42 C
Phnom Penh

គ្រូបង្រៀន​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ខណ្ឌ​ព្រែកព្នៅ​ស្នើសុំ​ដក​នាយក​និង​នាយករង​សាលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូបង្រៀន​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ជាង ៦០​នាក់ ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន និង​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ខណ្ឌ​ព្រែកព្នៅ ដក​តួនាទី​លោក ប៊ុន មុនី ជា​នាយក និង​លោក យឿ លាង នាយករង ចេញពី​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្រោម​ហេតុផល​ប្រព្រឹត្ត​អំពើពុករលួយ គាបសង្កត់​សិទ្ធិ​សេរីភាព និង​ប្រមាថ​មាក់ងាយ​បុគ្គលិក​ក្នុង​អង្គភាព ប្រាសចាក​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន។

បុគ្គលិក​អប់រំ​នៃ​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា នាយក​សាលា លោក ប៊ុន មុនី និង​នាយករង លោក យឿ លាង បាន​គ្រប់គ្រង​សាលារៀន​ដោយ​ភាព​មិន​ប្រក្រតី និង​ប្រាសចាក​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​ធ្ងន់ធ្ងរ ​ហូត​មក ដោយ​អាង​អំណាច​ជា​អ្នក​គ្រប់គ្រង ដូចជា ការ​ជេរប្រមាថ​បុគ្គលិក​ក្នុង​អង្គភាព ជាដើម ដោយ​ប្រើ​ពាក្យ គ្រូ​អន់​មារយាទ គ្រូ​អន់​ចរិត គ្រូ​អត់​ខួរ និង​គ្រូ​សំរាម ជាដើម ទៅ​លើ​បុគ្គលិក​ក្រោម​ឱវាទ ដូចជា​លោកគ្រូ ឈិន ឡូ លោកគ្រូ សន សារ៉ាដែន អ្នកគ្រូ ថាំង ចាន់ហួត ជាដើម។

ប្រភព​បុគ្គលិក​អប់រំ​ខាងលើ​លើកឡើង​ថា ក្រៅពី​ប្រើ​ឥរិយាបថ​មិន​សមរម្យ នាយក និង​នាយករង​នៃ​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ខាងលើ​នេះ តែងតែ​ប្រើប្រាស់​ថវិកា​របស់​សាលា​ដោយ​គ្មាន​តម្លាភាព​រាប់​ឆ្នាំ​កន្លង​មក​ថែម​ទៀត ដូចជា ថវិកា PB ( Program Budgeting) ឆ្នាំ​២០២២១ និង​ឆ្នាំ​២០២២ ចំនួន ៤៥​លាន​រៀល​ត្រូវ​បាត់បង់​ទាំងស្រុង ថវិកា​គម្រោង​ស៊ីប ថវិកា​ភាស៊ី​ក្នុង​សាលា ថវិកា​ជួល​តូប​លក់​ក្នុង​សាលា ថវិកា​អគារ​ធនធាន ៤០​លាន​រៀល​ក្នុង ១​ឆ្នាំ ថវិកា​គម្រោង SIG ថវិកា​ទ្រទ្រង់​សាលា ថវិកា​ឧបត្ថម្ភ​ពី​នាយករដ្ឋមន្ត្រី និង​ការ​ដក​បង់​ថវិកា​ចំនួន ១២​លាន​រៀល ពេល​បើក​បវេសនកាល ជាដើម ខណៈ​កម្មវិធី​បើក​បវេសនកាល ខាង​សាលាក្រុង​ជា​អ្នក​រ៉ាប់រង​នោះ។

គ្រូបង្រៀន​ខាងលើ​បញ្ជាក់​ថា ក្រៅ​ពី​ការ​ប្រើប្រាស់​ថវិកា​សាលា និង​គម្រោង​ផ្សេងៗ​ក្នុង​សាលា​ដោយ​គ្មាន​តម្លាភាព នាយក និង​នាយករង​ខាងលើ​នេះ ក៏​បាន​ប្រើ​អំណាច​គាបសង្កត់​បុគ្គលិក​អប់រំ​ក្នុង​អង្គភាព​ធ្ងន់ធ្ងរ​ដែរ ដូចជា ការ​កាត់​ថវិកា​បុគ្គលិក​ចំនួន ៦​ម៉ឺន​រៀល​ក្នុង​ម្នាក់​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ម្តងៗ ក្នុង​បន្ទប់​រៀន​គ្មាន​កង្ហារ តែ​បន្ទប់​នាយក និង​នាយករង​ប្រើ​ម៉ាស៊ីន​ត្រជាក់ រហូត​សាលា​ជំពាក់​ថ្លៃ​ភ្លើង​ជាង ១០​លាន​រៀល​នៅ​ពេលនេះ ខណៈ​លុយ​ឧបត្ថម្ភ​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​សិស្ស​និទ្ទេស អេ (A) ចំនួន ៣​លាន​រៀល ក៏​ត្រូវ​បាត់បង់ ដោយឡែក​តារាង​បាល់​សាលា​ត្រូវ​ជួល​ឱ្យ​ខាង​ឯកជន​ដោយ​មិន​ឃើញ​លុយ​ថ្លៃ​ជួល​រហូត​មក។

ប្រភព​ដដែល​គូស​បញ្ជាក់​ថា នាយក និង​នាយករង​នោះ ក៏​បាន​បង្ខំ​ឱ្យ​សិស្ស​បង់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ១​ខែ ២​ពាន់​រៀល​ក្នុង​ម្នាក់ៗ បង្ខំ​ឱ្យ​សិស្ស​បង់​លុយ​កម្មវិធី CAMEMISB ក្នុង​ម្នាក់ៗ ៨​ពាន់​រៀល ក្នុង ១​ខែ ជា​ថ្នូរ​មិន​លុប​ឈ្មោះ​ចេញពី​ការ​សិក្សា និង​តម្រូវ​ឱ្យ​មាតាបិតា​សិស្ស​បង់​លុយ ៣​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់ ១​ឆ្នាំ ជាដើម ដែល​ទង្វើ​ទាំងនេះ​គឺជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​មិន​អាច​អនុគ្រោះ​ឱ្យ​បាន។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ស្នើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដក​មុខនាទី​លោក ប៊ុន មុនី ជា​នាយក និង​លោក យឿ លាង ជា​នាយករង ចេញពី​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា បន្ទាប់ពី​រង​នូវ​ការ​ចោទប្រកាន់​ពី​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច​គាបសង្កត់​បុគ្គលិក​ក្នុង​អង្គភាព និង​ប្រព្រឹត្ត​អំពើពុករលួយ។

កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា បាន​ដាក់​លិខិត​មួយ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន និង​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ខណ្ឌ​ព្រែកព្នៅ ដក​តួនាទី​លោក ប៊ុន មុនី ជា​នាយក និង​លោក យឿ លាង ជា​នាយករង ចេញពី​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្រោម​ហេតុផល​ថា ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រើប្រាស់​ឥរិយាបថ​ប្រាសចាក​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​ធ្ងន់ធ្ងរ​ក្នុង​អង្គភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ និង​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា រាប់​រយ​នាក់ នាំគ្នា​បាតុកម្ម​ប្រឆាំង​នឹង​លោក ប៊ុន មុនី និង​លោក យឿ លាង ដែល​បាន​បង្ខំ​ឲ្យ​អាណាព្យាបាល​របស់​ពួកគេ​បង់​លុយ​ថ្លៃ​ទឹក-ភ្លើង​របស់​សាលា និង​ការ​តម្រូវ​ឱ្យ​បង់​លុយ​ជាច្រើន​ផ្សេង​ទៀត​នា​ពេល​កន្លង​មក។

សិស្សានុសិស្ស​ដែល​ចូលរួម​ការ​ធ្វើ​បាតុកម្ម បាន​នាំគ្នា​កាន់​បដា​ដោយ​សរសេរ​អក្សរ​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ពាក្យសម្ដី​អសុរោះ​របស់​លោក​នាយក និង​នាយករង​លើ​បុគ្គល​ក្នុង​អង្គភាព​កន្លង​មក​ជាច្រើន ក្នុង​នោះ​ក៏​មាន​ការ​សរសេរ​ដោយ​សំណូមពរ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ពិនិត្យ​លើ​ករណី​នេះ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា បញ្ជាក់​ថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់ ទាំង​ឯកសារ និង​សំឡេង​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ការ​គាបសង្កត់​នានា​របស់​នាយក និង​នាយករង​លើ​បុគ្គលិក​អប់រំ​នៃ​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នេះ​នា​ពេល​កន្លង​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ប៊ុន មុនី និង​លោក យឿ លាង ដែល​ជា​នាយក និង​នាយករង​នៃ​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស