36 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​កៀរគរ​អ្នកគាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ញូវហ្សេលែន ឱ្យ​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ បង្ហាញ​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ មិន​គោរព​សិទ្ធិមនុស្ស​បាន​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ការ​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ក៏​កំពុង​អនុវត្ត​នយោបាយ​បំបិទ​សំឡេង​អ្នក​ប្រជាធិបតេយ្យ និង​សំឡេង​សកម្មជន​សង្គម​នានា​តាម​របៀប​ដឹកនាំ​របស់​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ ក្នុង​នោះ លោក ហ៊ុន ម៉ាណែត ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​គាប​សង្កត់​ឆ្លងដែន​ខ្លាំង​ជាង​លោក ហ៊ុន សែន ទៀត។

លោក ម៉ែន ណាត លើកឡើង​ថា តាមរយៈ​នៃ​ការ​ដឹកនាំ​ដោយ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​បែប​នេះ លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​នៅ​ប្រទេស​អូស្ត្រាលី ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា ដូចជា​ការ​លើកឡើង​របស់​គាត់​ក្នុង​ពេល​ជួបជុំ​អ្នកគាំទ្រ​នៅ​ទីក្រុង​មែលប៊ន កាលពី​ពេល​ថ្មីៗ​នេះ​បាន​ទេ។

លោក​បន្ថែម​ថា ការ​ជួបជុំ​អ្នកគាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ពេលនេះ ក៏​មិន​ខុស​ពី​ការ​ជួបជុំ​អ្នកគាំទ្រ​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​បារាំង កាល​ពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ ដែរ ដែល​លោក ហ៊ុន ម៉ាណែត អះអាង​ពី​ការ​ដើរ​គោះ​ទ្វារ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ទៅ​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ទីបំផុត គ្មាន​អ្នក​វិនិយោគ​ណា​ហ៊ាន​ទៅ​បោះទុន​វិនិយោគ​នោះ​ទេ ដោយសារតែ​ពួកគេ​ខ្លាចរអា​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ស្ថិត​ក្នុង​ទម្រង់​ដឹកនាំ​តាម​របៀប​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ នឹង​មិន​អាច​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​ទេ គឺ​មាន​តែ​បំផ្លាញ​កម្ពុជា​ប៉ុណ្ណោះ។ ជាក់ស្តែង ដូចជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញ​នីតិរដ្ឋ បំផ្លាញ​ប្រព័ន្ធ​យុត្តិធម៌​សង្គម និង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាដើម ស្រប​ពេល​ដែល​ធនធាន​ធម្មជាតិ​ខ្មែរ​ក៏​ចេះ​តែ​ហិនហោច​ទៅៗ​ក្រោម​បណ្ដាញ​សែស្រឡាយ បក្ខពួក ដែល​រុំ​ព័ទ្ធ​ដោយ​ប្រព័ន្ធ​ដឹកនាំ​គ្រួសារ​និយម​បន្ត​ពី​លោក ហ៊ុន សែន មក​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

កិច្ចប្រជុំ​កំពូល​អូស្ត្រាលី-អាស៊ាន ក្នុង​ទីក្រុង Melbourne មាន​រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ចន្ទ រហូត​ដល់​ថ្ងៃ​ពុធ សប្ដាហ៍​នេះ។ កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ដើម្បី​រំឭក​ដល់​ខួប ៥០​ឆ្នាំ​ដែល​ប្រទេស​អូស្ត្រាលី បាន​ក្លាយ​ជា​ដៃគូ​ខាងក្រៅ​ដំបូង​បំផុត​របស់​អាស៊ាន​កាលពី​អំឡុង​ទសវត្សរ៍​១៩៧០ នោះ។

ជុំវិញ​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​តំណាង​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​សមាជិក បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​តាំងពី​ថ្ងៃទី​១ ខែ​មីនា មក​ម្ល៉េះ ក្នុង​បំណង​ទៅ​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​ក្នុង​ប្រទេស​អូស្ត្រាលី មុន​នឹង​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ។

វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ពេលនេះ មិន​មែន​មាន​តែ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​ស្វាគមន៍​លោក ក្នុង​នោះ​ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​សង្គម​រាប់​រយ​នាក់ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋសភា​ប្រទេស​អូស្ត្រាលី ទីក្រុង​មែលប៊ន (Melbourne) ធ្វើ​បាតុកម្ម​ក្នុង​បំណង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ដែរ។

ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី ប្រាប់​សារព័ត៌មាន The Cambodia Daily អំឡុង​ពេល​ចូលរួម​បាតុកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត និង​ពលរដ្ឋ​ដែល​ចូលរួម​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត គឺ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ។

បណ្ឌិត សេង សារី លើកឡើង​ថា គ្រាន់តែ​ប្រតិភូ​អម​ដំណើរ​លោក ហ៊ុន ម៉ាណែត មាន​ចំនួន​ជាង ៥០០​នាក់ ចំណែក​ប្រជាពលរដ្ឋ​ដែល​ទៅ​ពី​ប្រទេស​ញូវហ្សេលែន និង​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​អូស្ត្រាលី មាន​ប្រមាណ ៦០០​នាក់​ទៀត ប៉ុន្តែ​វត្តមាន​របស់​អ្នក​ទាំងនោះ​គ្រាន់តែ​ទៅ​បង្ហាញ​មុខ​ឱ្យ​លោក ហ៊ុន ម៉ាណែត បាន​ឃើញ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ​ដែល​ទទួល​បាន​ពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ មិន​មែន​ចូលរួម​ដោយ​ទឹកចិត្ត​ស្រឡាញ់​ដូច​ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម​នោះ​ទេ។

កាលពី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ខ្មែរ ភូមា យៀកណាម មកពី​តាម​បណ្តា​រដ្ឋ និង​ទីក្រុង​នានា​ប្រមាណ​ជាង ៥០០​នាក់​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដឹកនាំ​ដោយ​ការ​រំលោភ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​របស់​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំឡុង​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី ក្នុង​ទីក្រុង​មែលប៊ន (Melbourne) នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មេធាវី​អន្តរជាតិ កញ្ញា សេង ធារី ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ រួម​ទាំង​អ្នកទោស​នយោបាយ​ដែល​កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ពុំ​មាន​តំណាង​ចូលរួម​ក្នុង​នាម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទេ ព្រោះ​តែ​ពុំ​ព្រម​អនុវត្ត​តាម​សេចក្តី​សម្រេច​ជា​ឯកច្ឆន្ទ​នៃ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​នា​ក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី។ ចំពោះ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី-អាស៊ាន គឺ​ផ្ដោត​លើ​ផល​ប្រយោជន៍​រួម ទាំង​សន្តិសុខ ទាំង​សេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese ថា​ការ​ផ្ដាច់​ខ្លួន​ពី​សហគមន៍​អាស៊ាន ជា​ការ​ខាតបង់​ឥត​ប្រយោជន៍។

ពលរដ្ឋ​សរុប​ក្នុង​សហគមន៍​អាស៊ាន​មាន​ចំនួន​ជាង ៦៥០​លាន​នាក់ និង​មាន​ទំហំ​សេដ្ឋកិច្ច​ជា​ទឹកប្រាក់​ប្រមាណ ៣​ម៉ឺន​លាន​ដុល្លារ។ អូស្ត្រាលី​បាន​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​អាស៊ាន​ឲ្យ​មូលមតិ​ចុះ​កិច្ចព្រមព្រៀង​គាំទ្រ​ប្រទេស​ហ្វីលីពីន ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន រឿង​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​កង់បេរ៉ា និង​ក្រុង​ម៉ានីល បាន​ធ្វើ​សមយុទ្ធ​នាវាចរណ៍​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​អូស្ត្រាលី ក៏​បាន​ចាប់ផ្តើម​បង្កើន​កម្លាំង​ក្រុម​មាន​សមត្ថកិច្ច​សហព័ន្ធ​តាមដាន ឃ្លាំមើល​សកម្មភាព​ជ្រៀតជ្រែក​ពី​បរទេស​ដោយ​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​ចំនួន ហៅថា Australian Security Intelligence Organization (ASIO) ដែល​ព្យាយាម​បង្ក​ការ​គាប​សង្កត់ គំរាមកំហែង​ឆ្លង​ប្រទេស​ទៅ​ក្នុង​សហគមន៍​ជនជាតិ​ផ្សេងៗ​រស់នៅ​ប្រទេស​អូស្ត្រាលី ដែល​រិះគន់​របប​ផ្ដាច់ការ។

រាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​គេ​រក​ឃើញ​ក្នុង​ឆ្នាំ​២០២៣ ដោយ​ការ​ស្រាវជ្រាវ​ពី​អង្គការ Freedom House ដូចជា​ប្រទេស​ចិន ភូមា ធើកម៉េនីស្ថាន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស