ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការផ្ដល់សេរីភាពជូនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាសេចក្តីប្រាថ្នានៃសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ ហើយរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏នឹងទទួលបានការសាទរពីប្រទេសសេរីប្រជាធិបតេយ្យដែរ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ មីនា នេះថា នយោបាយការបរទេសរបស់លោក ហ៊ុន ម៉ាណែត នឹងទទួលរងនូវការបរាជ័យ ប្រសិនបើគាត់នៅតែបន្តរឹតត្បិតលើសេរីភាពរបស់លោក កឹម សុខា ទៀតនោះ ព្រោះថាឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក រ៉ូប៊ឺត ហ្វ៊តដឹន (Robert W. Forden) បានអះអាងហើយថា សេរីភាពនយោបាយចំពោះប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែជាប្រធានបទការទូតសម្រាប់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជា ខណៈអ្នកទោសមនសិការផ្សេងទៀតក៏ស្ថិតជារបៀបវារៈដូចគ្នាដែរ។
លោក គឹម សុខ លើកឡើងថា ការដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ គឺជាតម្លៃការទូតនយោបាយលើឆាកអន្តរជាតិយ៉ាងធំធេង ព្រោះថាការប្រឹងប្រែងរបស់លោក ហ៊ុន សែន ដែលប្រើរចនាសម្ព័ន្ធរដ្ឋាភិបាលរបស់បក្សកាន់អំណាចទាំងមូលដើរកៀងគរមនុស្ស ឲ្យទៅទទួលស្វាគមន៍គាត់ក្នុងឋានៈជានាយករដ្ឋមន្ត្រីរាល់ពេលដែលគាត់ធ្វើដំណើរទស្សនកិច្ចនៅបរទេស និងការកៀងគរមនុស្សឱ្យទៅទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត ដូចដែលគាត់បានធ្វើកន្លងទៅថ្មីៗនេះនៅប្រទេសអូស្ត្រាលី នោះ គឺមិនមានតម្លៃស្មើនឹងការបើកចំហសេរីភាពរបស់លោក កឹម សុខា នោះទេ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា ការប្រើនយោបាយការទូតដោយការចាយលុយទិញទឹកចិត្តមនុស្ស ឱ្យទៅស្រែកគាំទ្រនាយករដ្ឋមន្ត្រីនៅលើទឹកដីបរទេសដូចដែលលោក ហ៊ុន សែន ប្រើកន្លងមក ទទួលបានតែភាពអាម៉ាស់លើឆាកអន្តរជាតិប៉ុណ្ណោះ ព្រោះថាសកលលោកទាំងមូលនេះគ្មានមេដឹកនាំប្រទេសណាធ្វើបែបនេះទេ សូម្បីតែពួកមេដឹកនាំកុម្មុយនីស្តក៏ដោយ ដូច្នេះរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសផ្សេងក្រៅពីបើកលំហប្រជាធិបតេយ្យ និងផ្តល់សេរីភាពដល់អ្នកទោសមនសិការឡើងវិញនោះទេ បើពិតជាចង់ឱ្យកម្ពុជាមានមុខមាត់ល្អលើឆាកអន្តរជាតិមែននោះ។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បេក្ខជនឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក ដែលនឹងតំណាងប្រចាំប្រទេសកម្ពុជា លោក រ៉ូប៊ឺត ហ្វ៊តដឹន (Robert W. Forden) បានថ្លែងការណ៍មួយក្នុងកិច្ចប្រជុំតែងតាំងឯកអគ្គរដ្ឋទូតចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយដែលកំពុងធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងចំពោះការប្រឆាំងនានានៅពេលនេះ។
លោក រ៉ូប៊ឺត ហ្វ៊តដឹន លើកឡើងថា ការដើរថយក្រោយនេះ បណ្តាលឱ្យមានឧបសគ្គជាច្រើនដល់ការអនុវត្តសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែង ដូចជាការកាត់ទោសពីបទ «ក្បត់ជាតិ» លើមេដឹកនាំគណបក្សប្រឆាំងនយោបាយ លោក កឹម សុខា និងការដាក់ពន្ធនាគារលើពលរដ្ឋខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ព្រមទាំងមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ជាដើម។
ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក លោក រ៉ូប៊ឺត ហ្វ៊តដឹន បើព្រឹទ្ធសភាបោះឆ្នោតអនុម័តតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា បញ្ជាក់ថា លោកជឿជាក់ថា អ្នកដឹកនាំជំនាន់ថ្មីរបស់កម្ពុជាប្រាកដជាផ្តល់ឱកាសមួយដើម្បីកែលម្អជំហរប្រទេសកម្ពុជា តាមរយៈនៃការស្ដារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បញ្ចប់ការសាកល្បងដោយហេតុផលនយោបាយ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការឡើងវិញ និងជំរុញឱ្យមានការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជារូបនេះសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរអំពីការសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាម និងវត្តមានរបស់កងទ័ពនៃប្រជាជនចិន PLA ជុំវិញការសង្ស័យចំពោះមូលដ្ឋានទ័ពជើងទឹកនេះ ខណៈសហរដ្ឋអាមេរិកនៅតែគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាដើម្បីរក្សាការពារអធិបតេយ្យជាតិរបស់កម្ពុជាបន្តទៀត។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែឧសភា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានលើកឡើងដោយមិនចំឈ្មោះប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក្នុងន័យព្រមានទៅកាន់សហគមន៍អន្តរជាតិថា ការដែលលោកមិនលើកលែងទោសឱ្យលោក កឹម សុខា ដោយសារតែរដ្ឋបរទេសទាំងនោះមិនទុកមុខឱ្យលោកកន្លងមក ដែលតែងជួបលោកហើយ ទៅជួបពិរុទ្ធជនទៀត ដែលទង្វើនេះលោកចាត់ទុកជានយោបាយចាប់ដៃជាន់ជើង ឬជានយោបាយមិនស្មោះត្រង់។
ជុំវិញបញ្ហានេះ ត្រូវគេសង្កេតឃើញថា បើទោះបីជាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវរងនូវការចោទប្រកាន់ពីបទក្បត់ជាតិពីតុលាការកម្ពុជា ក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន ក៏ដោយ ក៏រដ្ឋបរទេសនានានៅតែបន្តទៅជួបលោក កឹម សុខា ដដែល។
ជាក់ស្តែង ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០ មក លោក កឹម សុខា តែងទទួលជួបជាមួយឯកអគ្គរដ្ឋទូតរបស់ប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យជាបន្តបន្ទាប់ ដូចជា ប្រទេសអាល្លឺម៉ង់ សហភាពអឺរ៉ុប អាមេរិក បារាំង អូស្ត្រាលី ជប៉ុន រហូតមានការអញ្ជើញឱ្យលោកទៅចូលក្នុងកិច្ចប្រជុំនៃប្រទេសមហាអំណាចសេដ្ឋកិច្ច G-20 ថែមទៀត។
ការដែលប្រទេសប្រកាន់របបប្រជាធិបតេយ្យទាំងនោះ បង្ហាញការយកចិត្តទុកដាក់លើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បែបនេះ គឺបង្ហាញយ៉ាងច្បាស់ថា ពួកគេមិនជឿលើការចោទប្រកាន់លោក កឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ ហើយសកម្មភាពទាំងនេះត្រូវគេដឹងថា ជាការបំបាក់មុខលោក ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ធ្លាប់បានលើកឡើងកាលពីដើមខែសីហា ឆ្នាំ២០២២ ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការស្ដារសិទ្ធិនយោបាយ និងការបើកលំហសេរីភាពឲ្យលោក កឹម សុខា អាចចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃមុខ។
គួរបញ្ជាក់ថា ប្រធានាធិបតី ចូ បៃដិន បានចាត់តាំងលោក Robert William Forden នៅខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិកាំង បានបញ្ជូនឈ្មោះលោកត្រឡប់មកវិញនៅដើមខែមករា ឆ្នាំ២០២៤ ដោយឥតសម្រេចយ៉ាងណានោះទេ។ លោក បៃដិន ចាត់តាំងលោកដដែលនៅថ្ងៃដដែល។ កាលពីថ្ងៃទី១៤ ខែមីនា គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា សាកសួរលោក Robert William Forden ម្តងទៀត។ សមាជិកព្រឹទ្ធសភាអាមេរិកាំងខាងបក្សប្រជាធិបតេយ្យ ចង់យល់ព្រម ប៉ុន្តែសមាជិកខាងបក្សសាធារណរដ្ឋ ដូចជាស្ទាក់ស្ទើរដោយមើលឃើញប្រវត្តិលោកកាលពីធ្វើការក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសចិន ក្នុងរយៈកាលកើតជំងឺកូវីដ-១៩។
លោក Robert William Forden ជាអ្នកការទូតវិជ្ជាជីវៈអស់រយៈពេលប្រមាណ ៣០ឆ្នាំ ធ្លាប់ជាភារធារីប្រចាំប្រទេសចិន អ៊ីស្រាអែល និងយៀកណាម។ លោកមានភរិយាជាជនជាតិចិនតៃវ៉ាន់ ចេះភាសាចិន និងភាសាយៀកណាម យ៉ាងច្បាស់លាស់។
ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតអាមេរិកាំងគ្រប់រូបធ្វើការតាមបន្ទាត់គោលនយោបាយការបរទេសកំណត់ដោយប្រធានាធិបតី ដើម្បីផលប្រយោជន៍អាមេរិកាំង មិនធ្វើលើស មិនធ្វើខ្វះ ហើយឯកអគ្គរដ្ឋទូតម្នាក់ៗសុទ្ធតែនិយាយដូចៗគ្នា ដើម្បីឲ្យបានទទួលការតែងតាំង។ ទីបញ្ចប់ គេក៏មិនដើរខុសគន្លងដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

