំញៀន គឺជាប្រភេទមនុស្សដែលមិនទាន់សម័យ ឬស៊ីវិល័យ ជាដើម ខណៈមន្ត្រីធំៗ និងឧកញ៉ាមួយចំនួន សុទ្ធតែបានប្រើប្រាស់ថ្នាំខុសច្បាប់នេះ ដើម្បីស្វែងរកការសប្បាយបំពេញតណ្ហារបស់ខ្លួនអំឡុងពេលជួញដូរផ្លូវភេទ និងក្លាយជាអ្នកផ្គត់ផ្គង់ថ្នាំទាំងនេះនៅក្នុងទីផ្សារស្រុកខ្មែរដែលពួកគេអាងអ្នកមានអំណាចកាងនៅពីក្រោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

