30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ណែនាំ​រដ្ឋ​បរទេស​គួរតែ​ប្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស ជាជាង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រាប់​ទៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ថា គួរ​តែ​ណែនាំ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស​ច្បាប់ ជាជាង​មក​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ហាម​មិន​ឱ្យ​អនុវត្ត​ច្បាប់។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ឆ្នាំ​២០២៤-ឆ្នាំ​២០៣៥ នៅ​ថ្ងៃទី​២៣ ខែ​ឧសភា នេះ​ថា សូម​មិត្ត​បរទេស​មួយ​ចំនួន​កុំ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​ដែល​ល្មើស​ច្បាប់។ ផ្ទុយទៅវិញ ពួកគេ​គួរ​តែ​ប្រាប់​ទៅ​ក្រុម​ប្រឆាំង កុំ​ឱ្យ​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់​បន្ត​ទៀត​ប្រសើរ​ជាង។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា មិត្ត​បរទេស​ទាំងអស់​ដែល​ណែនាំ​កម្ពុជា​ថា​កុំ​ឱ្យ​ប្រើ​ច្បាប់​ដើម្បី​បិទ​សំឡេង ឬ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​កន្លង​មក ពួកគេ​គួរតែ​ណែនាំ​អ្នក​ធ្វើ​ខុស​ច្បាប់​កុំ​ឲ្យ​រំលោភ​ច្បាប់​បន្ត​ទៀត ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ជានិច្ច​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ប៉ុន្តែ​រដ្ឋាភិបាល​គ្រាន់តែ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​បំពាន​ច្បាប់​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ​នៅ​កម្ពុជា​ត្រូវតែ​មាន​ស្តង់ដា​ត្រឹមត្រូវ និង​ត្រូវតែ​មាន​ក្រមសីលធម៌ រួម​ទាំង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជាង​ពលរដ្ឋ ព្រោះ​ពួកគេ​មិន​អាច​ចេះ​តែ​ដើរ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​និយាយ​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ គឺជា​ទង្វើ​នាំ​ឲ្យ​ពុល​សង្គម​ទៅវិញ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺជា​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្ដង់ដា​ពីរ ដែល​ច្បាប់​នេះ​គេ​តែង​ឃើញ​មាន​ការ​រឹតត្បិត​តែ​ទៅ​លើ​ក្រុម​ប្រឆាំង និង​ក្រុម​ដែល​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ជាជាង​មន្ត្រី​បក្ស​កាន់​អំណាច។

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ កាលពី​ពេល​កន្លង​ទៅ​នោះ លោក​បាន​សង្កេត​ឃើញ​ថា តុលាការ​នៅ​កម្ពុជា​ហាក់ដូចជា​ទីផ្សារ​ទិញ-លក់​រឿងក្ដី​សម្រាប់​អ្នក​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ មិនមែន​ជា​កន្លែង​ផ្តល់​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ក្រីក្រ និង​ស្លូតត្រង់​នោះ​ទេ។

កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​ដំណើរការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UNPR) របស់​អង្គការ​សហប្រជាជាតិ បណ្ដា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​នៅ​លើ​ពិភពលោក បាន​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

សហគមន៍​អន្តរជាតិ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កាន់តែ​ធ្លាក់​ចុះ ដែល​ទង្វើ​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

បណ្តា​ប្រទេស​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ ជាពិសេស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាដើម ព្រមទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​កែលំអ​ប្រព័ន្ធ​តុលាការ​ស្រប​តាម​ស្ដង់ដា​អន្តរជាតិ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស