35 C
Phnom Penh

មន្ត្រី​គយ​ទម្លាយ​ថា​លោក គុណ ញឹម សូកប៉ាន់​ភរិយា​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​កាន់​តំណែង​៣​ឆ្នាំ​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ជាច្រើន​នាក់​បាន​ទម្លាយ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​សូកប៉ាន់​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​ដល់​ឆ្នាំ​២០២៨ បន្ទាប់ពី​លោក​ត្រូវ​បាន​លោក ហ៊ុន សែន កំណត់​ឱ្យ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​គយ​ផ្សេង​ទៀត​ក៏​បាន​ស្នើសុំ​ពន្យារ​ពេល​ចូល​និវត្តន៍​នេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​លោក គុណ ញឹម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​មេ​គយ​កម្ពុជា​រូប​នេះ​អាច​ប្រមូល​លុយ​បាន​ប្រមាណ​ជា ៥០​លាន​ដុល្លារ​អាមេរិក​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

មន្ត្រី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​សារព័ត៌មាន The Cambodia Daily ដែល​បាន​រៀបរាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ ឧសភា នេះ​ថា លោក គុណ ញឹម កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​ប្រមូល​លុយ​ដែល​មាន​ចំនួន​ប្រមាណ​ជា ៥០​លាន​ដុល្លា​អាមេរិក​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោម​រូបភាព​ធ្វើ​កំណែ​ទម្រង់​ផ្លាស់ប្ដូរ​មន្ត្រី​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​ការ​ពន្យារ​អាយុ​ចូល​និវត្តន៍ និង​ការ​ផ្លាស់ប្ដូរ​មន្ត្រី​គយ​ពី​ប៉ុស្តិ៍​មួយ​ទៅ​ប៉ុស្តិ៍​មួយ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ។

មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​សូក​លុយ​ឱ្យ​លោក គុណ ញឹម ពន្យារ​ពេល​ចូល​និវត្តន៍ និង​ផ្លាស់ប្ដូរ​ប៉ុស្តិ៍​ប្រចាំការ​មាន​ចំនួន ១៥០​នាក់ ខណៈ​មន្ត្រី​គយ​ប្រមាណ​ជា ៣០០​នាក់​ទៀត ក៏​កំពុង​ត្រៀម​សូក​លុយ​លោក គុណ ញឹម ដើម្បី​ផ្លាស់ប្ដូរ​ប៉ុស្តិ៍​របស់​ពួកគេ​ដែរ។

ប្រភព​ដដែល​អះអាង​ថា ករណី​ជាក់ស្តែង លោក គុណ ញឹម បាន​ដំឡើង​ឋានៈ​លោក កើត សុធារ៉ា ពី​ប្រធាន​គយ​ចល័ត​នៅ​ទូទាំង​ប្រទេស ឱ្យ​ទៅ​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប៉ុន្តែ​គាត់​បាន​ដំឡើង​ឋានៈ​មេ​គយ​សាខា​ខេត្ត​បន្ទាយមានជ័យ លោក នូ ស៊ីថា ឱ្យ​មក​កាន់​តំណែង​ប្រធាន​គយ​ចល័ត​នៅ​ទូទាំង​ប្រទេស​ជំនួស​វិញ ដែល​គេ​ដឹង​ថា លោក គុណ ញឹម បាន​ទទួល​សំណូក​ពី​លោក នូ ស៊ីថា ប្រមាណ​ជា ៤​លាន​ដុល្លារ​អាមេរិក ខណៈ​តំណែង​មេ​គយ​សាខា​ខេត្ត​បន្ទាយមានជ័យ កំពុង​រក្សា​ទុក​ឱ្យ​នៅ​ទំនេរ ដើម្បី​រង់ចាំ​អ្នក​ហ៊ាន​ដេញថ្លៃ​ចូល​កាន់​តំណែង​នេះ។

មន្ត្រី​គយ​ដដែល​បញ្ជាក់​ថា ភរិយា​របស់​លោក គុណ ញឹម គឺ​អ្នកស្រី ប៉ាន់ ត្រាប្រណី មាន​អំណាច​ខ្លាំង​ណាស់​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ការ​ផ្លាស់ប្ដូរ​មន្ត្រី​គយ​ទាំងអស់ ខណៈ​មន្ត្រី​គយ​ទាំងនោះ​ក៏​ខ្លាច​អំណាច​ជំទាវ​ម្នាក់​នេះ​ខ្លាំង​ណាស់​ដែរ ដោយសារតែ​គាត់​អាច​ដក​តំណែង​មន្ត្រី​គយ​ណា​ក៏​បាន​តាម​ទំនើង​ចិត្ត។ ជាង​នេះ​ទៀត ក៏​ដោយសារតែ​អ្នកស្រី ប៉ាន់ ត្រាប្រណី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily ធ្លាប់​ទទួល​បាន​ព័ត៌មាន​ពី​ផ្ទៃក្នុង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី ១​ឆ្នាំ​មុន​ថា ប្រធាន​គយ​ចល័ត​នៅ​ទូទាំង​ប្រទេស លោក កើត សុធារ៉ា បាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​ធ្ងន់ធ្ងរ ដោយ​ការ​ប្រមូល​លុយ​មួយ​ថ្ងៃៗ​យ៉ាងតិច ១​សែន​ដុល្លារ​អាមេរិក​ឲ្យ​លោក គុណ ញឹម ប៉ុន្តែ​ពេលនេះ​បែរ​ជា​លោក គុណ ញឹម ដក​តំណែង​បញ្ឈរ​ជើង​ទៅវិញ។

កាលពី​អំឡុង​ឆ្នាំ​២០២៣ ប្រភព​ពី​មន្ត្រី​គយ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែរ​ថា ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​គ្រប់​រូបភាព​យ៉ាង​អនាធិបតេយ្យ។

មន្ត្រី​គយ​ទាំងនោះ​អះអាង​ថា រៀងរាល់​ដើម​ខែ លោក គុណ ញឹម តែង​បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ការងារ​របស់​ប្រធាន​ប៉ុស្តិ៍ និង​ប្រធាន​ទីស្នាក់ការ​គយ ក្នុង​ការ​ប្រមូល​ពន្ធ ប៉ុន្តែ​ក្រោយ​កិច្ចប្រជុំ​ប្រចាំ​ខែ លោក គុណ ញឹម តែងតែ​ទទួល​ស្រោម​សំបុត្រ​ពី​មេ​គយ​គ្រប់​ច្រក គ្រប់​ប៉ុស្តិ៍​មិន​តិច​ជាង ១០​ម៉ឺន​ដុល្លារ​នោះ​ទេ​ក្នុង​មួយ​ខែៗ គឺ​មេ​គយ​តាម​ប៉ុស្តិ៍​បង់​លុយ​តាម​តូច​តាម​ធំ តាម​តិច​តាម​ច្រើន​ចាប់ពី ១​ពាន់​ដុល្លារ​ដល់ ៥​ពាន់​ដុល្លារ ឬ ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។

ក្រៅពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​សូកប៉ាន់​ពី​មេ​ប៉ុស្តិ៍​គយ​នានា ក៏​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយសារ​ពន្យារ​ពេល​ចូល​និវត្តន៍​ដែរ។ ជាក់ស្តែង លោក ប៉ោ សួន ដែល​ជា​ប្រធាន​ក្រុម​អនុលោម ជាដើម ក៏​ត្រូវ​បាន​លោក គុណ ញឹម លួច​ក្លែង​ឯកសារ​សាធារណៈ​កែ​អាយុ​មន្ត្រី​អនុលោម​រូប​នេះ​ពី​ឆ្នាំ​កំណើត​ឆ្នាំ​១៩៦៤ មក​កើត​ឆ្នាំ​១៩៧៤ វិញ​ដែរ ដែល​អាច​ពន្យារ​ពេល​ចូល​និវត្តន៍​ឱ្យ​លោក ប៉ោ សួន បាន​រហូត​ដល់​ទៅ​ដល់ ១០​ឆ្នាំ​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​ការ​សូកប៉ាន់​ពន្យារ​អាយុ​ចូល​និវត្តន៍ ក៏​មាន​ការ​សូកប៉ាន់​ផ្លាស់ប្ដូរ​ប៉ុស្តិ៍​ប្រចាំការ​ដែរ ក្នុង​នោះ ការ​ប្ដូរ​ប៉ុស្តិ៍​ល្មមៗ​ដូចជា​កម្រិត ឬ​ថ្នាក់​ការិយាល័យ នាយកដ្ឋាន ឬ​សាខា​គយ​ខណ្ឌ ជាដើម ក៏​ត្រូវ​ចំណាយ​ប្រាក់​សូកប៉ាន់​យ៉ាងតិច ១០​ម៉ឺន​ដុល្លារ​ដែរ។

រីឯ​ប៉ុស្តិ៍​មេ​គយ​រាជធានី​ភ្នំពេញ និង​មេ​គយ​ខេត្ត ដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​កន្លែង​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ច្រើន ត្រូវ​បាន​សូកប៉ាន់​ចាប់ពី ១​លាន ៥​សែន​ទៅ ២​លាន​ដុល្លារ​អាមេរិក។

លោក គុណ ញឹម ដែល​ជា​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​គ្រប់​អាយុ​ចូល​និវត្តន៍​ចាប់តាំងពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ មក​ម្ល៉េះ ប៉ុន្តែ​លោក​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ពេល​នោះ ប្រកាស​ឲ្យ​បន្ត​តំណែង​រហូត​ដល់​ឆ្នាំ​២០២៥ ដោយសារតែ​លោក គុណ ញឹម ជា​មនុស្ស​ដែល​គាត់​ជឿ​ទុកចិត្ត​ផង និង​ជា​មនុស្ស​ជំនិត​របស់​លោក អូន ព័ន្ធមុនីរ័ត្ន ផង ប៉ុន្តែ​នៅ​ពេលនេះ លោក គុណ ញឹម ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​រាយការណ៍​មក​ថា លោក​បាន​សូកប៉ាន់​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​ចំនួន ៣​ឆ្នាំ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស