38 C
Phnom Penh

រុស្ស៊ី​ប្រារព្ធ​ខួប​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ខណៈ​ស្ថិត​លើ​វិថី​មិន​ច្បាស់លាស់​នៃ​ការ​ធ្វើ​សង្គ្រាម​វាយ​យក​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ គឺ​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃទី​៩ ខែ​ឧសភា ប្រទេស​រុស្ស៊ី ធ្វើ​ពិធី​រំលឹក​ខួប​ជ័យជម្នះ​របស់​កងទ័ព​សូវៀត​ក្រហម ដែល​វាយ​ផ្ដួល​រំលំ​របប​កងទ័ព​និយម​ណាហ្ស៊ី​អ៊ីត្លែ អាល្លឺម៉ង់។

មិន​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ លើក​នេះ​ការ​ប្រារព្ធ​ខួប​ជ័យជម្នះ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ មិន​សូវ​មាន​ភាព​អធិកអធម​ច្រើន​ទេ ខណៈ​កងទ័ព​រុស្ស៊ី កំពុង​ប្រយុទ្ធ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ក៏​កំពុង​ស្លាប់​គរ​ជើង​គ្នា បើ​ទោះជា​ទីតាំង​ខ្លះ ទ័ព​រុស្ស៊ី​វាយ​យក​បាន​ពី​កងទ័ព​អ៊ុយក្រែន ក៏ដោយ​នោះ។

គោលដៅ​នៃ​សង្គ្រាម​ដែល​ពួក​បស្ចិម​ប្រទេស​ថា​សង្គ្រាម​របស់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺ​មាន​ផែនការ​វាយ​ដណ្ដើម​កាន់កាប់​ទឹកដី​អ៊ុយក្រែន និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែ​មក​ដល់​ពេលនេះ សង្គ្រាម​អូស​បន្លាយ​ជាង ២​ឆ្នាំ ២​ខែ​ហើយ ដែល​មហិច្ឆតា​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​កំពុង​ស្ថិត​លើ​វិថី​មិន​ច្បាស់លាស់។

បើ​ទោះជា​លោក ពូទីន ព្យាយាម​ថ្លែង​ថា រុស្ស៊ី​កំពុង​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ក៏ដោយ តែ​ធាតុ​ពិត គ្រាន់តែ​កំពុង​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ជាតិ​និយម​រុស្ស៊ី បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​សម្រាប់​អាណត្តិ​ទី​៥ តែប៉ុណ្ណោះ។

លោក ពូទីន ដែល​ទើប​ចូល​កាន់​តំណែង​ផ្លូវការ​ជា​ប្រធានាធិបតី​រុស្ស៊ី អាណត្តិ​ថ្មី បាន​បង្ហាញ​អធិបតីភាព​ក្នុង​ពិធី​ត្រួត​ពល​នៃ​ក្បួន​ព្យុហយាត្រា​កងទ័ព​នៅ​ក្នុង​ទិវា​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់។

ជា​កិច្ច​គម្រប់​ខួប​ជ័យជម្នះ​របស់​សហភាព​សូវៀត លើ​របប​ណាហ្ស៊ី-អាល្លឺម៉ង់ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ លោក ពូទីន បាន​ចាប់​យក​ទិវា​នេះ​ជា​ល្បែង​បង្ហាញ​សាច់ដុំ​កម្លាំង​ទ័ព និង​សព្វាវុធ​ទំនើប​ដើម្បី​បន្ត​វាយលុក​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​មួយ​ដែល​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​ចាត់ទុក​ជា​របប​កងទ័ព​ណាហ្ស៊ី​ថ្មី​នៅ​អ៊ុយក្រែន។

ថ្លែង​ចេញពី​ទីលាន​ក្រហម​នា​ទីក្រុង​មូស្គូ លោក ពូទីន ប្រាប់​ពិភពលោក​ថា រុស្ស៊ី​តែង​ព្យាយាម​ដើម្បី​បញ្ចៀស​សង្គ្រាម​កុំ​ឲ្យ​រាលដាល​ក្លាយ​ជា​សង្គ្រាម​លោក។ លោក ពូទីន បាន​វាយប្រហារ​ពួក​លោក​ខាងលិច​ថា កំពុង​រុញ​សង្គ្រាម​នៅ​អ៊ុយក្រែន ឱ្យ​ក្លាយ​ទៅ​ជា​សង្គ្រាម​លើក​ទី​៣ ប៉ុន្តែ​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​រូប​នេះ​បែរ​ជា​ប្រកាស​ថា រុស្ស៊ី​បាន​ត្រៀម​ជាស្រេច​ហើយ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​វាយ​បក​ទៅ​លើ​ពួក​លោក​ខាងលិច ក្នុង​ករណី​ដែល​សន្តិសុខ​របស់​រុស្ស៊ី រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឲ្យ​ដឹង​ថា លោក ពូទីន ថ្លែង​ដូចនេះ​នៅ​ចំពោះ​មុខ​កងទ័ព និង​អ្នក​នយោបាយ​រាប់​ពាន់​នាក់​នៅ​ទីលាន​ក្រហម​ក្បែរ​វិមាន​ក្រឹមឡាំង។

ជាមួយ​នឹង​ការ​លើក​សរសើរ​ដល់​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​នៅ​សមរភូមិ​ប្រទេស​អ៊ុយក្រែន លោក ពូទីន បាន​អួត​ថា រុស្ស៊ី​នឹង​ឈ្នះ​សង្គ្រាម​នេះ ហើយ​នឹង​ឈ្នះ​ពួក​លោក​ខាងលិច​ទៀត​ផង តែ​លោក ពូទីន នៅតែ​បន្ត​រំលឹក​ការ​ព្រមាន​របស់​លោក​ប្រឆាំង​នឹង​លោក​ខាងលិច ដែល​ថា​រុស្ស៊ី មិន​មាន​ការ​អត់ឱន​ដល់​អ្នក​គំរាម​រុស្ស៊ី និង​អ្នក​បង្ក​សង្គ្រាម​វាយប្រហារ​រុស្ស៊ី ទេ គឺ​អាវុធ​នុយក្លេអ៊ែរ បាន​ត្រៀម​រួច​ទៅ​ហើយ។

រដ្ឋធានី​មូស្គូ ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី​នេះ គេ​សង្កេត​ឃើញ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការ​ព្រួយបារម្ភ​ពី​ការ​អាច​កើតមាន​នូវ​ការ​វាយប្រហារ​បែប​ភេរវកម្ម​ដូច​កាលពី​ខែ​មីនា ដែល​បាន​ផ្ទុះឡើង​នៅ​ក្បែរ​ក្រុង​មូស្គូ ដោយ​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់។

នៅ​ផ្នែក​ខ្លះ​នៃ​ទឹកដី​រុស្ស៊ី និង​ទីក្រុង​ធំៗ​បាន​លុប​ចោល​ការ​ប្រារព្ធ​ពិធី​នេះ ព្រោះ​តែ​បារម្ភ​មួយ​ខ្លាច​មាន​ការ​វាយប្រហារ​ដោយ​ដ្រូន ឬ​គ្រាប់​មីស៊ីល​របស់​អ៊ុយក្រែន។

ក្បួន​ព្យុហយាត្រា​កងទ័ព​មាន​រថក្រោះ រថពាសដែក ហើយ​ក៏​មាន​ការ​បង្អួត​គ្រាប់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដែរ តែ​មិន​ជា​អធិកអធម​ពេក​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ព្រោះ​ប្រទេស​នេះ​បាន​ចំណាយ​ធនធាន​យ៉ាង​ច្រើន​ទៅ​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ក្នុង​ពិធី​នេះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​មេដឹកនាំ​ជា​ប្រមុខ​រដ្ឋ ជា​ប្រមុខ​រដ្ឋាភិបាល មក​ចូលរួម មាន​តែ ៩​ប្រទេស​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ប្រទេស​អតីត​សហភាព​សូវៀត មាន​ដូចជា ប្រទេស Belarus, Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan និង​ប្រទេស Uzbekistan។ ក្រៅពី​នេះ មាន Cuba, Laos និង​ប្រទេស Guinea-Bissau ផង​ដែរ។

ពិធី​នេះ​ធ្វើឡើង​ក្រោយ​ពេល ២​ថ្ងៃ ដែល​លោក ពូទីន សម្ពោធ​ដោយ​ខ្លួនឯង​ឡើង​ជា​ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី ថែម ៦​ឆ្នាំ​ទៀត ចេញពី​ការ​បោះឆ្នោត​ថ្ងៃទី​១៧ ខែ​មីនា ដោយ​សឹងតែ​គ្មាន​គូប្រជែង ព្រោះ​របប​នៅ​ក្រុង​មូស្គូ របស់​បុរស​ខ្លាំង​រូប​នេះ បាន​ចាប់​អ្នក​នយោបាយ​ល្បីៗ​ដាក់​គុក និង​ខ្លះ​ទៀត​និរទេស​ខ្លួន​ចេញពី​ប្រទេស។

អ្វី​ដែល​អ្នក​សង្កេតការណ៍​បាន​កត់ត្រា​ទុក​មួយ​ទៀត​នោះ គឺ​លោក ពូទីន អួត​ថា​អាណត្តិ​ថ្មី​ទី​៥​របស់​លោក នឹង​ធ្វើ​ឱ្យ​ប្រជាជន​រុស្ស៊ី ទទួល​បាន​ជ័យជម្នះ​ដែល​លោក​សំដៅ​ទៅ​សង្គ្រាម​វាយ​យក​ទឹកដី​ពី​ប្រទេស​អ៊ុយក្រែន។ តែ​អ្នក​សង្កេតការណ៍​របស់​ពួក​បស្ចិម​ប្រទេស​មួយ​ចំនួន មិន​ទាន់​មើល​ឃើញ​លោក ពូទីន កំពុង​ស្ថិត​នៅ​លើ​វិថី​ជ័យជម្នះ​ពិតប្រាកដ​នៅឡើយ​ទេ។

គេ​ថា បើ​រុស្ស៊ី​ទទួល​បាន​ជ័យជម្នះ​លើ​ប្រទេស​អ៊ុយក្រែន លុះត្រាតែ​រុស្ស៊ី ចំណាយ​ទ័ព​មួយ​លាន​នាក់​ឡើង​ទៅ ដែល​ខណៈ​នេះ ក្រុម​ចារកម្ម​លោក​ខាងលិច​អះអាង​ថា រុស្ស៊ី​បាន​បាត់បង់​ទ័ព​នៅ​លើ​សមរភូមិ​នៃ​ប្រទេស​អ៊ុយក្រែន ហក់​ឡើង​ពី ៤៥​ម៉ឺន​នាក់​ទៅ ៥០​ម៉ឺន​នាក់ ហើយ​សព្វាវុធ​ធុន​ធ្ងន់​រួម​មាន​រថក្រោះ រថពាសដែក កាំភ្លើងធំ រុស្ស៊ី​បាត់បង់​ជិត ៥០% ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស