36 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ថា​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​ការពារ​សិទ្ធិ​សហជីព​និង​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ព្រមាន​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​បាន​ការពារ​សិទ្ធិ​សហជីព និង​កម្មករ​និយោជិត​ទេ​ក្នុង​វិវាទ​រវាង​កម្មករ និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ ខណៈ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ និង​អំណាច​គ្រប់​បែប​យ៉ាង​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​តាម​អំពើ​ចិត្ត។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា វិវាទ​ការងារ​រវាង​កម្មករ​និយោជិត និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​អូស​បន្លាយ​អស់​រយៈពេល ៧៩២​ថ្ងៃ​ហើយ បើ​ទោះបីជា​ភាគី​កម្មករ​និយោជិត​ព្យាយាម​រក​ដំណោះស្រាយ និង​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​រដ្ឋ​ហើយ​ក៏ដោយ តែ​ផ្ទុយទៅវិញ គឺ​មាន​តែ​ការ​ជំរុញ​ឲ្យ​កម្មករ​និយោជិត​ចុះហត្ថលេខា​បញ្ចប់​កិច្ចសន្យា​ការងារ ដោយ​ទទួល​ស្គាល់​ថា​ថៅកែ​ក្រុមហ៊ុន​មាន​សិទ្ធិ​បញ្ឈប់​កម្មករ​គ្រប់​ពេល បើ​ទោះបីជា​ការ​បញ្ឈប់​នោះ​មិន​អនុលោម​តាម​ស្មារតី​នៃ​ច្បាប់​របស់​កម្ពុជា​ក៏ដោយ។

សហជីព​ទ្រទ្រង់​សិទ្ធិ​កម្មករ​មួយ​នេះ​រៀបរាប់​ថា ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០២២ មក ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​បង្កក​ប្រាក់​វិភាគទាន​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំងស្រុង ក្នុង​នោះ​ក្រុមហ៊ុន​បាន​កាត់​ប្រាក់​វិភាគទាន​ពី​សមាជិក​សហជីព​ទាំងអស់​ក្នុង​ក្រុមហ៊ុន ខណៈ​លុយ​ទាំងនោះ​ក្រុមហ៊ុន​មិន​បាន​ផ្ទេរ​ចូល​ទៅ​គណនី​ធនាគារ​រួម​របស់​សហជីព​ទេ ហើយ​ទង្វើ​រំលោភ​ច្បាប់​សហជីព​បែប​នេះ ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ចូល​ដល់​ឆ្នាំ​២០២៤ នេះ ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​បន្ត​ការ​យាយី​ទៅ​លើ​កម្មករ​និយោជិត​ឥត​ស្រាកស្រាន្ត​ដដែល។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ហៅ​បុគ្គលិក​ដែល​ជា​សមាជិក​សហជីព​មក​ប្រជុំ​ដោយ​ដាក់​លក្ខខណ្ឌ​ឱ្យ​ពួកគេ​សរសេរ​ពាក្យ​លាឈប់​ពី​សហជីព និង​សរសេរ​ពាក្យ​ស្នើសុំ​វិភាគទាន​ដែល​ក្រុមហ៊ុន​បាន​បង្កក​កន្លង​មក​នោះ ក្នុង​នោះ ក្រុមហ៊ុន​សន្យា​ថា ពួកគេ​នឹង​ផ្ទេរ​លុយ​ទាំងនោះ​ឱ្យ​ពួកគេ​ដោយ​ផ្ទាល់​វិញ ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត​ក្នុង​ចេតនា​រំលាយ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodai Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​វិវាទ​កម្មករ​និយោជិត​ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេះ​តែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ គឺជា​ការ​បំផ្លាញ​មុខមាត់​កម្ពុជា​ធ្ងន់ធ្ងរ ដែល​ទង្វើ​ទាំងនេះ​គ្មាន​ផល​ចំណេញ​អ្វី​បន្តិច​សោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ។

លោក សេក សុជាតិ លើកឡើង​ថា ក្រសួង​ការងារ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ធានា​ការពារ​នូវ​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​របស់​កម្ពុជា ដោយ​គ្មាន​ការ​រំលោភ​បំពាន​ពី​ភាគី​ណា​មួយ តែ​ផ្ទុយទៅវិញ ប្រសិនបើ​ក្រសួង​ការងារ​បើក​ដៃ​ឱ្យ​ភាគី​ណា​មួយ​រំលោភ​បំពាន​លើ​ភាគី​មួយ​ផ្សេង​ទៀត នោះ​ប្រទេស​កម្ពុជា​នឹង​រងគ្រោះ​ដោយ​ផ្ទាល់​ពី​ទង្វើ​នេះ ក្នុង​នោះ ប្រសិនបើ​ក្រសួង​ការងារ ការពារ​ឱ្យ​កម្មករ​រំលោភ​បំពាន​លើ​ភាគី​ក្រុមហ៊ុន វា​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​លែង​ហ៊ាន​ទៅ​បណ្ដាក់ទុន​វិនិយោគ​បន្ត​ទៀត​ជាមិនខាន ហើយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ពិតប្រាកដ។

អ្នក​ប្រឹក្សា​យោបល់​រូប​នេះ​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​ក្រសួង​ការងារ​ការពារ​ក្រុមហ៊ុន​ឱ្យ​រំលោភ​បំពាន​លើ​សិទ្ធិ​កម្មករ នោះ​នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​ជាប់​ឈ្មោះ​អាក្រក់ ព្រមទាំង​បំផ្លាញ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ថែម​ទៀត ខណៈ​ក្រុមហ៊ុន​ល្អ​ក៏​មិន​ហ៊ាន​ចូល​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​ដែរ។

លោក​បន្ត​ថា ដើម្បី​ថែរក្សា​កេរ្តិ៍ឈ្មោះ និង​ផល​ប្រយោជន៍​របស់​កម្ពុជា​ឱ្យ​ល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេស​មុខមាត់​របស់​រដ្ឋាភិបាល ក្រសួង​ការងារ​មាន​ភារកិច្ច​ចាំបាច់​បំផុត​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព និង​ច្បាប់​ផ្សេង​ទៀត​ឱ្យ​បាន​សុក្រឹត ដោយ​គ្មាន​ភាគី​ណា​មួយ​រងគ្រោះ​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ប្រកាស​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្នុង​បំណង​រំលាយ​ក្រុម​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ ក្រោម​លេស​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ព្រោះ​ថា​បុគ្គលិក​ទាំង​ជាង ១​ពាន់​នាក់​នេះ គឺ​សុទ្ធសឹងតែ​ជា​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​ដែល​តែងតែ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ជូន​កម្មករ​រងគ្រោះ​កន្លង​មក។

រហូត​មក​ទល់​ពេលនេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​បណ្តឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយ​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​នា​ពេល​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស