28.4 C
Phnom Penh

អាដហុក៖ រដ្ឋាភិបាល​និង​តុលាការ​ប្រើ​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​ប្រឆាំង​ការ​ចូលរួម​ជា​សាធារណៈ​របស់​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០២៣​ជិត​៤០​ករណី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល លាតត្រដាង​ថា រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល និង​តុលាការ​កម្ពុជា រួម​ទាំង​អ្នក​មាន​ទ្រព្យសម្បត្តិ​ផង បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​របស់​សកម្មជន​នយោបាយ អ្នក​នយោបាយ គណបក្ស​នយោបាយ និង​អ្នក​សារព័ត៌មាន ជាដើម ជិត ៤០​ករណី (៣៩​ដង) ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ និង​មិន​លើក​ទឹកចិត្ត​ដល់​សិទ្ធិ​មូលដ្ឋាន​ក្នុង​ការ​ចូលរួម​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក បាន​ចេញ​ផ្សាយ​សលាកបត្រ​ព័ត៌មាន​ស្ដីពី​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​ជា​តាក់ទិច​មួយ​ផ្ដោត​គោលដៅ​ជាក់លាក់​ទៅ​លើ​តែ​សមាជិក​សកម្ម​ក្នុង​សហគមន៍ ដែល​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​ការ​រំលោភ​បំពាន​នានា។

ប្រភព​ដដែល​បន្ថែម​ថា យុទ្ធសាស្ត្រ​នេះ​តែង​ត្រូវ​បាន​ស្ថាប័ន​មាន​អំណាច ដូចជា រាជរដ្ឋាភិបាល ឬ​បុគ្គល​មាន​ទ្រព្យសម្បត្តិ ជាដើម យក​មក​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​រិះគន់ និង​បំបាក់​ទឹកចិត្ត​ដល់​ពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​សង្គម​កន្លង​មក។

អាដហុក ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល ១២​ខែ​ក្នុង​ឆ្នាំ​២០២៣ យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ត្រូវ​បាន​រដ្ឋាភិបាល និង​តុលាការ​ប្រើប្រាស់​ច្រើន​បំផុត​រហូត​ដល់ ១០​ករណី​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជនរងគ្រោះ​ជាង ១០០​នាក់ (១២៧​នាក់) ក្នុង​នោះ​មាន​ជនរងគ្រោះ​ជាង ៦០​នាក់ (៦១​នាក់) រង​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ និង​បាន​កោះហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល និង​តុលាការ ដើម្បី​ឆ្លើយ​បំភ្លឺ។ ដោយឡែក​មនុស្ស​ជាង ៦០​នាក់​ផ្សេង​ទៀត (៦៧​នាក់) ដែល​រង​ការ​ចោទប្រកាន់​ដែរ​នោះ គឺ​សុទ្ធសឹងតែ​ជា​សកម្មជន​នយោបាយ អ្នក​នយោបាយ គណបក្ស​នយោបាយ និង​អ្នក​សារព័ត៌មាន​ផង​ដែរ។

អាដហុក បញ្ជាក់​ថា យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​នេះ បាន​ធ្វើ​ឱ្យ​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ ព្រោះ​តែ​ការ​ភ័យខ្លាច​ពី​ការ​ជាប់​ពន្ធនាគារ និង​ខ្លាច​បង្ក​ជា​បន្ទុក​ធ្ងន់ធ្ងរ​ផ្នែក​ថវិកា​ក្នុង​ការ​ចំណាយ​លើ​សេវា​ច្បាប់ និង​ប្រាក់​ពិន័យ​ផ្សេងៗ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​បំភិតបំភ័យ​លើ​មជ្ឈដ្ឋាន​នានា ដូចជា សង្គម​ស៊ីវិល ថ្នាក់​ដឹកនាំ​សហគមន៍ អ្នក​សារព័ត៌មាន អ្នក​ផ្សាយ​ព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ជាដើម ឱ្យ​មាន​ការ​ភ័យខ្លាច និង​រក្សា​ភាព​ស្ងៀមស្ងាត់។

ការ​ចេញ​របាយការណ៍​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​នានា តែងតែ​រង​នូវ​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ជា​បន្តបន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល តុលាការ និង​អ្នក​មាន​អំណាច ជុំវិញ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ដែល​រង​នូវ​ការ​រំលោភ​បំពាន​នា​ពេល​កន្លង​មក។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ​មិន​មែន​អនុវត្ត​ចំពោះ​តែ​បុគ្គល​មួយ​ចំនួន​នោះ​ទេ គឺ​បាន​ប្រើប្រាស់​ប្រឆាំង​ទៅ​នឹង​សហគមន៍ សហជីព សហព័ន្ធ អ្នក​សារព័ត៌មាន និង​សកម្មជន​នានា​ជាច្រើន។ ជាក់ស្តែង ករណី​រំលោភ​ដីធ្លី​ពី​អ្នក​មាន​អំណាច​នៅ​ខេត្ត​កោះកុង បាន​ធ្វើ​ឱ្យ​តំណាង​សហគមន៍​ចំនួន ៣០​នាក់​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ញុះញង់ និង​បទ​បរិហារ​កេរ្តិ៍ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រោយពី​ប្រជា​សហគមន៍​រងគ្រោះ​ចេញ​មុខ​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី​ពី​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​ពី​សំណាក់​ឧកញ៉ា ហេង ហ៊ុយ។

ជាង​នេះ​ទៀត តំណាង​និយោជិត​ក្រុមហ៊ុន ស្តារឡៃថ៍ ចំនួន ១០​នាក់ ក៏​ត្រូវ​រង​នូវ​បណ្តឹង​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ក្រោម​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ​ដែរ បន្ទាប់ពី​កម្មករ​និយោជិត​ទាំងនោះ​ទាមទារ​ឱ្យ​បញ្ឈប់​រំលោភ​សិទ្ធិ​ការងារ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ។ ដោយឡែក​អនុប្រធាន​បក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ក៏​រង​នូវ​ការ​ចោទ​ប្តឹង​តាម​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ​ថែម​ទៀត​ពី​រដ្ឋាភិបាល ពី​បទ​ញុះញង់ ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

លើស​ពី​នេះ ចាងហ្វាង​សារព័ត៌មាន​មួយ​រូប គឺ​លោក ផាត់ ហ៊ន ក៏​ត្រូវ​រង​នូវ​ការ​ចោទ​ប្តឹង​តាម​យុទ្ធសាស្ត្រ​ដូច​គ្នា​នេះ​ដែរ ជុំវិញ​ការ​ចុះផ្សាយ​ពី​ភាព​មិន​ប្រក្រតី​ដំណើរការ​នៃ​ការ​កសាង​ផ្លូវ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ ក្នុង​នោះ​ក៏​មាន​អ្នក​សារព័ត៌មាន និង​សកម្មជន​សង្គម ព្រមទាំង​អ្នក​នយោបាយ​ជាច្រើន​ទៀត​ដែរ ដែល​រង​នូវ​បណ្តឹង​យុទ្ធសាស្ត្រ​ផ្លូវច្បាប់​នេះ​ពី​សំណាក់​រដ្ឋាភិបាល និង​តុលាការ រួម​ទាំង​អ្នក​មាន​ទ្រព្យធន​ផង​ដែរ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់ បាន​កើន​ឡើង​ជា​លំដាប់​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ករណី​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​នេះ រដ្ឋាភិបាល​គួរ​ជំរុញ​ឱ្យ​មាន​ច្បាប់​ដែល​ហាមប្រាម​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ ព្រមទាំង​ពិនិត្យ និង​ធ្វើ​វិសោធនកម្ម​នូវ​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​មួយ​ចំនួន​ឡើង​វិញ​ផង​ដែរ ជាពិសេស​បទល្មើស​បរិហារ​កេរ្តិ៍ និង​ការ​ញុះញង់ ដែល​រដ្ឋាភិបាល​បាន​ប្រើ​ដើម្បី​ចោទប្រកាន់​អ្នក​នយោបាយ សកម្មជន​សង្គម និង​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​មក។

អង្គការ​ឃ្លាំមើល​សេរីភាព​លើ​ពិភពលោក ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក (Freedom House) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង​អស់​ទៅ​ហើយ ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា​ពី​ការ​ប្រើប្រាស់​ច្បាប់​ដោយ​គ្មាន​តម្លាភាព ក្នុង​បំណង​គាប​សង្កត់​សិទ្ធិ​សេរីភាព​អ្នក​តវ៉ា​គ្រប់​មជ្ឈដ្ឋាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស