30 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​អំពាវនាវ​ឱ្យ​យុវជន​បក្ស​ជួយ​កសាង​ប្រទេស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស.ស.យ.ក អប់រំ​យុវជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​កសាង​ប្រទេស​ជាតិ​តាមរយៈ​នៃ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ការ​ជួបជុំ​គ្នា​នៃ​ថ្នាក់​ដឹកនាំ សមាជិក និង​សមាជិកា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពិនិត្យ​សមិទ្ធិ ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក ព្រមទាំង​ការ​ពិភាក្សា​ផ្លាស់ប្ដូរ​មតិ​យោបល់ ដែល​ជា​ធាតុ​ចូល​សម្រាប់​លើក​ទិសដៅ​អនុវត្ត​ការងារ​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​សម្រេច​បាន​សមិទ្ធិ​ថ្មីៗ​ជូន​ជាតិ​មាតុភូមិ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​បង្កើត​វិធីសាស្ត្រ​ទាក់ទាញ​សមានចិត្ត ភាព​ច្នៃប្រឌិត និង​បត់បែន ដើម្បី​អាច​បំផុស​យុវជន​ឱ្យ​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ ដោយ​កាន់​ដៃ​គ្នា​ដើរ​លើ​វិថី​នៃ​សន្តិភាព ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​រីកចម្រើន ក្នុង​ស្មារតី​សាមគ្គីភាព​រឹងមាំ​នៃ​មហា​គ្រួសារ​យុវជន​កម្ពុជា ព្រមទាំង​កសាង​សង្គម​ទំនើប​មួយ​ដ៏​រឹងមាំ មាន​ឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់ ដែល​ជា​គន្លឹះ​ក្នុង​ការ​ពង្រឹង​ខឿន​សេដ្ឋកិច្ច​ជាតិ។

នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​បញ្ជាក់​ថា យុវជន​មាន​មុខនាទី​ស្នូល​ក្នុង​ការ​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​យ៉ាង​ខ្លាំងក្លា ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ តាមរយៈ​នៃ​ការ​បន្ត​ថែរក្សា​សមិទ្ធិ​យុវជន​ជំនាន់​មុន​បន្សល់​ទុក និង​កសាង​សមិទ្ធិ​ជា​វិជ្ជមាន​បន្ថែម​ទៀត​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​មុខនាទី​ជា​មន្ត្រី​រាជការ​អូស​ទាញ​យុវជន​ខ្មែរ​ឱ្យ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ មីនា នេះ ដោយ​លើក​ជា​សំណួរ​ថា តើ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស.ស.យ.ក ជា​ស្ថាប័ន​ជាតិ ឬ​ជា​ស្ថាប័ន​អ្វី បាន​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី យក​ម៉ោង​ធ្វើការ​រដ្ឋ​ទៅ​ប្រជុំ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទាំងនេះ ចុះ​ចំណែក​ការងារ​រដ្ឋ​បាន​អ្នក​ណា​ជា​អ្នក​ធ្វើ។

ចំណែក​ឯ​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ដែរ​ថា យុវជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អង្គភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ដែល​មាន​លោក ហ៊ុន ម៉ានី ជា​ប្រធាន មិន​បាន​ចូលរួម​កសាង​ប្រជាធិបតេយ្យ និង​ចូលរួម​អភិវឌ្ឍ​សង្គម​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ពិតប្រាកដ​ទេ ពួកគេ​គ្រាន់តែ​ប្រើ​អង្គភាព​នេះ​ដើម្បី​តែ​ដណ្តើម​តំណែង មុខនាទី​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា អង្គភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មិនមែន​ជា​កម្លាំង​ស្នូល​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សង្គម​ជាតិ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ជា​កម្លាង​ចារកម្ម​នយោបាយ​ជួយ​បម្រើ​ផល​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះដូរ​យក​បុណ្យ​ស័ក្តិ តំណែង មុខនាទី ព្រមទាំង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​បាន​មកពី​អំពើ​ទុច្ចរិត​នៃ​រដ្ឋាភិបាល​ដែល​ពួកគេ​កំពុង​បម្រើ​ឱ្យ​នោះ​តែប៉ុណ្ណោះ។

នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គេ​លើកឡើង​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស.ស.យ.ក បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​យុវជន​គ្រប់​ទិសទី ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​បន្ត​សកម្មភាព​ពី​សមាគម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ចាប់​បដិសន្ធិ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា មន្ត្រី​កំពូលៗ​របស់​គណបក្ស​កាន់​អំណាច បាន​ដាក់​បញ្ចូល​កូនៗ​របស់​ពួកគេ​ឱ្យ​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចាប់តាំងពី​ថ្នាក់​ខេត្ត រាជធានី រហូត​ដល់​ថ្នាក់​ស្រុក-ខណ្ឌ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រូបភាព​ចូលរួម​កិច្ចការ​សង្គម ដែល​អាច​ឱ្យ​ពួកគេ​ទទួល​បាន​តំណែង​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​មុខ។

មាត្រា​២៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចែង​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​អង្គភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​លោក ហ៊ុន ម៉ានី កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង។

គួរ​រំឭក​ថា ការ​ដូរ​ឈ្មោះ​អង្គភាព​ក្រុម​យុវជន​ពី​មួយ​ទៅ​មួយ គឺជា​យុទ្ធសាស្ត្រ​ដើម្បី​បន្ត​សម្បាច់ ឬ​មរតក​នៃ​ក្រុម​យុវជន​បក្ស ដែល​ចែក​ជា​យុវជន​ស្នូល និង​យុវជន​ត្រៀម ដែល​អង្គការ​ចាត់តាំង​បក្ស​បង្កើត​ក្នុង​របប​សមូហភាព សមូហ​និយម របប​រួម​សម្បត្តិ ឬ​របប​កុម្មុយនីស្ត ដើម្បី​បម្រើ​ការពារ​បក្ស​ដោយ​ស្មោះត្រង់។

ឈ្មោះ​អង្គភាព​នា​ពេល​បច្ចុប្បន្ន​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (Union of Youth Federations of Cambodia) ស្តាប់ ឬ​មើល​មួយ​ភ្លែត ប្រៀប​ដូចជា​ឈ្មោះ សហជីព សមាគម ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ប៉ុន្តែ​ការពិត ស.ស.យ.ក ជា​អង្គភាព​មួយ​ស្ថិត​ក្នុង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​នៃ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​គ្រប់គ្រង​យុវជន​រួម ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស ហើយ​និង​លោក ហ៊ុន ម៉ានី ដែល​គ្រប់គ្រង​យុវជន​ក្នុង​ស្រុក ដោយ​មាន​អ្នក​ទ្រទ្រង់​ជា​កូន​មន្ត្រី​បក្ស ដូចជា​កូន​លោក ស ខេង គឺ​លោក ស សុខា កូន​លោក សាយ ឈុំ គឺ​លោក សាយ សំអាល់ ជាដើម។ល។

នៅ​ក្នុង​ពិធី​ប្រជុំ ស.ស.យ.ក លោក ហ៊ុន ម៉ាណែត និយាយ​អំពី​ការ​ប្រមូល​យុវជន​ដើម្បី​រក្សា​ឯករាជភាព សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ។ មិន​ឮ​និយាយ​ក្នុង​សុន្ទរកថា​នោះ គឺ​អធិបតេយ្យ​ជាតិ ឯកភាព​ជាតិ អព្យាក្រឹតភាព ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រាំ​ចំណុច​ដែល​លោក ហ៊ុន ម៉ាណែត ថ្លែង​នោះ គឺ​មាន​តែ​មួយ​គត់ គឺ​សន្តិភាព ដែល​ប្រជាពលរដ្ឋ​រង​ទុក្ខ​រាល់​ថ្ងៃ។

កាលពី​សម័យ​បោះឆ្នោត​ឆ្នាំ​២០១៨ ក្រុម​អ្នក​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​នោះ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី ដែល​មាន​សមាជិក​បក្ស ៣​ម៉ឺន ៦​ពាន់​នាក់ ចុះឈ្មោះ​សង្កេតការណ៍។ រីឯ​ជនបរទេស​វិញ ក្រៅពី​អ្នក​សង្កេតការណ៍​ពី​សហភាព​អឺរ៉ុប​មួយ​ចំនួន​តូច មាន​ជនជាតិ​រ៉ូម៉ានី ម្នាក់ ឈ្មោះ Anton Garagea ដែល​លោក ហ៊ុន សែន ផ្តល់​ងារ​ជា​រាជទូត​សុឆន្ទៈ (Goodwill Ambassador) នៅ​ឆ្នាំ​២០១៦។ ក្រៅពី​កោត​សរសើរ​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​លើ​សកលលោក ដូចជា​ប្រធានាធិបតី​កាហ្សាក់ស្ថាន និង​ហ្ស៊ីមបាវ៉េ Robert Mugabe Anton Garagea កោត​សរសើរ​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​មាន​សុភនិច្ឆ័យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស