31 C
Phnom Penh

សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ជិត ១០​កន្លែង​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បង្ហាញ​ពី​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ព្រៃឡង់ ដែល​កំពុង​កើតមាន​ជិត ១០​កន្លែង។

ពួកគេ​បាន​រក​ឃើញ​ដើមឈើ​ធំៗ​ជាច្រើន​ត្រូវ​បាន​កាប់​រំលំ និង​ដឹកជញ្ជូន​ចេញ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​ចុះ​យាម​ល្បាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ឧទ្យានុរក្ស​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ​រួច​មក។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​នោះ ពួកគេ​បាន​រក​ឃើញ​បទល្មើស​ជាច្រើន​ករណី ដូចជា ប្រទះ​ឃើញ​គល់ឈើ​ដែល​បាន​កាត់​រួច​ថ្មីៗ​ជិត ៤០​គល់ (៣៦​គល់) ដូចជា​ប្រភេទ​ដើម​ខ្លុង ដើម​រាំង និង​ខ្វាវ ជាដើម ដែល​ស្ថិត​នៅ​ចំណុច​ព្រៃ​ស្រុក​ចាស់ និង​ចំណុច​បុសរាំង ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដាក់​ចេញ​វិធានការ​ស្រាវជ្រាវ​តាមដាន​បទល្មើស​ទាំងនេះ​ទេ។

ប្រភព​ខាងលើ​បញ្ជាក់​ថា ក្រៅ​ពី​ចំណុច​ព្រៃ​ស្រុក​ចាស់ និង​ចំណុច​បុសរាំង ក៏​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដោយ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តាម​ចំណុច​ជាច្រើន​ទៀត​ដែរ ដូចជា ចំណុច​ភ្នំ​ដំណាក់ភ្ញៀវ ចំណុច​ក្បាលអូអាស្រង់ ចំណុច​ជាំរិទ្ធ ចំណុច​ស្រែជាំរិទ្ធ ចំណុច​អូរចង្ហា និង​ចំណុច​បុសស្បូវ ផង​ដែរ ក្នុង​នោះ ពួកគេ​ក៏​បាន​ប្រទះ​ឃើញ​គោយន្ត ១២​គ្រឿង និង​មនុស្ស​ចំនួន ១៦​នាក់ រួម​ទាំង​ម៉ូតូ​ចំនួន ៧​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​នេះ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ក៏​បាន​ចុះ​ល្បាត ឃ្លាំមើល និង​តាមដាន​បទល្មើស​ព្រៃឈើ​រយៈពេល ២​យប់ ៣​ថ្ងៃ ចាប់​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​មីនា ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ផង​ដែរ។

ពួកគេ​បាន​ប្រទះ​ឃើញ​នូវ​សកម្មភាព​គោយន្ត​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ចំនួន ៥​គ្រឿង នៅ​ចំណុច​ស្ទឹង​ពោរោង ឆ្ពោះ​ទៅ​កាន់​ភូមិ​ព្រះអាទិត្យ ឃុំ​មានរិទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ខណៈ​គោយន្ត​ជាច្រើន​គ្រឿង​ផ្សេង​ទៀត ក៏​កំពុងតែ​សម្រុក​ចូល​ទៅ​ដឹក​ឈើ​ក្នុង​តំបន់​ជា​បន្តបន្ទាប់​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​និយាយ​ថា សកម្មភាព​បទល្មើស​ដែល​បាន​អារ​កាត់​ដើមឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នេះ តែងតែ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ឡើយ។

កាលពី​ចុង​ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ​តែប៉ុណ្ណោះ។

លោក សៅ សុខា អះអាង​ថា មន្ត្រី​ជំនាញ​តែង​ផ្ដេកផ្ដួល​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​ឈើ​ដឹក​តែ​លើ​ផ្លូវ មិន​ដែល​ដឹក​ខុសពី​លើ​ផ្លូវ​ទេ ហើយ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ក៏​នៅ​លើ​ផ្លូវ ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​ផ្សំគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ។ លោក​សង្កត់​ធ្ងន់​ថា បើ​នៅតែ​បែប​នេះ​ទៀត ប្រទេស​កម្ពុជា​នឹង​រលាយ​ហិនហោច​ជាមិនខាន។

ទោះជា​បែប​នេះ​ក្តី រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ដើម្បី​ទប់ស្កាត់ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន ១០០​ភាគរយ ដែល​ត្រូវ​អនុវត្ត​ច្បាប់​មិន​លើកលែង​ឲ្យ​ជនល្មើស​ទៀត​នោះ​ទេ និង​ជំរុញ​ឲ្យ​ការ​ដាំដុះ​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យ​បាន ៦០% នៅ​ឆ្នាំ​២០៥០ ផង​ដែរ។

យ៉ាងណាក៏ដោយ សកម្មជន​បរិស្ថាន និង​ក្រុម​អង្គការ​ជាតិ-អន្តរជាតិ នៅតែ​មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​មិន​មាន​ប្រសិទ្ធភាព។ ផ្ទុយទៅវិញ បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើន​ឡើង​ទ្រង់ទ្រាយ​ធំ ហើយ​អ្នក​ប្រព្រឹត្ត​ទាំងនោះ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន ម៉ាណែត តែម្ដង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២១ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង «ព្រៃឡង់​បៃតង» ដែល​ជា​ការ​ឆ្លើយតប​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បិទ​ខ្ទប់​សកម្មភាព​របស់​សកម្មជន​ការពារ​ព្រៃឈើ មិន​ឱ្យ​ចូល​ល្បាត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ស្រប​ពេល​ដែល​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​នៅតែ​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដូចជា ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ទាំងអស់​ខាងលើ​នេះ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន TSMW របស់​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ យ៉ាង​ខ្លាំង ខណៈ​រូប​នេះ​ត្រូវ​គេ​ដឹង​ជា​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​ប្រមូល​លុយ​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្នុង​នោះ​ឧកញ៉ា​រូប​នេះ​ក៏​ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​នៅ​ដើម​ឆ្នាំ​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស