39 C
Phnom Penh

អគ្គលេខាធិការ​អង្គការ​ណាតូ​ព្រមាន​ថា ចិន​នឹង​ឈ្លានពាន​តៃវ៉ាន់ បើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jen Stoltenberg ទទូច​ម្ដង​ទៀត​ឱ្យ​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក ត្រូវតែ​ប្រុងប្រយ័ត្ន គឺ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​អ៊ុយក្រែន ធ្លាក់​ដៃ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នោះ​ទេ។

បើ​តាម​មេដឹកនាំ​ណាតូ​រូប​នេះ ឲ្យ​ដឹង​ថា ពេលនេះ​រុស្ស៊ី​កំពុងតែ​ឡើង​ដៃ​ក្នុង​សង្គ្រាម​អ៊ុយក្រែន ព្រោះ​តែ​មេដឹកនាំ​ផ្ដាច់ការ​ទាំងឡាយ​ផ្ដល់​ជំនួយ​ឱ្យ​រុស្ស៊ី ហើយ​ពួកគេ​នៅតែ​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ក្នុង​សង្គ្រាម​នេះ ហាក់បីដូចជា​ចង់​ឃើញ​រុស្ស៊ី ឈ្នះ​សង្គ្រាម​អ៊ុយក្រែន ដែល​ជា​ការ​វាយបំបាក់​ពួក​បស្ចិម​ប្រទេស។

លោក​ទទូច​ឱ្យ​សមាជិក​សភា​សហរដ្ឋ​អាមេរិក រៀបចំ​ខ្លួន​ពង្រឹង​ស្មារតី​ឡើងវិញ ប្រយុទ្ធ​ដើម្បី​សេរីភាព​សម្រាប់​ប្រជាជន​អ៊ុយក្រែន ក៏ដូចជា​ដើម្បី​អឺរ៉ុប​ទាំងមូល ហើយ​ថា​បើ​ពុំ​នោះ​ទេ វា​នឹង​ក្លាយ​ជា​បទពិសោធន៍​ដ៏​គ្រោះថ្នាក់​បំផុត បើ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ចាញ់​សង្គ្រាម​មែន​នោះ។

ការ​ថ្លែង​របស់​ប្រមុខ​ណាតូ​រូប​នេះ កើត​មាន​ឡើង​ក្នុង​ពេល​អាមេរិក​កំពុង​ជួប​វិបត្តិ​ដោយសារតែ​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ បន្ថយ​ជំនួយ​ឱ្យ​អ៊ុយក្រែន ហើយ​មិន​តែប៉ុណ្ណោះ បែរ​ជា​មិន​ទទួលយក​កញ្ចប់​ជំនួយ​របស់​រដ្ឋការ​របស់​លោក ចូ បៃដិន ដែល​ថា​ការ​ផ្ដល់​ជំនួយ​នា​ពេល​កន្លង​មក​មាន​ច្រើន​ហួសហេតុ​ទៅ​ហើយ។

តែ​យ៉ាងណា ប្រមុខ​ណាតូ​អះអាង​ថា ប្រទេស​នៅ​អឺរ៉ុប​បើ​ទោះ​មិន​ស្មើ​នឹង​អាមេរិក ក៏​គេ​នៅតែ​រួបរួម​គ្នា​ជួយ​អ៊ុយក្រែន ដែរ។

លោក​ជំរុញ​ឱ្យ​អាមេរិក​បន្ត​ដើរ​តួនាទី​ធំ និង​មិន​ត្រូវ​ឱ្យ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម​នោះ​ទេ។

ដំណាក់កាល​ចុងក្រោយ​នេះ គេ​ឃើញ​ប្រទេស​នៅ​អឺរ៉ុប​កំពុងតែ​មមាញឹក​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន ដូចជា បារាំង អាល្លឺម៉ង់ ហុឡង់ដ៍ បែលហ្សិក ដាណឺម៉ាក រូម៉ានី ហើយ​សូម្បីតែ​សហភាព​អឺរ៉ុប មិន​មែន​ជា​ផ្នែក​មួយ​នៃ​យោធា​ក៏ដោយ ក៏​កំពុងតែ​ផលិត​គ្រាប់កាំភ្លើង​ធំ​រាប់​លាន​គ្រាប់​សម្រាប់​អ៊ុយក្រែន ដែរ។

ក្នុង​ពេលនេះ អ៊ុយក្រែន កំពុងតែ​ទន់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​នឹង​រុស្ស៊ី ហើយ​មូលហេតុ​គឺ​ដោយសារតែ​សហរដ្ឋ​អាមេរិក​បន្ថយ​ជំនួយ​ឱ្យ​អ៊ុយក្រែន។

ប្រមុខ​យោធា​ណាតូ ព្រមាន​ថា ប្រទេស​លោក​សេរី​ទាំងឡាយ​មិន​ត្រូវ​ទុក​ឱកាស​ឱ្យ​រុស្ស៊ី​វាយ​យក​អ៊ុយក្រែន នោះ​ទេ បើ​ដូច្នេះ​មែន មុខ​ជា​សង្គ្រាម​ផ្សេង​ទៀត​អាច​នឹង​ផ្ទុះឡើង ហើយ​ថា​ចិន​ក៏​កំពុងតែ​សម្លឹង​មិន​ដាក់​ភ្នែក​នោះ​ដែរ។

លោក​បន្ត​ថា ពេលនេះ​ចិន​ក៏​កំពុងតែ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ដើម្បី​យក​ឈ្នះ​អ៊ុយក្រែន ដែរ ពីព្រោះ​ចិន​ច្បាស់​ណាស់​នឹង​លើក​ទ័ព​លុកលុយ​ចូល​កោះ​តៃវ៉ាន់ នៅ​ពេល​រុស្ស៊ី អាច​យក​ឈ្នះ​អ៊ុយក្រែន។

លោក​ថា តាម​ពិត ឱកាស​ដែល​ចិន​ចង់​លុកលុយ​ចូល​កោះ​តៃវ៉ាន់ ក៏​នៅ​ដំណាល​គ្នា​នឹង​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ផង​ដែរ តែ​ថា​ចិន​លុកលុយ​តៃវ៉ាន់​ម្ដេច​នឹង​កើត បើ​រុស្ស៊ី​មិន​ទាន់​ឈ្នះ​សង្គ្រាម​លើ​អ៊ុយក្រែន ផង​នោះ។

លោក​ថា បើ​រុស្ស៊ី​ឈ្នះ​លើ​អ៊ុយក្រែន នោះ រុស្ស៊ី​នឹង​បង្ហាញ​កម្លាំង​រួបរួម​នឹង​ចិន ហើយ​ចិន​នឹង​លុកលុយ​តៃវ៉ាន់។

អង្គការ​ណាតូ មិន​ដែល​ចាត់ទុក​តៃវ៉ាន់ ជា​ដែន​កោះ​ទន់ខ្សោយ​នោះ​ទេ គឺ​មាន​សមត្ថភាព​ការពារ​ខ្លួន តែ​មិន​អាច​ប្រៀបធៀប​បាន​នឹង​ចិន នោះ​ទេ។ តៃវ៉ាន់​ដែល​ចិន​ចាត់ទុក​ថា​ជា​កោះ​អាណាខេត្ត​របស់​ខ្លួន​នោះ មាន​ទ័ព​ត្រឹមតែ ៣០​ម៉ឺន​នាក់​ប៉ុណ្ណោះ បើ​ធៀប​នឹង​ចិន មាន​ទ័ព​រាប់​លាន​នាក់។

យ៉ាងណាមិញ តៃវ៉ាន់​មាន​សព្វាវុធ​ច្រើន​ទៅ​ហើយ​ដែល​ជា​សព្វាវុធ​ផលិត​នៅ​សហរដ្ឋ​អាមេរិក ដូចជា​មីស៊ីល​ផ្លោង រថក្រោះ កាំភ្លើង​ធំ ក៏ដូចជា​យន្តហោះ​ចម្បាំង F-16 រាប់​រយ​គ្រឿង​ដែល​តៃវ៉ាន់​មាន​នៅ​ក្នុង​ដៃ​ផង​ដែរ។

បើ​ទោះជា​យ៉ាង​នេះ​ក្ដី លោក Stoltenberg នៅតែ​ទទូច​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ការពារ​ប្រជាធិបតេយ្យ​ដែន​កោះ​មួយ​នេះ​រហូត​ដល់​ដំណាក់កាល​ដែល​ក្រុង​ប៉េកាំង បញ្ឈប់​ការ​គំរាមកំហែង​កោះ​តៃវ៉ាន់។

សហរដ្ឋ​អាមេរិក​តែងតែ​ព្រមាន​ចិន ថា កុំ​បង្ក​សង្គ្រាម​វាយ​តៃវ៉ាន់ ឱ្យ​សោះ ហើយ​ថា​អាមេរិក​មិន​អាច​ឈរ​ឱប​ដៃ​មើល​តៃវ៉ាន់​ត្រូវ​គេ​ឈ្លានពាន​នោះ​ទេ គឺ​អាច​អន្តរាគមន៍​ជួយ​កងទ័ព​តៃវ៉ាន់។

លោក បៃដិន ប្រាប់​លោក ស៊ី កន្លង​មក​ថា លោក​ទទួលស្គាល់​នយោបាយ​ចិន​តែ​មួយ តែ​មិន​អត់ឱន​ការ​វាយប្រហារ​តៃវ៉ាន់​នោះ​ទេ។

តៃវ៉ាន់​នា​ពេលនេះ​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក ឡៃ ជិងតេ។ លោក ឡៃ ជិងតេ ជា​អ្នក​នយោបាយ​មកពី​គណបក្ស​របស់​អ្នកស្រី សៃ អ៊ឹងវិន ដែល​កន្លង​មក​បាន​បញ្ជូន​លិខិត​សុំ​កម្លាំង​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។ បុរស​នេះ​ត្រូវ​ចិន ចាត់ទុក​ថា​ជា​មេ​នយោបាយ​ដែល​មាន​និន្នាការ​ជ្រុលនិយម។ ចិន ហៅ​បុរស​នេះ​ថា​ជា​មេក្រុម​ឧទ្ទាម​ទៀត​ផង។

កាលពី​អំឡុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត មេដឹកនាំ​ថ្មី​តៃវ៉ាន់​រូប​នេះ​បាន​ប្រាប់​ប្រជាពលរដ្ឋ​តៃវ៉ាន់ កុំ​ធ្វើ​ឱ្យ​តៃវ៉ាន់​ក្លាយ​ជា​ហុងកុង គឺ​មិន​ត្រូវ​ជ្រក​ក្រោម​ដំបូល​ប៉េកាំង​នោះ​ទេ ព្រោះ​ជា​ដំបូល​បក្ស​កុម្មុយនីស្ត។

លោក​ទទូច​ថា តៃវ៉ាន់​មាន​ស្មារតី​ដើម្បី​ការពារ​ប្រជាធិបតេយ្យ និង​សេរីភាព​របស់​ខ្លួន។ តៃវ៉ាន់​តែងតែ​ត្រៀម​ខ្លួន​គ្រប់​កាលៈទេសៈ​ដើម្បី​ការពារ​សេរីភាព​នេះ។

យ៉ាងណា ប្រមុខ​យោធា​ណាតូ សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​អ៊ុយក្រែន ហើយ​ទុក​ឱកាស​ឱ្យ​រុស្ស៊ី​ឈ្នះ​អ៊ុយក្រែន ផ្ដល់​លទ្ធភាព​ឱ្យ​ចិន មាន​ឱកាស​ឈ្លានពាន​តៃវ៉ាន់ នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស