ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ចង់បង្ក្រាបល្បែងស៊ីសងនៅប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពនោះ ទាល់តែលោក ហ៊ុន ម៉ាណែត ហ៊ានអនុវត្តច្បាប់ចាប់សមាជិកគ្រួសារត្រកូលហ៊ុន ដែលជាប់ពាក់ព័ន្ធ ដាក់ពន្ធនាគារ ជាពិសេសលោក ហ៊ុន តូ ដែលជាអ្នកជំនួញអបាយមុខល្បែងស៊ីសងគ្រប់ប្រភេទ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ កុម្ភៈ នេះថា អ្នកដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ធំៗនៅប្រទេសកម្ពុជា គឺជាសុទ្ធសឹងតែជាបក្ខពួក និងជាសាច់ញាតិគ្រួសារហ៊ុនទាំងអស់ ក្នុងនោះមានដូចជា បងជីដូនមួយលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ សមាជិកព្រឹទ្ធសភា ឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងសមាជិកព្រឹទ្ធសភាប្រទេសកម្ពុជាមួយរូបទៀត គឺឧកញ៉ា កុក អាន ជាដើម ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្មល្បែងទាំងស្របច្បាប់ ទាំងខុសច្បាប់ ហើយកំពុងពួនសម្ងំកើបប្រាក់ឱ្យត្រកូលហ៊ុនសព្វថ្ងៃនេះ។
លោក គឹម សុខ លើកឡើងថា ពួកគេបានចែកគ្នាគ្រប់គ្រងអាជីវកម្មទាំងស្របច្បាប់ ទាំងខុសច្បាប់ ទៅតាមខេត្តនីមួយៗរៀងខ្លួន ដូចជា ឧកញ៉ា ហ៊ុន តូ គ្រប់គ្រងបនល្បែងនៅខេត្តព្រះសីហនុ និងគ្រប់គ្រងល្បែងស៊ីសងខុសច្បាប់ជាច្រើនផ្សេងទៀត ដូចជា ល្បែងចាក់កន្ទុយលេខ ល្បែងជល់មាន់តាមអនឡាញ ប្រតិបត្តិការធនាគារងងឹត ល្បែងផ្សងសំណាង និងល្បែងខុសច្បាប់ជាច្រើនទៀត ព្រោះថាល្បែងទាំងនេះ បើគ្រួសារត្រកូលហ៊ុនមិនបើកដៃទេ ប្រាកដណាស់គឺមិនអាចសម្ងំធ្វើប្រតិបត្តិការបានទេ ទោះពួកគេប្រឹងលាក់លៀមកម្រិតណាក៏ដោយ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា វិធានការបង្ក្រាបទីតាំងល្បែងផ្សងសំណាងពីនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត គ្រាន់តែជាវិធានការប្រជាភិថុតិ កុហកប្រជាពលរដ្ឋមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះប៉ុណ្ណោះ ព្រោះថាម្ចាស់អាជីវកម្មធំៗនៃល្បែងផ្សងសំណាងទាំងនោះ គ្មាននរណាក្រៅពីសាច់ញាតិត្រកូលហ៊ុននោះឡើយ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំតាមរបបចាស់ពីឪពុក លោក ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយខ្សែអាត់សំឡេងប្រវែងជាង ២នាទីលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាឱ្យអភិបាលរាជធានីខេត្តទាំង២៥ ចាត់វិធានការត្រួតពិនិត្យស្រាវជ្រាវរកទីតាំងអាជីវកម្មល្បែងផ្សងសំណាងនានាក្នុងខេត្តរបស់ខ្លួន ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណក្នុងករណីម្ចាស់អាជីវកម្មល្បែងផ្សងសំណាងទាំងនោះបើកទីតាំងល្បែងថ្មីៗបន្តទៀត។
លោក ហ៊ុន ម៉ាណែត ព្រមានថា ក្នុងករណីមានការបើកទីតាំងផ្សងសំណាងថ្មីៗ អាជ្ញាធរត្រូវតែបិទទីតាំងទាំងនោះជាបន្ទាន់ និងរាយការណ៍ទៅនាយករដ្ឋមន្ត្រីដោយផ្ទាល់ ដើម្បីចាត់វិធានការឈានទៅដល់ការដកអាជ្ញាបណ្ណតែម្តង ព្រោះថាដំណាក់កាលនេះ គឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីបង្កើនការអភិវឌ្ឍ មិនមែនជាពេលវេលាដែលត្រូវពង្រាយទីតាំងល្បែងទេ។
តើនេះឬដែលហៅថាដំណើរអភិក្រម ឬគោលការណ៍រឹតបន្តឹងឡើងៗ ដើម្បីដកមន្ត្រីចាស់ៗដាក់មន្ត្រីក្មេងៗតាមរយៈការសូកប៉ាន់?
នាយករដ្ឋមន្ត្រីថ្មីបញ្ជាក់ថា ទោះបីជាមានច្បាប់អនុញ្ញាតឱ្យម្ចាស់អាជីវកម្មល្បែងផ្សងសំណាងអាចពង្រាយទីតាំងល្បែងរបស់ខ្លួននាពេលកន្លងមកក៏ដោយ ក៏មិនអនុញ្ញាតឱ្យមានការពង្រីកទីតាំងល្បែងផ្សងសំណាងនៅពេលនេះបន្តទៅទៀតដែរ ហើយគណៈអភិបាលខេត្តទាំងអស់ត្រូវអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន ១០ក្រុមហ៊ុន និងក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ដែលកំពុងប្រតិបត្តិការនៅលើទីតាំងជាង ៦០កន្លែង បានបន្តអាជីវកម្មដោយហួសសុពលភាព ប៉ុន្តែចាប់ពីពេលនេះតទៅ បើក្រុមហ៊ុនទាំងនោះនៅតែបន្តធ្វើអាជីវកម្មរបស់ខ្លួនទៀត អាជ្ញាធររាជធានីភ្នំពេញត្រូវតែធ្វើការបង្ក្រាបជាបន្ទាន់។
កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ការធ្វើប្រតិបត្តិការល្បែងផ្សងសំណាងនៅប្រទេសកម្ពុជា ដូចជា ភ្នាក់ងារលក់ឆ្នោតពីក្រុមហ៊ុនល្បែងផ្សងសំណាងមួយចំនួន បានធ្វើសកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសង ដូចជា ឆ្នោតកន្ទុយលេខ ល្បែងខេនណូ (Keno) ខុសច្បាប់ និងប្រភេទល្បែងដទៃទៀតដែលកំពុងជ្រកក្រោមអាជ្ញាបណ្ណល្បែងផ្សងសំណាងទាំងនោះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
មាត្រា១ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ចែងថា ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក៏ធ្លាប់បានចេញបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែរ រាប់តាំងពីឡូតូ និងកន្ទុយលេខ ដោយភ្ជាប់សារព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ដែលមានភាពអសកម្មលើបញ្ហានេះផងដែរ ប៉ុន្តែគេមិនដែលឃើញលោក ហ៊ុន សែន ដកតំណែងមន្ត្រីណាម្នាក់ជុំវិញករណីនេះម្តងណាឡើយ ខណៈល្បែងស៊ីសងទាំងនោះនៅតែបន្តធ្វើប្រតិបត្តិការរហូតដល់ពេលនេះ៕