33 C
Phnom Penh

ក្រុម​អ្នកវិភាគ​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​លើ​លោក ព្រាប កុល និង​លោក ស៊ាន បូរ៉ាត និង​ដោះលែង​លោក យ៉ង់ ប៉ាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​ជំរុញ​ឱ្យ​ស្ថាប័ន​តុលាការ ស៊ើបអង្កេត​លើ​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល និង​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ស៊ាន បូរ៉ាត ជុំវិញ​ការ​ករណី​ឆបោក​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់​ឧកញ៉ា ឡេង ចាន់ណា និង​ក្រុមហ៊ុន CIC Partner។

ប្រភព​ដដែល​បញ្ជាក់​ថា តុលាការ​ក៏​ត្រូវ​ដោះលែង​លោក យ៉ង់ ប៉ាក់ ជា​មុន​ដែរ ដើម្បី​ឱ្យ​បុគ្គល​រូប​នេះ​មាន​ឱកាស​បង្ហាញ​ភស្តុតាង​ជុំវិញ​ការ​លើកឡើង​ពី​ការ​បាត់​លុយ ៨០​លាន​ដុល្លារ​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​លោក ព្រាប កុល កាលពី​ពេល​កន្លង​ទៅ​នោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តាម​ក្រឹត្យក្រម​យុត្តិធម៌ តុលាការ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​លើ​លោក ព្រាប កុល ជាបន្ទាន់ ព្រោះ​ថា​ការ​ស៊ើបអង្កេត​នេះ​មិនមែន​ទាល់តែ​លោក ព្រាប កុល បាន​ប្រព្រឹត្ត​អំពើ​ឆបោក​នោះ​ទេ ប៉ុន្តែ​ការ​ស៊ើបអង្កេត​នេះ​ត្រូវតែ​ធ្វើ​ឡើង​ដាច់ខាត​លើ​បុគ្គល​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​នេះ ព្រោះ​ថា​លោក ព្រាប កុល ក៏​បាន​ជាប់​សង្ស័យ​ក្នុង​រឿង​នេះ​ដែរ បើ​តាម​ការ​លើកឡើង​របស់​លោក យ៉ង់ ប៉ាក់ កន្លង​មក​នោះ។

លោក គឹម សុខ លើកឡើង​ថា ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​លោក ព្រាប កុល ក្នុង​រឿង​បាត់​លុយ​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក​នេះ គឺ​នៅ​ត្រង់​ថា គ្រាន់តែ​លោក យ៉ង់ ប៉ាក់ លើកឡើង​ពី​ករណី​នេះ​ដែល​ពាក់ព័ន្ធ​នឹង​លោក ព្រាប កុល រួម​ជាមួយ​លោក គុយ វ៉ាត ស្រាប់តែ​តុលាការ​ចាត់​វិធានការ​ចាប់​ខ្លួន​លោក យ៉ង់ ប៉ាក់ ភ្លាមៗ​បន្ទាប់ពី​លោក ព្រាប កុល បាន​ដាក់​ពាក្យបណ្ដឹង​ជុំវិញ​រឿង​នេះ ដោយ​ពឹងផ្អែក​តែ​ទៅ​លើ​លិខិត​អះអាង​របស់​ក្រុមហ៊ុន CIC Partner ដែល​បាន​បដិសេធ​ថា លោក ព្រាប កុល មិន​ពាក់ព័ន្ធ​នឹង​រឿង​បាត់​លុយ​ទាំង ៨០​លាន​ដុល្លារ​អាមេរិក​នោះ។

អ្នកវិភាគ​រូប​នេះ​រៀបរាប់​ថា ករណី​បាត់​លុយ និង​មិន​បង់​ការប្រាក់​ក្នុង​ក្រុមហ៊ុន CIC Partner នេះ មាន​ករណី​គួរ​សង្ស័យ​ជាច្រើន​ដែល​តម្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ជា​ចាំបាច់ ព្រោះ​ថា​ពេល​ក្រុមហ៊ុន​បាត់​លុយ​រហូត​គ្មាន​លទ្ធភាព​បង់​ការប្រាក់ ហេតុ​អ្វី​លោក ឡែម ចាន់សម្រេច និង​លោក ថន វណ្ណដុង ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី មិន​ប្តឹង​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​លោក គុយ វ៉ាត ព្រោះ​លុយ​នេះ​បាន​បាត់​ក្នុង​ដំណាក់កាល​ដែល​លោក គុយ វ៉ាត ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ដូច្នេះ​គ្មាន​វិធី​ផ្សេង​ណា​ល្អ​ជាង​បើក​ការ​ស៊ើបអង្កេត​ទេ ដើម្បី​ឱ្យ​ដឹង​ថា បុគ្គល​ណា​លួច​លុយ​នោះ ឬ​ក៏​មាន​ការ​លួច​ជា​ប្រព័ន្ធ​ដូច​ការ​លើកឡើង​របស់​លោក យ៉ង់ ប៉ាក់ មែន​ឬ​ក៏​អត់។

លោក គឹម សុខ បញ្ជាក់​ថា ក្រៅពី​ស៊ើបអង្កេត​លើ​អ្នក​ពាក់ព័ន្ធ​ដែល​បាត់​លុយ​ក្នុង​ក្រុមហ៊ុន CIC Partner ក៏​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​លើ​លោក ស៊ាន បូរ៉ាត ផង​ដែរ បើ​ទោះបីជា​ប្រធាន​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ក៏ដោយ ព្រោះ​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក មិន​អាច​ត្រឹមតែ​អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីរ​នាក់​ផ្សេង​ទៀត បាន​ប្រព្រឹត្ត​នោះ​ទេ ព្រោះ​វីដេអូ និង​រូបថត​ជាច្រើន​សន្លឹក​បាន​បង្ហាញ​ករណី​ឆបោក​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​លោក ស៊ាន បូរ៉ាត យ៉ាង​ខ្លាំង។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ នាយក​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​ឆបោក​តាមរយៈ​នៃ​ការ​ខ្ចី​លុយ​ផ្តល់​ការប្រាក់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​អនុប្រធាន​ប្រឆាំង​អំពើពុករលួយ​លោក ស៊ាន បូរ៉ាត ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​នេះ នៅតែ​អាច​ដើរហើរ​សេរី​ក្រៅ​ច្បាប់​នៅឡើយ​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេសស្ទ័រ ឃែបភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ដែល​ហៅ​កាត់​ថា CIC Partner ក៏​កំពុង​ជាប់​សង្ស័យ​ក្នុង​ករណី​ឆបោក​ដែរ ជុំវិញ​ការ​ផ្តល់​កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ប្រមាណ​ជា ២០០​លាន​ដុល្លារ​អាមេរិក​ដែរ ដែល​កំពុង​រង​នូវ​ការ​តវ៉ា​ទាមទារ​ពី​ជនរងគ្រោះ​នៅ​ពេលនេះ ប៉ុន្តែ​អ្នក​ពាក់ព័ន្ធ ដូចជា​លោក គុយ វ៉ាត, លោក ព្រាប កុល, លោក ឃីម សុខហេង និង​លោក សោម សម្បត្តិ ជាដើម មិនទាន់​ត្រូវ​បាន​បើក​ការ​ស៊ើបអង្កេត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ​ទេ ខណៈ​ជនរងគ្រោះ​ដែល​ទម្លាយ​រឿង​នេះ គឺ​លោក យ៉ង់ ប៉ាក់ កំពុង​រង​នូវ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា អ្នក​ក្លាហាន​ម្នាក់​ឈ្មោះ ព្រាប កុល ដែល​ធ្លាប់​តស៊ូ​មតិ​ខាង «តម្លាភាព​សង្គម» បាន​កសាង​ស្នាដៃ​ដ៏​ធំ​មួយ​ដោយ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស​មួយ​ដែល​មាន​ឈ្មោះ​ថា Zillenium Group។

ប្រភព​ខាងលើ​លើកឡើង​ថា មុន​នឹង​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស Zillenium Group នេះ លោក ព្រាប កុល ក៏​ត្រូវ​គេ​សង្ស័យ​ថា​បាន​លួច​យក​លុយ​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន CIC Partner ដោយ​សហការ​ជាមួយ​លោក គុយ វ៉ាត និង​ក្រុមប្រឹក្សា​មួយ​ចំនួន​ទៀត។ ដោយសារតែ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជាង ៥០០​នាក់ (៥៤៦​នាក់) ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ បាត់បង់​ទ្រព្យធន លុយកាក់ និង​ក្ស័យធន​គ្រប់​គ្នា។

យ៉ាងណាក៏ដោយ ក្រោយ​ការ​លើកឡើង​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក យ៉ង់ ប៉ាក់ ភ្លាមៗ​ក្រោម​បទ​ចោទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ព្រាប កុល ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស