36 C
Phnom Penh

សហជីព​ការងារ​ស្នើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ជនល្មើស​វាយដំ​តំណាង​សហជីព​មក​ផ្ដន្ទាទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ជំរុញ​ឱ្យ​នគរបាល​យុត្តិធម៌​ចាត់​វិធានការ​លើ​ជន​បង្ក​រឿង ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា និង​បាន​បំផ្លាញ​ឯកសារ​ដែល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​សហព័ន្ធ​សហជីព​កម្ពុជា​ក្នុង​ក្រុមហ៊ុន ស៊ីក្លូ ខេមបូឌា ឯ.ក ផ្អែក​តាម​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ដាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា ទង្វើ​របស់​ជន​បង្ក​ដែល​បាន​វាយដំ និង​ជេរប្រមាថ​ទៅ​លើ​មន្ត្រី​សហព័ន្ធ​សហជីព​នេះ គឺជា​អំពើ​ហិង្សា​ដែល​បង្ក​ទ្បើង​ដោយ​ចេតនា ហើយ​ក៏​ជា​បទល្មើស​ជាក់ស្តែង​ក្នុង​ចេតនា​រារាំង​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​បង្កើត​សហជីព​ឯករាជ្យ​នៅ​ក្នុង​រោងចក្រ​នេះ​ដែរ។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិ​ការងារ​កំពុង​ធ្វើការ​ស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​លើ​ករណី​ប្រើ​អំពើ​ហិង្សា​នេះ ដើម្បី​ជំរុញ​ករណី​នេះ​ទៅ​តុលាការ ឲ្យ​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​ជន​បង្ក​ហិង្សា​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​តែម្តង។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សហព័ន្ធ​សហជីព​កម្ពុជា ដែល​ហៅ​កាត់​ថា ខាត ធូ (CATU) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ជន​បង្ក​ហេតុ​ឈ្មោះ ព្រំ កុសល (ហៅ​តយ) និង​បក្ខពួក រួម​ទាំង​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង ដែល​បាន​បញ្ជា​ឱ្យ​បង្ក​អំពើ​ហិង្សា​នេះ ទៅ​លើ​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា និង​បាន​បំផ្លាញ​ឯកសារ​ដែល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​សហព័ន្ធ​សហជីព​កម្ពុជា។

សហព័ន្ធ​សហជីព​កម្ពុជា រៀបរាប់​ថា ជន​បង្ក​ហេតុ​ឈ្មោះ ព្រំ កុសល (ហៅ​តយ) និង​បុរស​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា CATU និង​ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​ចំនួន ៤​នាក់​ទៀត ព្រមទាំង​បាន​បំផ្លាញ​ឯកសារ​បញ្ជិកា​សហជីព​កម្ពុជា​នៃ​ក្រុមហ៊ុន ស៊ីក្លូ (ខេមបូឌា) ឯ.ក ផង​ដែរ នៅ​ក្នុង​ហាង​មីហឺរ​មួយ​កន្លែង នៅ​វេលា​ម៉ោង ១១ និង​៣០​នាទី​ថ្ងៃ​ត្រង់​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ។

ប្រភព​ដដែល​បន្ត​ថា ជន​បង្ក​ហេតុ​នោះ​បាន​វាយ​មន្ត្រី​ចងក្រង​ម្នាក់​ឈ្មោះ​កញ្ញា ផល ចាន់ថា មួយ​ដៃ​ចំ​ថ្ពាល់​ខាងស្តាំ និង​វាយ​ប្រធាន​សហជីព​មូលដ្ឋាន​លោក គឹម ស៊ឺនមករា ចំ​ដើមទ្រូង​ថែម​ទៀត ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ ជន​បង្ក​រឿង​បាន​និយាយ​ប្រមាថ​ខ្លាំងៗ​ដោយ​គំរាម​ថា ពួក​អ្ហែង​ធ្វើ​អី? ការងារ​អី? សហជីព​អី? ជន​បង្ក​រឿង​បន្ថែម​ថា ពួក​អ្ហែង​ដឹង​ទេ នេះ​ជា​តំបន់​របស់​អញ កុំ​មក​រញ៉េរញ៉ៃ សូម​ប្រយ័ត្ន​ខ្លួន!។

សហព័ន្ធ​សហជីព​កម្ពុជា បញ្ជាក់​ថា ខ្លួន​បាន​សង្កេត​ឃើញ​ថា ជន​បង្ក​ហេតុ​ឈ្មោះ ព្រំ កុសល និង​បក្ខពួក បាន​ប្រព្រឹត្ត​ទង្វើ​រំលោភ​បំពាន​ច្បាប់​ទាំង​ងងើល ជាពិសេស​បំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ធានា​ការពារ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត។

សហព័ន្ធ​សហជីព​កម្ពុជា ស្នើ​ឱ្យ​អាជ្ញាធរ​នាំ​ខ្លួន​ជន​បង្ក​ហេតុ និង​បក្ខពួក ព្រមទាំង​អ្នក​នៅ​ពី​ក្រោយ​ខ្នង មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​របស់​សមាជិក ក្រុម​ការងារ និង​សហព័ន្ធ​សហជីព​កម្ពុជា​ជុំវិញ​ករណី​នេះ។

កាលពី​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្តល់​អនុសាសន៍ ១៣​ចំណុច​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ដើម្បី​ជំរុញ​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

យ៉ាងណាមិញ ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​តាម​រោងចក្រ និង​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ មិន​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​វិបត្តិ​កម្មករ ដែល​បាន​ស្នើ​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​ឡើយ ជាពិសេស​ការ​បង្ក្រាប​លើ​សហជីព​ឯករាជ្យ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា សង់ត្រាល់ បាន​បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​កម្មករ​មាន​ការ​រំលោភ​បំពាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ចលនា​សហជីព​ឯករាជ្យ ក្នុង​នោះ ការ​បញ្ឈប់​ពី​ការងារ​ចំពោះ​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​តាម​បណ្តា​ក្រុមហ៊ុន រោងចក្រ​មួយ​ចំនួន ចេះ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ ចំពោះ​សមាជិក ឬ​ថ្នាក់​ដឹកនាំ​សហជីព​ណា​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​កម្មករ​រងគ្រោះ។

អង្គការ​សង់ត្រាល់ បញ្ជាក់​ថា ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់ដឹកនាំ និង​សមាជិក សហជីព​ឯករាជ្យ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​សហជីព​ប្តឹង​ទៅ​ក្រសួង​ការងារ​ដែរ ប៉ុន្តែ​ករណី​ទាំងនោះ​នៅតែ​មិន​មាន​ដំណោះស្រាយ​ដដែល ខណៈ​ក្រសួង​ការងារ​តែងតែ​ចាត់ទុក​វិវាទ​ការងារ​នៃ​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ​ទៅ​ជា​វិវាទ​បុគ្គល​ទៅវិញ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​ចេះ​តែ​បន្ត​កើត​មាន​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស