38.3 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​បណ្ដេញ​មន្ត្រី​នគរបាល ៨​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​ករណី​ល្មើស​វិន័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​មន្ត្រី​នគរបាល ៨​រូប​ទៀត​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​ដកហូត​មុខតំណែង​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២៤ តទៅ ក្រោយពី​បាន​រក​ឃើញ​ថា​ល្មើស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។

ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា កាលពី​ថ្ងៃទី​១ ខែ​មីនា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា ត្រូវ​បណ្តេញ​ឈ្មោះ ជិន វ៉េងលាង និង ស្វាយ ពិសិដ្ឋ នាយរង​ការិយាល័យ​អនុវត្ត​នីតិវិធី និង​គ្រប់គ្រង​កន្លែង​ត្រៀម​បណ្តេញ​ចេញ​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ឈ្មោះ អាន សុខលាភ នាយក​ផ្នែក​គ្រប់គ្រង​ពលករ​ខ្មែរ​ក្រៅ​ប្រទេស​នៃ​នាយកដ្ឋាន​ជនបរទេស​អន្តោប្រវេសន៍​ជា​អ្នក​វិនិយោគ​ឯកជន។

ប្រភព​ដដែល​បាន​លើកឡើង​ថា ឈ្មោះ ទឹម វឌ្ឍនៈ ជា​នាយរង​ផ្នែក​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ និង​ឈ្មោះ ហុក ឆៃយ៉ាថេត នាយរង​ផ្នែក​ច្បាម​ការពារ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ ឈ្មោះ ថន សុទ្ធារិទ្ធ នាយរង​ផ្នែក​បែបបទ​ចេញ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ និង​មន្ត្រី​ឈ្មោះ អ៊ុំ មករា និង ជាម សុនូ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មន្ត្រី​ទាំង ៨​រូប នឹង​ត្រូវ​លុប​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២៤ តទៅ រីឯ​ប្រាក់​បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេងៗ ក៏​ត្រូវ​បាន​កាត់ផ្ដាច់​ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ការ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មន្ត្រី​រាជការ​ស៊ីវិល​ដែល​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ភ្លាមៗ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សង្កត់​ធ្ងន់​ថា វិធានការ​លុបបំបាត់​គ្រឿងញៀន​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា​ទាំង​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ស៊ីវិល ហើយ​បើ​រក​ឃើញ​បុគ្គល​ណា​ប្រើប្រាស់​គ្រឿងញៀន គឺ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង ដោយ​មិន​ចាំបាច់​លើកលែង​ឱ្យ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ការ​អនុវត្ត​វិធានការ​ដោយ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដោយ​លោក ស សុខា នៅ​ពេលនេះ គឺជា​គំរូ​មួយ​សម្រាប់​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​គួរតែ​អនុវត្ត​តាម ព្រោះ​ថា​មន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​តំណែង​តាម​សែស្រឡាយ​បក្ខពួក​ដុះ​ស្នឹម​ក្រោម​ការ​គ្រប់គ្រង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​សព្វថ្ងៃ​នេះ សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ការ​ប្រើប្រាស់ និង​ការ​ចែកចាយ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រព្រឹត្ត​តាម​បញ្ជា​អ្នក​មាន​អំណាច និង​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ទាំងអស់​អាច​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង​បែប​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែរ ដែល​កំពុងតែ​ញាំញី​ទៅ​ដោយ​បទល្មើស​ឧក្រិដ្ឋ​នានា​ដែល​បណ្តាល​មកពី​ឥទ្ធិពល​គ្រឿងញៀន​មួយ​ចំណែក​ធំ រហូត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​ពី​សហរដ្ឋ​អាមេរិក​កន្លង​មក​នោះ។

គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ថ្នាំ​ពេញ​និយម​បំផុត​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ លើស​ពី​នេះ​ទៀត គេ​ក៏​រក​ឃើញ​ដែរ​ថា មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​សុទ្ធតែ​បាន​ជួញដូរ រក្សាទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ស្វែងរក​ការ​សប្បាយ ជាពិសេស​គឺ​ដើម្បី​បង្កើន​ចំណង់​កាម​តណ្ហា ហើយ​ពួកគេ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​មាន​អំណាច​ដែល​នៅ​កាង​នៅ​ពីក្រោយ​ថែម​ទៀត​ផង។

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ផ្ដោត​ការ​យកចិត្ត​ទុកដាក់​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស