33 C
Phnom Penh

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន។

សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា «តំបន់​ការពារ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ការ​បាត់បង់​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។

សារព័ត៌មាន​ដដែល​នេះ អះអាង​ថា ទិន្នន័យ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ Maryland បាន​បង្ហាញ​ថា ត្រឹមតែ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ទំហំ​ទីក្រុង Los Angeles ឬ​ស្មើ​នឹង​ជាង ១​សែន​ហិកតា ក្នុង​នោះ​រួម​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ រង​ការ​កាប់​បំផ្លាញ​លំដាប់​លេខ​១ ដែន​ជម្រក​សត្វព្រៃ​បឹងពែរ លំដាប់​លេខ​២ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ជាប់​លំដាប់​លេខ​៣ ខណៈ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ និង​ឧទ្យាន​ជាតិ​វ៉ើនសៃ-សៀមប៉ាង ក៏​រង​នូវ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដែរ។

ប្រភព​ដដែល​រៀបរាប់​ថា ការ​ពង្រីក​អណ្ដូងរ៉ែ​មាស​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន និង​ការ​បើក​អណ្ដូងរ៉ែ​ដែក​ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​ដ៏​ល្បីល្បាញ​ឈ្មោះ ទ្រី ភាព ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែរ ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ។ ជាង​នេះ​ទៀត ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំងនោះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Think Biotech និង​ក្រុមហ៊ុន Angkor Plywood ថែម​ទៀត ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បញ្ជាក់​ថា គិតតែ​ក្នុង​ឆ្នាំ​២០២៣ ក្នុង​ចំណោម​តំបន់​ការពារ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ មាន​អត្រា​បាត់បង់​ព្រៃឈើ​ខ្ពស់​បំផុត​ដែល​មាន​ទំហំ​ជាង ១​ម៉ឺន​ហិកតា (១១ ៥០០​ហិកតា) ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​តំបន់​ការពារ​មួយ​នេះ ចំណែក​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ក៏​បាន​បាត់បង់​ព្រៃឈើ​ជិត ១​ម៉ឺន​ហិកតា​ដែរ (៧ ២៣២​ហិកតារ)។

ជាង​នេះ​ទៀត ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ត្រូវ​រក​ឃើញ​ថា​បាត់បង់​ព្រៃឈើ​ជាង ៦​ពាន់​ហិកតា​ថែម​ទៀត (៦ ១២៥​ហិកតា) ដោយឡែក​ឧទ្យាន​ជាតិ​វ៉ឺនសៃ-សៀមប៉ាង បាន​បាត់បង់​ព្រៃឈើ​ជាង ៥​ពាន់​ហិតា (៥ ២១៣​ហិកតា) ខណៈ​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ទៅ​លើ​ព្រៃឈើ​ក្នុង​តំបន់​នោះ​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។

ការ​ចុះផ្សាយ​ជុំវិញ​ការ​បាត់បង់​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា ព្រៃឈើ​ខ្មែរ​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ដោយ​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) ក៏​ធ្លាប់​បាន​លាតត្រដាង​ម្តង​ហើយ​ពី​រចនាសម្ព័ន្ធ និង​សែស្រឡាយ​បក្ខពួក​អ្នក​មាន​អំណាច​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​នោះ​គេ​រក​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន គឺជា​អ្នក​គ្រប់គ្រង​កំពូល ខណៈ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​បង្កើត​របស់​គាត់ គឺជា​អ្នក​គ្រប់គ្រង​បន្ទាប់​លើ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ជា​ថ្នាក់​ក្រោម​របស់​ខ្លួន ដូចជា​ឧកញ៉ា មិក សាផាណារ៉េត ហៅ​ឧកញ៉ា ជ័យ ជាដើម ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នកស្រី អាន សុខនីន និង​ឧកញ៉ា មិក សាផាណារ៉េត គឺជា​អគ្គនាយក​របស់​ក្រុមហ៊ុន ហួត ម៉េងរីតា (Hout Meng Rita) ដែល​កំពុង​គ្រប់គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ រួម​ទាំង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន ដូចជា ក្រុមហ៊ុន ធី ង៉ាន (Thy Nhan) កំពុង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​លោក ឡេង ឬទ្ធី ជា​អគ្គនាយក និង​ក្រុមហ៊ុន អង្គរ ផ្លាយវូដ (Angkor Plywood) ដែល​មាន​ឧកញ៉ា ជា ពៅ ហៅ ហួ គឺជា​អគ្គនាយក ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​ពាសពេញ​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​កត់សម្គាល់​ឃើញ​ថា ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​កាប់​បំផ្លាញ​គ្មាន​សល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រោម​ក្រុមហ៊ុន​របស់​ឧកញ៉ា​ដែល​ជា​សែស្រឡាយ និង​ជា​អ្នក​រក​ផល​ប្រយោជន៍​ឱ្យ​គ្រួសារ​លោក ហ៊ុន សែន យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ ហើយ​ឧក្រិដ្ឋជន​ព្រៃឈើ​ទាំងនោះ​ក៏​ត្រូវ​លោក ហ៊ុន សែន តែងតាំង​ឱ្យ​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ​ដែរ។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​តែងតាំង​ឧកញ៉ា មិក សាផាណារ៉េត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា ខណៈ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ក៏​ត្រូវ​បាន​តែងតាំង​ឱ្យ​ធ្វើ​ជា​ជំនួយការ​របស់​គាត់​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ ដែរ។

ចំណែក​ឧកញ៉ា ទ្រី ភាព ក៏​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថែម​ទៀត។ ដោយឡែក​ឧកញ៉ា លី យ៉ុងផាត់ ក៏​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ផង និង​ជា​សមាជិក​ព្រឹទ្ធសភា​ផង ហើយ​ក៏​ជា​ប្រធាន​សមាគម​ឧកញ៉ា​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា លើកឡើង​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាង​ក្រៅ។

លោក​សង្កត់​ធ្ងន់​ថា បើ​នៅតែ​បែប​នេះ​ទៀត ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​នឹង​រលាយ​ហិនហោច​ជាមិនខាន។

លោក សៅ សុខា បញ្ជាក់​ថា ឈើ​ដឹក​តែ​លើ​ផ្លូវ មិន​ដែល​ដឹក​ខុស​ពី​លើ​ផ្លូវ​ទេ ហើយ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ក៏​នៅ​លើ​ផ្លូវ ខណៈ​ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​សមគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស