33 C
Phnom Penh

អង្គការ​សង់ត្រាល់​ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​នៅ​ជប៉ុន ជួយ​តំណាង​សហជីព​ជាប់​ឆ្នោត​ឱ្យ​រួច​ពី​ការ​ឃុំ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង់ត្រាល់ ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ សម្រេច​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​ធំ​បញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន ឈ្មោះ អាសិក (ASICS) នៅ​ថ្ងៃ​ពុធ ទី​២៨ កុម្ភៈ នេះ ដោយ​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​កាន់​រោងចក្រ វីង​ស្ដារ​ស៊ូ (Wing Star Shoes Co., Ltd) ដើម្បី​ឱ្យ​ដោះលែង​បេក្ខជន​ប្រធាន​សហជីព​ជាប់​ឆ្នោត​លោក ជា ចាន់ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ឲ្យ​មាន​សេរីភាព​វិញ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​នាយក​ក្រុមហ៊ុន អាសិក លោក យូគីអូ អ៊ូរាតា នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​ជាប់​ឆ្នោត​នៃ​រោងចក្រ វីង​ស្ដារ​ស៊ូ លោក ជា ចាន់ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន​ដែល​ចេញពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ឡើយ។

ប្រភព​ដដែល​បន្ថែម​ថា ក្រោយ​ការ​ចាប់​ខ្លួន ទើប​តុលាការ​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​សម​គំនិត​លួច ដែល​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០២២ ខណៈ​បទ​ចោទ​នេះ​ក៏​ខ្វះ​មូលដ្ឋាន​ផ្លូវ​ច្បាប់​ថែម​ទៀត។

លោក មឿន តុលា លើកឡើង​ថា លោក ជា ចាន់ បាន​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ វីង​ស្ដារ​ស៊ូ តាំងពី​អំឡុង​ឆ្នាំ​២០១១ មក ហើយ​ក៏​មិន​ដែល​មាន​បញ្ហា​អ្វី​ដែរ រហូត​ដល់​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ទើប​លោក​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ចាប់​ឃុំ​ខ្លួន បន្ទាប់ពី​លោក​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​កាលពី​ដើម​ខែ​មករា ឆ្នាំ​ដដែល​នេះ។

លោក​បន្ត​ថា នេះ​ជា​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ ប៉ុន្តែ​តុលាការ​បែរ​ជា​ចោទប្រកាន់​ជុំវិញ​ករណី​ចាប់​ខ្លួន​នេះ​ពី​បទ សមគំនិត​លួច កាលពី​អំឡុង​ឆ្នាំ​២០២២ ទៅ​វិញ។

ប្រភព​ដដែល​បន្ថែម​ថា ចម្ងល់​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​ការ​ចាប់​ខ្លួន​នេះ​មិន​អនុវត្ត​នៅ​អំឡុង​ឆ្នាំ​២០២២ ដែល​តុលាការ​បាន​ចោទប្រកាន់​ថា​លោក ជា ចាន់ បាន​សមគំនិត​លួច​សម្ភារៈ​រោងចក្រ​នៅ​ឆ្នាំ​នោះ ប្រសិនបើ​លោក ជា ចាន់ បាន​ប្រព្រឹត្ត​មែន​នោះ។ ផ្ទុយទៅវិញ ហេតុ​ដូចម្តេច​បាន​ជា​សមត្ថកិច្ច​មក​ចាប់​ខ្លួន​លោក​នៅ​ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​លោក​ចូលរួម​បង្កើត​សហជីព និង​ជាប់​ឆ្នោត​ជា​ប្រធាន​នៅ​ពេលនេះ​ទៅវិញ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់​រូប​នេះ​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ផ្ទៃក្នុង​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ច្បាប់ បាន​រក​ឃើញ​ថា ចាប់តាំងពី​ការ​បង្កើត​សហជីព​មូលដ្ឋាន​ឯករាជ្យ​នៅ​រោងចក្រ វីង​ស្ដារ​ស៊ូ ពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ នេះ​មក ការ​ជ្រៀតជ្រែក និង​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​បង្កើត​សហជីព និង​អំឡុង​ពេល​ដំណើរការ​សម្រាប់​ការ​ចុះឈ្មោះ​សមាជិក​សហជីព​ថ្មី​ក្រោយៗ​មក​ទៀត។

លោក មឿន តុលា គូស​បញ្ជាក់​ថា ការ​ចោទប្រកាន់​លើ​លោក ជា ចាន់ ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជុំវិញ​ការ​អនុវត្ត​សេរីភាព​សមាគម ដែល​ជា​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ដោយ​អនុសញ្ញា​ស្នូល​លេខ​៨៧ និង​លេខ​៩៨ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ក៏ដូចជា​ក្រមសីលធម៌​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ASICS ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៅ​រោងចក្រ​ផ្គត់ផ្គង់​របស់​ខ្លួន គឺ​រោងចក្រ វីង​ស្ដារ​ស៊ូ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ផង​ដែរ។

ការ​ដាក់​លិខិត​ទៅ​កាន់​ក្រុមហ៊ុន​បញ្ចា​ទិញ​នៅ​ប្រទេស​ជប៉ុន នេះ ធ្វើ​ឡើង​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នេះ​ជួយ​ជំរុញ​ឱ្យ​រោងចក្រ វីង​ស្ដារ​ស៊ូ ដោះលែង​លោក ជា ចាន់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ កម្មករ​រោងចក្រ Wing Star Shoes បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​សហជីព​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​របស់​កម្ពុជា ក្នុង​នោះ លោក ជា ចាន់ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន។ ស្រាប់តែ​នៅ​ថ្ងៃទី​១៤ កុម្ភៈ លោក ជា ចាន់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កម្រោល​ដោយ​មិន​ប្រាប់​ពី​មូលហេតុ និង​គ្មាន​ដីកា​របស់​តុលាការ។

ក្រោយ​ការ​ចាប់​ខ្លួន​បាន ៣​ថ្ងៃ នៅ​ថ្ងៃទី​១៧ កុម្ភៈ តុលាការ​បាន​សម្រេច​ចោទប្រកាន់​លោក ជា ចាន់ ពី​បទ «សមគំនិត​ក្នុង​អំពើ​លួច» និង​ឈ្មោះ ដួង សំណាង ពី​បទ «លួច» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង វីង​ស្ដារ​ស៊ូ កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ។

មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​លួច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ​ដល់ ៦​លាន​រៀល។

ក្រោយ​ការ​ចាប់​ខ្លួន សហព័ន្ធ​សហជីព​កម្ពុជា (CATU) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា សកម្មភាព​ឃាត់​ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​កម្ពុជា លោក ជា ចាន់ គឺជា​ការ​គំរាម​កំហែង និង​រំលោភ​បំពាន​ផ្នែក​សេរីភាព​សហជីព​របស់​ក្រុមហ៊ុន វីង​ស្ដារ​ស៊ូ ធ្ងន់ធ្ងរ ព្រោះ​ថា ក្រោយពី​លោក ជា ចាន់ បង្កើត​សហជីព​ក្នុង​រោងចក្រ ភាគី​តំណាង​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ចុះបញ្ចូល និង​ផ្ញើ​សារ​បំភិតបំភ័យ​ក្នុង​គោលបំណង​ឱ្យ​លោក​បោះបង់​ការ​បង្កើត​សហជីព​នេះ​ជា​បន្តបន្ទាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សហជីព​សកល Industrial Global Union បាន​ចេញ​លិខិត​ថ្កោលទោស​មួយ​ទៅ​កាន់​នាយក​រោងចក្រ Wing Star Shoes លោក Chiu Ching TING បន្ទាប់ពី​លោក ជា ចាន់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ដោយ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក ជា ចាន់ នៅ​ពេលនេះ គឺជា​ឧបាយកល​បង្ក្រាប​សហជីព​ប៉ុណ្ណោះ។

សហជីព​សកល​បញ្ជាក់​ថា ជា​ការ​ចាំបាច់​ណាស់​ដែល​ក្រុមហ៊ុន​ស្បែកជើង​កម្ពុជា វីង​ស្ដារ​ស៊ូ ត្រូវ​ដក​ចេញ​នូវ​របាយការណ៍​មិន​ពិត ហើយ​ដោះលែង​លោក ជា ចាន់ និង​បញ្ចប់​រាល់​ការ​គំរាមកំហែង​លើ​សមាជិក​សម្ព័ន្ធ​សហជីព​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស