28 C
Phnom Penh

សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣​របស់​កម្ពុជា​ជាប់​ធ្លាក់​ចុះ​៨​លេខ​ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៣ របស់​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចុះ ៨​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២៣ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០​លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​អាស៊ាន។

អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​២០២២ ចំនួន ៨​កម្រិត បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ខ្លួន​បាន​កែលំអ​បញ្ហា​អំពើពុករលួយ​ជា​បន្តបន្ទាប់​រហូត​មក​ក៏ដោយ។

អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា អះអាង​ថា ពិន្ទុ​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣ របស់​កម្ពុជា នៅតែ​ទាប​ជាង​មធ្យមភាគ​ក្នុង​តំបន់ និង​សកល ក្នុង​នោះ នៅ​ក្នុង​តំបន់​អាស៊ាន កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ស្ថិត​នៅ​ជិត​បាត​តារាង ដែល​មាន​ន័យ​ថា កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​ភូមា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណាត់ថ្នាក់​នេះ បង្ហាញ​ថា កម្ពុជា​បាន​កាន់កាប់​ទីតាំង​ទាប​បំផុត​ទី​៤ ដែល​មាន​ន័យ​ថា កម្ពុជា​មាន​ពិន្ទុ​ល្អ​ជាង ៣​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ប្រទេស​អាហ្វហ្គានីស្ថាន ភូមា និង​កូរ៉េខាងជើង។

ប្រភព​ដដែល​បញ្ជាក់​ថា អង្គការ​តម្លាភាព​អន្តរជាតិ​បាន​វិភាគ​ទៅ​លើ​ប្រភព​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​ជុំវិញ​ការ​ដាក់​ចំណាត់ថ្នាក់​អំពើពុករលួយ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្នុង​នោះ​គេ​បាន​រក​ឃើញ​ថា កម្ពុជា​ខ្វះខាត​វឌ្ឍនភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ធ្ងន់ធ្ងរ ដូចជា ការ​កាត់ទោស​មន្ត្រី​ពុករលួយ​គ្មាន​ប្រសិទ្ធភាព យន្តការ​គណនេយ្យភាព​ទន់ខ្សោយ ហានិភ័យ​ខ្ពស់​នៃ​ការ​សូកប៉ាន់ ការ​អនុវត្ត​អំពើពុករលួយ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ និង​ប្រព័ន្ធ​តុលាការ​មិន​អាច​ធានា​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ចាត់​វិធានការ​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ៖

  • ឆ្នាំ​២០១៦ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៦
  • ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ​១៦១
  • ឆ្នាំ​២០១៩ ជាប់​លេខ​រៀង​ទី​១៦២
  • ឆ្នាំ​២០២០ ជាប់​លេខ​១៦០
  • ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧
  • ឆ្នាំ​២០២២ ជាប់​លេខ​១៥០
  • ឆ្នាំ​២០២៣ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​គួរ​ឱ្យ​ព្រួយបារម្ភ​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ទិវា​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​ថា អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោក ហ៊ុន សែន មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ធំធេង។

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​មិន​មែន​មាន​តែ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​តែ​ឯង​ទេ​ដែល​បំពេញ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នោះ ប៉ុន្តែ​ក៏​មាន​ការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​គ្រប់​ស្ថាប័ន ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ប្រជាជន​ផង​ដែរ តាម​វិធីសាស្ត្រ​ជាច្រើន ដូចជា ការ​អប់រំ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់ៗ​មិន​ចង់​ពុករលួយ ការ​បង្ការ​ទប់ស្កាត់​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់ៗ​មិន​អាច​ពុករលួយ និង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ឱ្យ​ម្នាក់ៗ​មិន​ហ៊ាន​ពុករលួយ ជាដើម។

បែប​នេះ​ក្តី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​លោក ប៉ិច ពិសី បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​ស្តីអំពី «សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើពុករលួយ​សម្រាប់​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ​២០២៣» កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ការ​ធ្លាក់​ចុះ​ពិន្ទុ​របស់​កម្ពុជា​នេះ ជា​សញ្ញា​បង្ហាញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​កម្ពុជា​នៅ​ទ្រឹង ហើយ​វា​ក៏​ជា​ការ​កត់សម្គាល់​យ៉ាង​មុតមាំ​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នៃ​អំពើពុករលួយ​ដែល​កម្ពុជា​បន្ត​ប្រឈមមុខ​ក្នុង​វិស័យ​ផ្សេងៗ​ទៅ​ថ្ងៃ​មុខ។

លោក ប៉ិច ពិសី បញ្ជាក់​ថា វឌ្ឍនភាព​នៅ​ក្នុង​វិស័យ​មួយ​ចំនួន ដូចជា ការ​កៀរគរ​ធនធាន និង​សេវា​សាធារណៈ​នៅ​ថ្នាក់​មូលដ្ឋាន បាន​ចង្អុល​បង្ហាញ​អំពី​ការ​បន្ត​កើតមាន​នូវ​អំពើពុករលួយ​ខ្នាត​ធំ និង​អំពើពុករលួយ​នយោបាយ​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កំណែទម្រង់​សំខាន់ៗ​ក្នុង​គោលបំណង​ពង្រឹង​នីតិរដ្ឋ និង​យុត្តិធម៌​ត្រូវ​ជាប់​គាំង។

ចំណែក​ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ លោក François Valérian អះអាង​ថា អំពើពុករលួយ​នឹង​ឈប់​បន្ត​រីក​ធំធាត់ លុះត្រាតែ​ប្រព័ន្ធ​យុត្តិធម៌​អាច​ដាក់​ទោស​កំហុស​អ្នក​ធ្វើ​ខុស និង​មាន​អំណាច​ត្រួតពិនិត្យ​ទង្វើ​របស់​រដ្ឋាភិបាល ជាដើម។

លោក​បន្ថែម​ថា នៅ​ពេល​យុត្តិធម៌​ត្រូវ​បាន​គេ​ទិញ ឬ​ជ្រៀតជ្រែក​បែប​នយោបាយ ពលរដ្ឋ​នឹង​ក្លាយ​ជា​ជនរងគ្រោះ​យ៉ាង​ពិតប្រាកដ ដូច្នេះ​ដើម្បី​បញ្ចៀស​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​ដែល​ទ្រទ្រង់​ច្បាប់ និង​ដោះស្រាយ​អំពើពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ថា​វា​ល្មម​ដល់​ពេល​ហើយ​ដែល​ត្រូវ​បញ្ចប់​និទណ្ឌភាព​ពី​អំពើពុករលួយ​នោះ។

ជុំវិញ​បញ្ហា​នេះ អង្គការ​តម្លាភាព​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រីក និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​កំណែទម្រង់​របស់​ខ្លួន​ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ និង​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​សវនកម្ម ត្រូវតែ​ទទួល​បាន​សិទ្ធិ​អំណាច​ដោយ​ឯករាជភាព ដើម្បី​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​ចំពោះ​អំពើ​ខុសឆ្គង រួម​ទាំង​ធានា​ឱ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ដែល​មិន​ទទួល​រង​ឥទ្ធិពល​នយោបាយ សម្រាប់​ការ​ត្រួតពិនិត្យ​អំណាច​នីតិប្រតិបត្តិ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស