មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លើកឡើងថា ទោះបីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានចេញមុខច្រានចោលលើចំណាត់ថ្នាក់វិស័យអប់រំកម្ពុជាដែលផ្តល់ដោយ World Population Review ក៏ពិតមែន ប៉ុន្តែកូនៗរបស់មន្ត្រីរដ្ឋាភិបាលទំនងជាមិនបានបញ្ជូនកូនៗរបស់គេឱ្យទៅរៀននៅសាលារដ្ឋដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២ មេសា នេះថា តថភាពជាក់ស្តែង សាលារដ្ឋនៅកម្ពុជាមានតែកូនពលរដ្ឋក្រីក្រប៉ុណ្ណោះដែលចូលរៀន ព្រោះតែពួកគេគ្មានជម្រើស ចំណែកកូនអ្នកមានទ្រព្យធនសមល្មម ត្រូវបញ្ជូនទៅរៀននៅសាលាឈ្នួលស្ទើរតែទាំងអស់។
លោកបន្ថែមថា ដោយឡែកកូនអ្នកមានកំពូលៗ រួមទាំងកូនមន្ត្រីរដ្ឋាភិបាលផង មិនដែលចូលសាលារដ្ឋទេ បើមិនត្រូវបានបញ្ជូនទៅរៀននៅសាលាឈ្នួលថ្លៃៗ ក៏បញ្ជូនទៅរៀននៅបរទេសដែរ ព្រោះកម្ពុជាផ្តល់តម្លៃលើសញ្ញាបត្រពីបរទេសជាងសញ្ញាបត្ររបស់ប្រព័ន្ធអប់រំដែលខ្លួនកំពុងដឹកនាំសព្វថ្ងៃនេះ។
លោក ស៊ឹង សែនករុណ លើកឡើងថា តាមភស្តុតាងជាក់ស្តែងបែបនេះ គឺបង្ហាញឱ្យឃើញថាមិនត្រឹមពលរដ្ឋទូទៅទេដែលមិនទុកចិត្ត និងមិនឱ្យតម្លៃលើប្រព័ន្ធអប់រំរបស់កម្ពុជា សូម្បីតែមន្ត្រីរដ្ឋាភិបាលខ្លួនឯងដែលដឹកនាំ និងគ្រប់គ្រងលើវិស័យមួយនេះ ក៏មិនឱ្យតម្លៃ និងមិនទុកចិត្តលើប្រព័ន្ធអប់រំដែលខ្លួនបង្កើតឡើងនេះដែរ។
លោកបន្ថែមថា បើប្រព័ន្ធអប់រំរបស់រដ្ឋមានគុណភាពល្អ កូនអ្នកមានទ្រព្យធន រួមទាំងមន្ត្រីរដ្ឋាភិបាលទាំងនោះ នឹងមិនត្រូវបានបញ្ជូនឱ្យទៅរៀននៅសាលាឯកជន និងរៀននៅក្រៅប្រទេសដែរ ដូច្នេះភស្តុតាងនេះគឺបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធអប់រំរបស់កម្ពុជា គឺខ្សោយដូចចំណាត់ថ្នាក់ដែលគេបានផ្តល់ឱ្យប្រាកដមែន។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា រដ្ឋាភិបាលអាចកែប្រែវិស័យអប់រំរបស់កម្ពុជាឱ្យល្អបាន ប៉ុន្តែបញ្ហានៅត្រង់ថា តើមេដឹកនាំ និងស្ថាប័នពាក់ព័ន្ធមានឆន្ទៈក្នុងការកែប្រែ ឬក៏អត់ប៉ុណ្ណោះ ព្រោះទឡ្ហីករណ៍ជាក់ស្តែង សាលាបឋមសិក្សាវត្តរាជបូណ៌ ជាសាលាគំរូក្នុងប្រទេសដែលរដ្ឋាភិបាលគួរបង្កើតឱ្យមានសាលាដែលមានគុណភាពល្អបែបនេះឱ្យបានពេញប្រទេស។
លោក ស៊ឹង សែនករុណា គូសបញ្ជាក់ថា ជាតិមួយដែលខ្លាំង គឺស្ថិតនៅលើធនធានមនុស្សខ្លាំង ទោះមេដឹកនាំនៃប្រទេសនោះខ្លាំងក៏ដោយ ក៏មិនអាចធ្វើឱ្យប្រទេសដែលខ្លួនដឹកនាំរីកចម្រើនបានដែរ ដូច្នេះដើម្បីឱ្យមានធនធានមនុស្សខ្លាំង សំខាន់បំផុតគឺថ្នាលបណ្ដុះរបស់ប្រទេសនោះជាថ្នាលដែលប្រកបដោយគុណភាព ទើបអាចផលិតធនធានដែលមានគុណភាពសម្រាប់កសាងប្រទេសទៅថ្ងៃមុខបាន។
គេហទំព័រ World Population Review 2025 បានចេញផ្សាយពីចំណាត់ថ្នាក់នៃការអប់រំនៅលើពិភពលោកកាលពីពេលថ្មីៗនេះ ដោយដាក់កម្ពុជាស្ថិតនៅលេខរៀងទី១២០ ដែលចំណាត់ថ្នាក់នេះគឺជាចំណាត់ថ្នាក់ដែលទាបជាងប្រទេសទីម័រខាងកើត ប្រទេសឡាវ និងប្រទេសថៃ ទៅទៀត។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថាការផ្ដល់ចំណាត់ថ្នាក់ឱ្យវិស័យអប់រំកម្ពុជាជាប់លេខ១២០ ជាចំណាត់ថ្នាក់ដែលមិនអាចទទួលយកបាន និងមិនមែនធ្វើឡើងតាមបែបវិទ្យាសាស្ត្រ។
ប្រទេសសមាជិកសហគមន៍អាស៊ានឯទៀតផ្តើមពីប្រទេសជាប់នឹងប្រទេសកម្ពុជា ជាប់លំដាប់លេខរៀងដូចតទៅនេះ៖
- យៀកណាម ៥៣;
- លាវ ១០២;
- ថៃឡង់ដ៍ ១០៧;
- ភូមា ១០៩;
- ម៉ាឡេស៊ី ៨៩;
- ឥណ្ឌូនេស៊ី ៦៧;
- ហ្វីលីពីន ៧១។
ការស្រាវជ្រាវស្ទង់ចំណេះដឹងនេះ ធ្វើឡើងចំពោះសិស្សសាលាអាយុ ១៥ឆ្នាំចំនួនជិតកន្លះលាននាក់លើវិស័យអានអក្សរ ប្រឡងមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ។ ប្រទេស ១០ លើពិភពលោកដែលមានសិស្សរៀនពូកែ ពូកែលេខ១ នៅអាស៊ី គឺកូរ៉េខាងត្បូង បន្ទាប់មកជប៉ុន លេខ៦ ហើយ ៨ប្រទេសទៀតនៅទ្វីបអឺរ៉ុបខាងលោកសេរីភាគច្រើន និងស្លូវើនៀ អឺរ៉ុបខាងកើត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

