30 C
Phnom Penh

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​បន្ទាប់ពី​ស្វែងរក​យុត្តិធម៌​ជាង​២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ស្នើ​ឱ្យ​តុលាការ នាយករដ្ឋមន្ត្រី ថៅកែ​ណាហ្គា​វើលដ៍ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ ផ្តល់​យុត្តិធម៌​ឱ្យ​ក្រុម​ខ្លួន និង​ស្នើ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​ទទួល​យក​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់ ឱ្យ​បាន​ចូល​ធ្វើការ​វិញ បន្ទាប់ពី​ពួកគេ​ស្វែងរក​យុត្តិធម៌​អស់​រយៈពេល​ជាង ២​ឆ្នាំ​មិន​បាន​ផល។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ២០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​កាន់​បដា​មាន​សរសេរ​អក្សរ ដូចជា LRSU តំណាង​ឱ្យ​សិទ្ធិ​ការងារ មាន​សហជីព មាន​សិទ្ធិ​ការងារ Naga World Don’t Use $ to Buy Rights ដែល​ប្រែ​ថា ណាហ្គា​វើលដ៍ កុំ​ប្រើ​លុយ​ដុល្លារ​ទិញ​សិទ្ធិ កាន់​រូបថត​កញ្ញា ឈឹម ស៊ីថរ និង​កាន់​ផ្កា​កុលាប​តំណាង​ឱ្យ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១៤​កុម្ភៈ ផង​ដែរ។

ក្រុម​កូដករ​ទាំងនោះ​លើកឡើង​ថា មាន​តែ​សហជីព​ប៉ុណ្ណោះ​ដែល​អាច​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មករ​និយោជិត​ដែល​ប្រឈម​នឹង​ការ​រំលោភ​បំពាន​នៅ​កន្លែង​ធ្វើការ ប៉ុន្តែ​អស់​រយៈពេល​ជាង ២​ឆ្នាំ​ហើយ​ដែល​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើលដ៍​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ចេតនា​ដើម្បី​រំលាយ ដោយ​ការ​បញ្ឈប់​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព រួម​ទាំង​បាន​ចោទ ប្តឹង និង​ចាប់​ឃុំ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ថែម​ទៀត។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ជាក់​ថា ការ​ទាមទារ​របស់​កម្មករ​និយោជិត​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ទទួល​យក​កម្មករ​និយោជិត​ឱ្យ​ចូល​ធ្វើការ​វិញ បញ្ឈប់​ការ​រើសអើង​លើ​សហជីព និង​ទម្លាក់​រាល់​បទ​ចោទ​លើ​កម្មករ​និយោជិត​ដែល​ចូលរួម​ធ្វើ​កូដកម្ម មិនមែន​ជា​រឿង​ហួសហេតុ​ដែល​ភាគី​ក្រុមហ៊ុន​មិន​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ការ​មិន​ទទួល​យក​សំណើ​របស់​កម្មករ​បែប​នេះ គឺ​ដោយសារតែ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មាន​បំណង​រំលាយ​សហជីព​ឱ្យ​ផុត​ចេញពី​ក្រុមហ៊ុន​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្នុង​បំណង​រំលាយ​ក្រុម​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ ក្រោម​លេស​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ព្រោះ​ថា​បុគ្គលិក​ទាំង​ជាង ១​ពាន់​នាក់​នេះ គឺ​សុទ្ធសឹងតែ​ជា​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​ដែល​តែងតែ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ជូន​កម្មករ​រងគ្រោះ​កន្លង​មក។

កម្មករ​និយោជិត​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ អះអាង​ថា ការ​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ចេតនា​ដើម្បី​លុបបំបាត់​ក្រុម​សហជីព​ដែល​តែងតែ​ជួយ​ការពារ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ប៉ុណ្ណោះ មិនមែន​ដោយសារ​ក្រុមហ៊ុន​ជួប​វិបត្តិ​កូវីដ-១៩ នោះ​ទេ ត្បិត​ក្រុមហ៊ុន​មាន​ចេតនា​គេចវេះ​ពី​ការ​ផ្តល់​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​និយោជិត​ទៅ​តាម​ច្បាប់​ការងារ​ដែល​បាន​កំណត់ ដែល​តែងតែ​ត្រូវ​បាន​ជំទាស់ និង​តវ៉ា​ទាមទារ​ដោយ​ក្រុម​សហជីព​ទាំងនោះ។

ក្រោយ​ពី​ប្រកាស​បញ្ឈប់​បុគ្គលិក​ដោយ​រំលោភ​លើ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ ក៏​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​តែម្តង ប៉ុន្តែ​រហូត​ដល់​ដើម​ឆ្នាំ​២០២៤ នេះ គឺ​មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​សព្វថ្ងៃ​នេះ។

សព្វថ្ងៃ​នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយ​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​នា​ពេល​កន្លងមក។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch រិះគន់​កាលពី​ពេល​កន្លង​ទៅ​ថា ការ​មិន​អើពើ​ពី​សំណាក់​រាជរដ្ឋាភិបាល​ជុំវិញ​វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ និង​ការ​ចោទប្រកាន់​របស់​តុលាការ​ចំពោះ​កម្មករ​ទាំងនេះ បង្ខំ​ឱ្យ​កម្មករ​រងគ្រោះ​ទាំងនោះ​ប្រឈមមុខ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​អាជ្ញាធរ​បន្ថែម​ពី​លើ​ការ​ប្រឈម​ជាមួយ​នឹង​ម្ចាស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​រំលោភ​ច្បាប់​បញ្ឈប់​ពួកគេ​ពី​ការងារ​ខុសពី​លក្ខខណ្ឌ​ច្បាប់​ស្ដីពី​ការងារ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ចែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស