30 C
Phnom Penh

ប្រធាន​តុលាការ​កំពូល​និង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ជា​ឪពុក​កូន​ត្រូវ​បាន​តែងតាំង​តួនាទី​បន្ថែម​ក្នុង​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​តែងតាំង​តួនាទី​បន្ថែម​ដល់​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង ជា​សហប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ខណៈ​លោក កេង សុម៉ារិទ្ធ ដែល​ត្រូវ​ជា​កូនប្រុស ក៏​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​នេះ​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ កុម្ភៈ សម្រេច​ត្រាស់​បង្គាប់​តែងតាំង​តួនាទី​បន្ថែម​ដល់​ប្រធាន​តុលាការ​កំពូល និង​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក ជីវ កេង ជា​សហប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​មាន​សមាជិក​ជិត ៣០​នាក់ (២៥​នាក់)។

ព្រះមហាក្សត្រ​ខ្មែរ​បាន​ត្រាស់​បង្គាប់​ក្នុង​ព្រះរាជក្រឹត្យ​មួយ​ផ្សេង​ទៀត​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ដដែល ដោយ​តែងតាំង​រដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌​ម្នាក់​ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​លោក ជីវ កេង គឺ​លោក កេង សុម៉ារិទ្ធ ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ​ឱ្យ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង​ដែរ។

ការ​តែងតាំង​សមាសភាព​មន្ត្រី​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​រៀបចំ​សែស្រឡាយ​ពូជពង្ស​វង្ស​ត្រកូល​អ្នក​មាន​អំណាច ដើម្បី​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​ពី​ឪពុក​ទៅ​កូន ដើម្បី​រក្សា​អំណាច​ក្រុម​គ្រួសារ និង​បក្ខពួក​ប៉ុណ្ណោះ។

កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ។

ជាក់ស្តែង នៅ​ពេលនេះ លោក ហ៊ុន សែន បាន​បង្ហាញ​ពី​អំណាច​ចាត់ចែង​ក្នុង​នាម​ជា​ឪពុក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​គាត់​បាន​លើក​បន្តុប​នៅ​ក្រោយ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ដូច្នេះ​ធនធាន​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន មិន​មាន​ឱកាស​នឹង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទេ គឺ​មាន​តែ​បក្ខពួក និង​ក្រុម​គ្រួសារ​សាច់ញាតិ​លោក ហ៊ុន សែន ប៉ុណ្ណោះ ដែល​អាច​ចូល​ទៅ​ក្តោប​ក្តាប់​ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​ជាតិ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ គ្រាន់តែ​ជា​កងកម្លាំង​ឧទ្ទាម​រំលោភ​ច្បាប់​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ មិនមែន​ជា​សមាសភាព​រដ្ឋាភិបាល​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះ​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​ធនធាន​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ឡើយ ក្រៅ​តែ​ពី​ទទួល​បញ្ជា​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នោះ។

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក កូនៗ​នៃ​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត ក៏​ត្រូវ​ប្រកាស​តែងតាំង​ឱ្យ​បន្ត​តំណែង​ពី​ឪពុក​ជា​បន្តបន្ទាប់​ដែរ ដូចជា លោក ស សុខា កាន់​តំណែង​ជំនួស​លោក ស ខេង លោក ទៀ សីហា ជំនួស​តំណែង​លោក ទៀ បាញ់ និង​អ្នកស្រី ជា សិរី ជំនួស​តំណែង​លោក ជា ចាន់តូ កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ជាដើម។

ក្រៅពី​ការ​រៀបចំ​តែងតាំង​ឱ្យ​ជំនួស​តំណែង​ឪពុក កូនៗ​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​តាម​ក្រសួង​ស្ថាប័ន​នានា​ផង​ដែរ ស្រប​ពេល​ដែល​ឪពុក​របស់​ពួកគេ​ក៏​កំពុង​កាន់​តួនាទី​សំខាន់ៗ​តាម​ក្រសួង​ស្ថាប័ន​ដែរ​នោះ ដូចជា លោក ឌិត ទីណា កូនប្រុស​អតីត​ប្រធាន​តុលាការ​កំពូល​លោក ឌិត មុន្ទី កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សាយ សំអាល់ កូនប្រុស​លោក សាយ ឈុំ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​កូនប្រសា​ប្រុស​លោក ជា សុផារ៉ា គឺ​លោក អ៊ាង សុផាល្លែត កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាដើម ហើយ​កូនៗ​មន្ត្រី​រដ្ឋាភិបាល​ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​សាច់ញាតិ​ប្រទាក់ក្រឡា​គ្នា​របស់​ពួកគេ​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

សេចក្តី​រាយការណ៍​ដដែល​បង្ហាញ​ថា តាមរយៈ​បញ្ជី​ឈ្មោះ​ផ្លូវការ​នៃ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​យ៉ាង​ប្រទាក់ក្រឡា​ចាក់ស្រេះ​គ្នា ដើម្បី​ចូល​ទៅ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ចាត់ចែង​ដោយ​លោក ហ៊ុន ម៉ាណែត ខណៈ​មន្ត្រី​តាម​ស្ថាប័ន​ជាន់ខ្ពស់​នានា ត្រូវ​គេ​មើល​ឃើញ​ថា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកស្រី ប៊ុន រ៉ានី និង​លោក ហ៊ុន សែន ផង​ដែរ ដែល​មាន​ន័យ​ថា ឪពុកម្ដាយ​គ្រប់គ្រង​មន្ត្រី​ជាន់ខ្ពស់​ចាស់ៗ ចំណែក​កូន​គ្រប់គ្រង​កូន​ដែល​ទើប​នឹង​ត្រូវ​តែងតាំង​ថ្មី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស