25 C
Phnom Penh

មន្ត្រី​បក្ស​កម្លាំង​ជាតិ​អំពាវនាវ​ចេញពី​ពន្ធនាគារ​ឱ្យ​សមាជិក​បក្ស​ខ្លួន​រក្សា​ស្មារតី​ស្មោះត្រង់​នឹង​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ ឱ្យ​មន្ត្រី និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ទាំងអស់ រក្សា​ស្មារតី​សាមគ្គី​រួបរួម ស្មោះត្រង់​នឹង​គណបក្ស​បន្ត​ទៀត ជាពិសេស​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បន្ត​វេន​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មី សេងហ៊ ហៅ គា វិសាល បាន​ចេញ​លិខិត​មួយ​ពី​ពន្ធនាគារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ មេសា នេះ បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ទាំងអស់​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ បោះឆ្នោត​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ​គ្រប់ៗ​គ្នា ដើម្បី​បន្ត​វេន​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​តទៅទៀត។

លិខិត​របស់​លោក មី សេងហ៊ លើកឡើង​ថា គណបក្ស​កម្លាំង​ជាតិ គឺជា​បក្ស​ដែល​ត្រូវ​បន្ត​បេសកកម្ម​ពី​គណបក្ស សម រង្ស៊ី ដែល​ក្លាយ​មក​ជា​គណបក្ស​ភ្លើង​ទៀន នៅ​ពេលនេះ ដូច្នេះ​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ទាំងអស់ ត្រូវតែ​រក្សា​ភាព​ស្មោះត្រង់ រឹងមាំ និង​ក្លាហាន​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ជានិច្ច​តទៅ​ថ្ងៃ​មុខ ជាពិសេស​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ដែល​កើត​ចេញពី​គណបក្ស​ភ្លើង​ទៀន សព្វថ្ងៃ​នេះ។

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​បញ្ជាក់​ថា គុក​អាច​ឃុំឃាំង​បាន​ត្រឹម​តែ​ខ្លួន​ប្រាណ​របស់​លោក​ប៉ុណ្ណោះ ប៉ុន្តែ​គុក​មិន​អាច​ឃុំឃាំង​មនសិការ និង​ឧត្ដមគតិ​របស់​លោក​បាន​ទេ ដូច្នេះ​ឧបសគ្គ​ដែល​កំពុង​កើត​មាន​ចេញពី​ការ​តស៊ូ​ដើម្បី​សេរីភាព ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​នៅ​ពេលនេះ គ្រាន់តែ​ជា​សុបិន​អាក្រក់​ដូច​លោក​ដេក​លក់​មួយ​ពេល​តែប៉ុណ្ណោះ ព្រោះ​លោក​ដឹង​ថា ការងារ​នយោបាយ​នៅ​កម្ពុជា គឺ​ត្រូវតែ​ដាក់​ជីវិត​ជា​ដើមទុន។

លោក គា វិសាល បញ្ជាក់​ថា ប្រសិនបើ​លោក​គ្មាន​ការ​លះបង់​ធំ​ដើម្បី​ចាញ់​ទេ នោះ​ក៏​មាន​ការ​លះបង់​ធំ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ដែរ ព្រោះ​បើ​អ្នក​នយោបាយ​អាច​យក​ឈ្នះ​នយោបាយ​អាក្រក់ នោះ​គេ​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្អ​រាប់​ពាន់​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ប៉ុន្តែ​បើ​អ្នក​នយោបាយ​ចុះចាញ់​នឹង​នយោបាយ​អាក្រក់ នោះ​គេ​ក៏​ច្បាស់​ជា​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​រាប់​ពាន់​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក មី សេងហ៊ ហៅ គា វិសាល នៅ​ភូមិ​កោះប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ​តាម​បណ្តឹង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ៃ ហុងស្រៀង និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ម​១ ឬ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មី សេងហ៊ ហៅ គា វិសាល ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​អំពី​បទ​ញុះញង់ ក្រោយ​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​វិញ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈពេល ១​ឆ្នាំ​ពេញ​នៅ​ក្នុង​ពន្ធនាគារ។

កន្លង​មក មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ពី​បទ «រួម​គំនិត​ក្បត់» ក្រោយ​ប្រកាស​គាំទ្រ​មាតុភូមិ​និវត្តន៍ ០៩ វិច្ឆិកា ឆ្នាំ​២០១៩ របស់​លោក សម រង្ស៊ី ហើយ​មក​ទល់​នឹង​ពេលនេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ និង​មាន​ខ្លះ​ទៀត​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង ក្រោយ​ពេល​ពួកគេ​សុំទោស និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ​ជា ៥០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បន្ទាប់ពី​ពួកគេ​ហ៊ាន​បញ្ចេញមតិ​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ ខណៈ​គណបក្ស​នយោបាយ​ដែល​ចូលរួម​មាន​តែ ៣​គណបក្ស​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មន្ត្រី សមាជិក និង​សកម្មជន​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា ការ​ចោទប្រកាន់ និង​ការ​ចាប់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស