40.8 C
Phnom Penh

បទវិភាគ៖ ហ្វីលីពីន​លេង​ហ្គេម​ជាមួយ​ចិន​ដើម្បី​អូស​ចិន​ទៅ​កាន់​តុលាការ​អន្តរជាតិ​សាជាថ្មី​ទៀត​ករណី​ជម្លោះ​ដែន​សមុទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ឆ្នាំ​២០១៦ តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​របស់​អង្គការ​សហប្រជាជាតិ បាន​កាត់​សេចក្ដី​ឱ្យ​ក្រុង​ម៉ានីល មាន​សិទ្ធិ​ចូល​កាន់កាប់​នៅ​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​តំបន់​នៃ​ប្រជុំ​កោះ​ស្ព្រាលី ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដែល​ថា​ករណី​ដោះស្រាយ​ជម្លោះ​ដូចនេះ ត្រូវ​យោង​លើ​រយៈ​ចម្ងាយ​នៃ​ដែន​ទឹក​របស់​ប្រទេស​មួយ​ទៅ​នឹង​តំបន់​ជម្លោះ។

ដោយ​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ តុលាការ​នេះ​បាន​សម្រេច​ថា ប្រទេស​ហ្វីលីពីន មាន​ប្រៀប​ខ្លាំង​ជាង​ចិន ដោយសារ​រយៈ​ចម្ងាយ​ពី​ដែន​ទឹក​ហ្វីលីពីន កំពុង​គ្រប់គ្រង មាន​ជិត​ជាង​ចិន ហើយ​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ទៀត​ផង។

តែ​យ៉ាងណា ក្រុង​ប៉េកាំង​បាន​ប្រកាស​ទាត់​ចោល​សាលដីកា​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​អង្គការ​សហប្រជាជាតិ​មួយ​នេះ ដោយ​ចាត់ទុក​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ពុំ​មាន​យុត្តិធម៌​សម្រាប់​ចិន​នោះ​ទេ ដែល​ចិន​ក៏​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ផង​ដែរ ហើយ​ថា​ចិន​ជា​ប្រទេស​ធំ​ដែល​មាន​ដែន​អធិបតេយ្យ​លើស​ហ្វីលីពីន​ច្រើន​ដង​ទៀត។ ម្យ៉ាង​ទៀត ក្រុង​ប៉េកាំង​ចាត់ទុក​ថា​តុលាការ​នេះ​ពុំ​មាន​ដែន​យុត្តាធិការ​ក្នុង​ការ​កាត់​សេចក្ដី​សំណុំរឿង​ជម្លោះ​ដែនទឹក​សមុទ្រ​នោះ​ទេ។

តែ​ពេល​នោះ ចិន​ដែល​ដឹង​ថា​ខ្លួន​អាច​ចាញ់​ក្ដី សម្រេច​មិន​បញ្ជូន​អ្នក​ច្បាប់​ទៅ​តតាំង​ក្ដី​ជាមួយ​នឹង​ហ្វីលីពីន នោះ​ទេ។ ករណី​នេះ តុលាការ​មជ្ឈត្តការ​អន្តរជាតិ​សម្រេច​សេចក្ដី​ដោយ​ចេញ​សាលដីកា​កាត់ក្ដី​ដោយ​គ្មាន​អ្នក​ច្បាប់​ចិន​ចូល​ខ្លួន​មក​តតាំង​ក្ដី ក៏​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន ចូល​ទៅ​កាន់កាប់​តំបន់​ដែល​ក្រុង​ម៉ានីល បាន​ប្ដឹង​សុំ​សិទ្ធិ​គ្រប់គ្រង​នៅ​តំបន់​ជម្លោះ​នោះ ដែល​ក្រុង​ម៉ានីល ហៅ​ថា​ប្រជុំ​កោះ​ស្កាបូរ៉ូ ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាលី នៃ​សមុទ្រ​ចិន​ខាងត្បូង។

តែ​នៅ​ពេល​នោះ ចិន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ត្រៀម​ខ្លួន​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ និង​ដោយ​មិន​ចាំបាច់​មាន​អ្នក​កាត់​សេចក្ដី។ ចិន​មិន​ឈឺក្បាល​នឹង​ការ​សម្រេច​របស់​តុលាការ​នេះ​ទេ។

សម្រាប់​ហ្វីលីពីន សង្ឃឹម​ថា​សេចក្តី​សម្រេច​នេះ​នឹង​បង្កើន​គំនាប​ផ្លូវ​ទូត​លើ​ចិន ឱ្យ​បញ្ឈប់​នយោបាយ​វាតទី​របស់​ខ្លួន។ មួយ​វិញ​ទៀត ហ្វីលីពីន​ក៏​អាច​យក​សេចក្តី​សម្រេច​នេះ​ធ្វើ​ជា​ទុន​មួយ​ដើម្បី​មាន​ប្រៀប​ក្នុង​ការ​ចរចា​ជាមួយ​ចិន។

សិទ្ធិ​អំណាច​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នេះ ត្រូវ​បាន​កំណត់​ត្រឹមតែ​ជម្លោះ​ប្រទាញប្រទង់​រវាង​ប្រទេស​ពីរ ឬ​ច្រើន​ប្រទេស។ សិទ្ធិ​អំណាច​របស់​តុលាការ​នេះ រួម​មាន សិទ្ធិ​ឱ្យ​ភាគី​ឈ្នះ​ក្ដី​បង្កើត​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ សិទ្ធិ​ក្នុង​ការ​នេសាទ ឬ​សិទ្ធិ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ជាដើម។ ត្រង់​នេះ​ហើយ​ដែល​តុលាការ​អន្តរជាតិ​នេះ​បាន​តម្រឹម​សេចក្ដី​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម ឬ​នេសាទ​ក្នុង​តំបន់​ជម្លោះ​នោះ។

សេចក្តី​សម្រេច​របស់​តុលាការ​នេះ គឺជា​សេចក្តី​សម្រេច​មួយ​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​ឱ្យ​ភាគី​ចាញ់​ក្ដី ត្រូវតែ​គោរព​តាម។ សម្រាប់​ចិន បាន​បដិសេធ​ដាច់ខាត​ថា​មិន​អនុវត្ត​តាម​ឡើយ។

ឥឡូវ​នេះ ដល់ Game ដែល​មេដឹកនាំ​ថ្មី​ហ្វីលីពីន សាកល្បង​ឱ្យ​ចិន ចូល​ខ្លួន បើ​ចិន​អះអាង​ថា​ខ្លួន​ជា​ប្រទេស​គោរព​ច្បាប់​អន្តរជាតិ។

លោក ហ្វីឌឺណង់ ម៉ាកូសជ័រ ជា​ប្រធានាធិបតី​ថ្មី​ដែល​មិនមែន​លោក ឌូទើតេ នោះ​ទេ។ លោក ម៉ាកូសជ័រ ប្រកាស​ថា លោក​មាន​ការ​គោរព​ខ្លាំង​ចំពោះ​អតីត​ប្រធានាធិបតី ណយ ណយ អាគីណូ ដែល​សម្រេច​ប្ដឹង​ចិន ទៅ​កាន់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ហើយ​នាំ​ឱ្យ​ហ្វីលីពីន ស្គាល់​តម្លៃ​តស៊ូ​របស់​ខ្លួន​រហូត​ឈ្នះ​ក្ដី​លើ​ប្រទេស​ចិន។

លោក ម៉ាកូសជ័រ ថ្មីៗ​នេះ​បាន​ប្រកាស​ថា​នឹង​ប្ដឹង​ចិន​ជា​ថ្មី​ទៅ​កាន់​តុលាការ​អន្តរជាតិ​នេះ ដែល​លោក​ថា​ចង់​រុញ​ចិន​ឱ្យ​ហ៊ាន​ចូល​ខ្លួន​តតាំង​ក្ដី បើ​ក្រុង​ប៉េកាំង​តាំងចិត្ត​ថា​ខ្លួន​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ច្បាស់លាស់​ជាង​ក្រុង​ម៉ានីល។ ក្នុង​ស្ថានភាព​នេះ ក្រុង​ម៉ានីល សម្រេច​បញ្ជូន​នាវា​ល្បាត​ជាច្រើន​គ្រឿង​ទៅ​ប្រឈមមុខ​នឹង​នាវា​ល្បាត​ចិន ដែល​ក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវា​ជាច្រើន​គ្រឿង​ឱ្យ​ចូល​ទៅ​កាន់​តំបន់​ដែល​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​សម្រេច​សេចក្ដី​ឱ្យ​មាន​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង។

ក្នុង​ករណី​នេះ ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន បាន​និង​កំពុង​ឡើង​កម្ដៅ​ខ្លាំង ដោយ​ភាគី​ទាំង​ពីរ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញ​ទៅមក​ជុំវិញ​ការ​ប្រឈមមុខ​ដាក់​គ្នា ក្នុង​នោះ​រួម​មាន ទាំង​ការ​បើក​នាវា​ល្បាត​បុក​គ្នា​នៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៀត​ផង។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ក៏​បាន​ព្រមាន​ដោយ​ផ្ទាល់​ថា ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​បំបែក​ហើយ។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន ការ​ព្រមាន​របស់​លោក វ៉ាង យី ធ្វើឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ។ ក្នុង​កិច្ច​សន្ទនា​គ្នា​នេះ លោក វ៉ាង យី បាន​លើកឡើង​ថា ចិន និង​ហ្វីលីពីន កំពុង​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​លំបាក​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយសារតែ​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​របស់​ទីក្រុង​ម៉ានីល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​បន្ត​ចោទ​ហ្វីលីពីន ថា​បាន​បំពាន​ចូល​ទឹកដី​របស់​ចិន ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ម្ដង​ហើយ​ម្ដង​ទៀត ព្រមទាំង​បំប៉ោង​បំផ្លើស​ព័ត៌មាន​មិន​ពិត និង​បាន​សម​គំនិត​ជាមួយ​កម្លាំង​ខាងក្រៅ​ដើម្បី​បង្ក​ចលាចល​លើ​ផ្ទៃ​សមុទ្រ​ចិន​ខាងត្បូង។

សារព័ត៌មាន​រដ្ឋ​ចិន People Daily បាន​លើកឡើង​ថា ហ្វីលីពីន​ដែល​អាង​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ បាន​បន្ត​ប្រទូសរ៉ាយ​នឹង​ចិន ដោយ​ការ​ធ្វើ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​កំពុង​បំផ្លាញ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

តែ​អ្នក​សង្កេតការណ៍​ថា ហ្វីលីពីន​ពិត​ជា​អាង​សហរដ្ឋ​អាមេរិក​មែន ទើប​ហ៊ាន​បញ្ជូន​នាវា​ល្បាត​ទៅ​ប្រឈមមុខ​នឹង​នាវា​ល្បាត​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ទី​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ដណ្ដើម​កាន់កាប់​រៀងៗ​ខ្លួន។

គេ​ថា​ខណៈ​នេះ ចិន​កំពុង​ខ្ទប់​ច្រមុះ​ដោយសារ​ចំហាយ​ហុយ​ម្រេច​របស់​ហ្វីលីពីន ដែល​វាយ​រុញ​ចិន​ដល់​ខ្ទប់​ជញ្ជាំង ជាមួយ​នឹង​ការ​លេង Game ដែល​គេ​ថា​ក្រុង​ម៉ានីល ចង់​អូស​ចិន​ទៅ​កាន់​តុលាការ​អន្តរជាតិ​ករណី​ជម្លោះ​ដែន​សមុទ្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស