33 C
Phnom Penh

សង្គម​ស៊ីវិល​ថា​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ព្រមាន​ថា ដំណោះស្រាយ​ជុំវិញ​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ដែល​ក្រុម​កូដករ​កំពុង​បន្ត​ធ្វើ​សព្វថ្ងៃ​នេះ​ឡើយ ព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា យន្តការ​នានា​ដែល​ប្រើ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​នេះ គឺ​ក្រុម​កូដករ​បាន​ប្រើ​គ្រប់​វិធី​អស់​ហើយ ដែល​មាន​ន័យ​ថា​នៅតែ​ភាគី​ក្រុមហ៊ុន​យល់ព្រម​ដោះស្រាយ ឬ​ក៏​អត់​តែប៉ុណ្ណោះ។

លោក​អះអាង​ថា លក្ខខណ្ឌ​ទាំង ៨ ដែល​ក្រុម​កូដករ​បាន​ទាមទារ មិនមែន​ហួសហេតុ​ដែល​ខុស​ពី​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា​នោះ​ឡើយ ហើយ​លក្ខខណ្ឌ​ទាំងនេះ​ក៏​មិន​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​នោះ​ដែរ ពីព្រោះ​ការ​ទាមទារ​របស់​កូដករ គឺជា​កាតព្វកិច្ច​ដែល​ក្រុមហ៊ុន​ត្រូវតែ​ដោះស្រាយ​ជូន​ពួកគាត់។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លះ​មក​នេះ ប្រសិនបើ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ដោះស្រាយ នោះ​វិវាទ​នេះ​នឹង​អាច​ដោះស្រាយ​បាន​ដោយ​ងាយ ព្រោះ​លក្ខខណ្ឌ​ដែល​កម្មករ​និយោជិត​បាន​ទាមទារ មិនមែន​ជា​សំណើ​ខុស​លក្ខខណ្ឌ​ច្បាប់​ស្ដីពី​ការងារ​នោះ​ទេ។

កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បញ្ចប់​វិវាទ​ការងារ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ដោយ​ឈរ​កាន់​បដា​ដែល​បង្ហាញ​ពី​លក្ខខណ្ឌ ៨​ចំណុច​ដែល​ក្រុម​កូដករ​ទាំងអស់​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​អស់​រយៈពេល​ជិត ១​ពាន់​ថ្ងៃ (៨៧៧​ថ្ងៃ) បើ​គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។

ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​នាំគ្នា​ឈរ​លើកឡើង​បដា​ដែល​សរសេរ​ថា «ក្រុមហ៊ុន Naga world ត្រូវតែ​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ, ត្រូវ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់, ត្រូវ​ទូទាត់​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១, ក្រុមហ៊ុន​ក៏​ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់, ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​គោល ៧% លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន, ត្រូវ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​តាមរយៈ​ការ​ប្រើ​បុគ្គលិក​ក្រោម​ស្លាក​កម្មសិក្សា និង​ទទួល​យក​ឱ្យ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ, ត្រូវ​បញ្ឈប់​ប្រធាន​ផ្នែក​ក្រុមហ៊ុន​កាស៊ីណូ​លោក Florian Pastiu និង​ផ្តល់​ប្រាក់​ឈ្នួល​គោល​ស្មើ​គ្នា​រវាង​បុគ្គលិក​ក្នុង​ស្រុក​ធៀប​នឹង​បុគ្គលិក​ក្រៅ​ស្រុក​ដែល​មាន​ឋានៈ និង​ផ្នែក​ដូច​គ្នា​ផង​ដែរ»

ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក ក្រុម​កូដករ​រងគ្រោះ​មិន​ដែល​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល ក្រសួង​ការងារ ឬ​ពី​ក្រុមហ៊ុន​ឡើយ។ ផ្ទុយទៅវិញ គឺ​មាន​តែ​ការ​ចោទប្រកាន់ និង​ការ​ចាប់​ខ្លួន​ដាក់​គុក​តែប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​សម្រេច​បើក​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​សមាជិក​សហជីព ៦​នាក់​ផ្សេង​ទៀត ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៧​នាក់ ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទុក​ជា​បាន​ការ​ដដែល។

ក្នុង​នោះ ប្រធាន​សហជីព ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​រយៈពេល ០២​ឆ្នាំ ចំណែក​សមាជិក​សហជីព​ដទៃ​ទៀត ដូចជា កញ្ញា ឈឹម សុខន និង​អ្នកស្រី សុន ស្រីពេជ្រ ជាដើម ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៨​ខែ។

ដោយឡែក​អ្នកស្រី រី សុវណ្ណឌី, លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ក៏​ត្រូវ​តុលាការ​ផ្ដន្ទាទោស​រយៈពេល ១​ឆ្នាំ​ដែរ ប៉ុន្តែ​ពួកគេ​តម្រូវ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​ដោះស្រាយ​វិវាទ​ការងារ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទេ។

ប្រភព​ដដែល​បន្ថែម​ថា ប្រសិនបើ​ពួកគេ​ដោះស្រាយ​វិវាទ​នេះ នោះ​គឺ​ដូចជា​លើក​ទឹកចិត្ត​ឱ្យ​កម្មករ​និយោជិត​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​ដែល​កំពុង​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​សិទ្ធិ​ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស