លោក ហ៊ុន ម៉ាណែត លើកឡើងថា ការបន្តធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរនៅក្នុងរដ្ឋាភិបាលនីតិកាលទី៧។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅថ្ងៃទី០៥ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានអួតថា ទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុក «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយសំខាន់ក្នុងចំណោមមុំទាំង៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ក៏បានប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ រៀបចំផែនការសកម្មភាពជាក់ស្តែងសំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការជាអាទិភាពសំខាន់ៗ ដូចជា ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ និងសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស រួមទាំងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងបុព្វហេតុរកយុត្តិធម៌ជូនពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្ដីដោយតុលាការ។
នាយករដ្ឋមន្ត្រីបន្តពូជរូបនេះអះអាងថា ការបន្តធ្វើកំណែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរ។
ទោះបីជាលោក ហ៊ុន ម៉ាណែត ប្រកាសប្ដេជ្ញាបន្តធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ក្ដែងៗក៏ដោយ ប៉ុន្តែរដ្ឋាភិបាលរបស់លោកត្រូវបានអ្នកឃ្លាំមើល និងសហគមន៍អន្តរជាតិ រិះគន់ថា ការដឹកនាំរបស់លោកមិនខុសពីឪរបស់លោកនោះទេ តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ដើម្បីចាប់ខ្លួនសកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនបក្សប្រឆាំងដែលមានមតិផ្ទុយពីរដ្ឋាភិបាល ដាក់ពន្ធនាគារតាមទំនើងចិត្ត។
អ្នកឃ្លាំមើលសង្គម និងនយោបាយ លោក ស៊ឹង សែនករុណា បានឲ្យដឹងថា លោកមិនទាន់មើលឃើញភាពប្រសើរឡើងក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅឡើយទេ ព្រោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាណត្តិមុន លោក កើត រិទ្ធ ដែលជាអ្នកមិនមានស្នាដៃអ្វីល្អលេចធ្លោនោះ នៅបន្តកាន់តំណែងនេះដដែល។ លោកថា ករណីអ្នកមានអំណាចដាក់សម្ពាធលើស្ថាប័នយុត្តិធម៌ នៅតែជាឧបសគ្គធំនៅកម្ពុជានៅឡើយ។
លោកបន្តថា ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ គឺចៅក្រម និងព្រះរាជអាជ្ញា ត្រូវធ្វើការដោយឯករាជ្យ បើតុលាការមិនអាចផ្តល់យុត្តិធម៌បានទេ មហាជនត្រូវធ្វើចលនាទាមទារឡើង។
កាលពីថ្ងៃទី៣០ ខែសីហា សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នថាជាការដឹកនាំបែបផ្ដាច់ការ និងយកគំរូពីលោក ហ៊ុន សែន ដែលជាឪពុក។
សភាអាស៊ានដើម្បីសិទ្ធិមនុស្សសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបង្ក្រាប និងចាប់ខ្លួនក្រុមសកម្មជន ពលរដ្ឋ រួមទាំងបក្សប្រឆាំងយ៉ាងហោចណាស់ ៩៤នាក់ ក្រោយពេលពួកគេរិះគន់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV៕