38 C
Phnom Penh

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី បាន​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ។

លោក​បន្ថែម​ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ផង ត្រូវ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក Phil Robertson នៅ​ថ្ងៃទី​៨ ឧសភា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជុំវិញ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) សម្រាប់​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។

លោក Phil Robertson លើកឡើង​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ​នានា​របស់​សមាគម និង​ការ​ជួប​ជុំ​គ្នា​ជា​សាធារណៈ​ដោយ​សន្តិវិធី​នៅ​កម្ពុជា ត្រូវ​បាន​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត ក៏​នៅតែ​មាន​ការ​បន្ត​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​ទៅ​លើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន ជា​ហូរហែ​ដែរ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​បាន​អះអាង​ថា ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​បក្ស​ប្រឆាំង មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក ២៧​ឆ្នាំ​ទាំង​អយុត្តិធម៌​ថែម​ទៀត។

លោក​បន្ថែម​ថា ការ​កាត់ទោស​លោក កឹម សុខា បែប​នេះ គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការ​កាត់ទោស​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​តុលាការ​នៃ​របប​សឹក​ភូមា ដូច្នោះ​ដែរ។

លោក Phil Robertson បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ឆ្នាំ​២០២៣ ដោយ​ការ​រារាំង​បក្ស​ភ្លើង​ទៀន មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​នោះ​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ក្រោក​ឈរ​សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​ចូលរួម​ត្រួតពិនិត្យ​កំណត់ត្រា​សិទ្ធិមនុស្ស​ជា​សកល​តាម​កាលកំណត់ (UPR) ក្នុង​ទីក្រុង​ហ្សឺណែវ លើក​ទី​៤ នេះ។

កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ថា ខ្លួន​នឹង​ត្រួតពិនិត្យ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា តាមរយៈ​នៃ​ការ​ត្រួតពិនិត្យ​ដោយ​ក្រុម​ការងារ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) Universal Periodic Review ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ លើក​ទី​៤ នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ឯកសារ​ដែល​ត្រូវ​ពិនិត្យ​មាន​ប្រភព​ធំៗ​ចំនួន​៣ រួម​មាន​របាយការណ៍​ជាតិ និង​ព័ត៌មាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​របាយការណ៍​របស់​អ្នកជំនាញ។ របាយការណ៍​ទាំងនោះ​ក៏​បាន​មកពី​ក្រុម​សិទ្ធិមនុស្ស​ឯករាជ្យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នីតិវិធី​ពិសេស ស្ថាប័ន​សន្ធិសញ្ញា​សិទ្ធិមនុស្ស និង​អង្គភាព​ដទៃ​ទៀត​របស់​អង្គការ​សហប្រជាជាតិ។ ចុងក្រោយ គឺ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​មាន​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ អង្គការ​ក្នុង​តំបន់ និង​ក្រុម​សង្គម​ស៊ីវិល​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​មេសា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​រាល់​ទង្វើ​យាយី និង​ការ​កាត់ទោស​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម ជាដើម ដើម្បី​ធានា​ឱ្យ​ពួកគេ​អាច​អនុវត្ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​បាន​កត់ត្រា​នូវ​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​នយោបាយ ជាដើម នា​ពេល​កន្លង​មក ហើយ​ការ​រឹតត្បិត​បែប​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​ការងារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​បង្កើត​សមាគម និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ជាដើម ប៉ុន្តែ​ជាក់ស្តែង ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​អនុវត្ត​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង។

ជាក់ស្តែង សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​នានា តែងតែ​រង​នូវ​ការ​គំរាមកំហែង​នានា​ចាប់​ចង​ដាក់​ពន្ធនាគារ​ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់ ដូចជា មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស