40.8 C
Phnom Penh

បទ​វិភាគ៖ បក្ស​កាន់​អំណាច​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​១០​ឆ្នាំ​មក​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា

រាជាណាចក្រ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បក្ស​តែ​មួយ​ជិត ៤០​ឆ្នាំ ក្លាយ​ជា​ប្រទេស​មួយ​ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ទុក្ខបុកម្នេញ​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រលក​សំឡេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​សម័យ​ទំនើប។

គោលដៅ គឺ​ដើម្បី​ចាប់​ឱ្យ​បាន​សំឡេង​ប្រឆាំង និង​ឯករាជ្យ ហើយ​ឈាន​ដល់​ការ​ចាត់​វិធានការ​តាម​អំណាច​ដែល​មាន​នៅ​ក្នុង​ដៃ។ ចុងក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក ឬ​ក្រុមហ៊ុន​មេតា។

ជម្លោះ​កើតឡើង​ដោយសារ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន​មេតា ដែល​ហាម​ប្រើប្រាស់​សង្គ្រាម​វោហារសាស្ត្រ​ដ៏​ហិង្សា​ដែល​នាំ​ឱ្យ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មេតា ស្នើ​ឱ្យ​ពិន័យ​លោក ហ៊ុន សែន ដោយ​ព្យួរ​ដំណើរការ​ហ្វេសប៊ុក​របស់​កំពូល​បុរស​ខ្លាំង​កម្ពុជា​រយៈពេល ៦​ខែ។

តែ​ទីបំផុត លោក ហ៊ុន សែន មិន​ទទួល​កំហុស​នោះ​ទេ ហើយ​មិន​តែប៉ុណ្ណោះ បាន​ឈាន​ដល់​ការ​បណ្ដេញ​តំណាង​ក្រុមហ៊ុន​ទៀត​ផង។ តែ​យ៉ាងណា កាសែត​សហរដ្ឋ​អាមេរិក The New York Time បាន​រក​ឃើញ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ១០​ឆ្នាំ​ហើយ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត Cyber War Room បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ទសវត្ស​មក​ហើយ។ គោលដៅ​របស់​អង្គភាព​នេះ ដើម្បី​គាំទ្រ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ក្បាលម៉ាស៊ីន​ឃោសនា​នៃ​បណ្ដាញ​សង្គម។

កាសែត The New York Time របស់​អាមេរិក​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា បាន​ចុះផ្សាយ​ថា បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែល​ជា​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រៀម​ខ្លួន​ឡើង​ជំនួស​ឪពុក។

ក្នុង​អង្គភាព​នៃ​បន្ទប់​ឃ្លាំមើល​នេះ​មាន​ក្រុម​ជំនាញ Troll army ឬ​អាខោន​ខ្មោច (Ghost Accounts) ដែល​មាន​ជំនាញ​ខាង​ការ​ជ្រៀតជ្រែក រុកកួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ជាពិសេស​ទៅ​លើ​ក្រុម​ប្រឆាំង ដោយ​អង្គភាព​នេះ​បង្កើត ឬ​ច្នៃប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ដើម្បី​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​ជ្រុល​និយម​របស់​លោក​បញ្ចេញ​វោហារសាស្ត្រ​គំរាម​សម្លាប់។

ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត​សភា​ខែ​កក្កដា នេះ បន្ទប់​ឃ្លាំមើល​របស់​បក្ស​កាន់​អំណាច CPP បាន​កំពុង​បន្ថែម​សន្ទុះ​ខ្លាំង​ក្នុង​ការ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ប្រឆាំង។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែល​ជា​អគ្គមេបញ្ជាការ​ម្នាក់​នៃ​កងទ័ព​កម្ពុជា ហើយ​មើល​ទៅ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ត្រូវ​បាន​រាយការណ៍​ថា​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​ការ​ការពារ​កេរដំណែល​របស់​ឪពុក និង​សម្រាប់​ខ្លួនឯង។

នៅ​កម្ពុជា ហ្វេសប៊ុក​គឺជា​បណ្ដាញ​សង្គម​មួយ​ដ៏​មាន​ប្រជាប្រិយ​បំផុត​ដែល​មនុស្ស​ជាង ១២​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជិត ១៧​លាន​នាក់​កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម។ ភាគច្រើន​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក គឺ​ដើម្បី​បាន​ទទួល​ដំណឹង​ផ្សេងៗ ការ​កម្សាន្ត និង​ការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​រហូត​បង្កើត​មុខជំនួញ​ទៀត​ផង។

តែ​យ៉ាងណា អ្នកកាសែត និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ដែល​បង្កើត​មាតិកា​រឿង​ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក គឺជា​មុខសញ្ញា​មួយ​ដែល​បន្ទប់​ឃ្លាំមើល​តែង​បាន​ចាប់​កំហុស និង​ចាត់​វិធានការ​តាម​អំណាច​របស់​លោក ហ៊ុន សែន។

នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​អំណាច​ស្ថិត​ក្នុង​ដៃ​របស់​បុគ្គល​ដ៏​ខ្លាំង ឬ​ផ្ដាច់ការ តែងតែ​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ ប្រទេស​ទាំងនោះ​មាន​ដូចជា ហ្វីលីពីន អំឡុង​អំណាច​ធ្លាក់​នៅ​ក្រោម​បុរស​ខ្លាំង ឌ្រូឌ្រីងហ្គូ ឌូទើតេ និង​ប្រទេស​តួកគី នៅ​ក្រោម​លោក Recep Tayyip Erdogan។

ប្រទេស​ទាំង​ពីរ​នេះ​បង្កើត​ក្រុម Troll ឬ​ក្រុម​អាខោន​ខ្មោច​ដែល​រដ្ឋាភិបាល​នៅ​ពីក្រោយ ហើយ​កម្ពុជា​បាន​បង្កើត​ក្រុម​នេះ​រយៈពេល ១០​ឆ្នាំ​មក​ហើយ។ តែ​គេ​ថា​មិន​ជា​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ ដែល​សម័យ Digital បច្ចេកទេស​វិទ្យាសាស្ត្រ​គឺ​គេ​អាច​ច្នៃ​បាន​គ្រប់​មធ្យោបាយ​សំដៅ​បង្កើត​ស្ថានការណ៍ និង​បំផ្លាញ​វា​ទៅវិញ។

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ជំងឺ​រាតត្បាត​កូវីដ​ផ្ទុះ​ខ្លាំង ក្រុម​បន្ទប់​ឃ្លាំមើល​ដើរ​តួនាទី​យ៉ាង​សកម្ម​ចាំ​ផ្ដល់​សញ្ញា​ទៅ​ឱ្យ​អាជ្ញាធរ គំរាម និង​ចាត់ការ​ទៅ​លើ​អ្នក​លេង​ហ្វេសប៊ុក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ស្ថាប័ន​របស់​រដ្ឋ និង​បុគ្គល​មាន​អំណាច។ គេ​បង្កើត​ក្រុម​បំភ័យ ក្រុម​ឆបោក ក្រុម​ប្រឌិត​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន និរទេស រហូត​គំរាម​សម្លាប់​ទៀត​ផង។

តើ​បញ្ហា​នេះ​ជះ​ឥទ្ធិពល​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែរ​ឬ​ទេ?

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​នៅតែ​ដក់​ជាប់​ជំងឺ​បាក់ស្បាត នៅតែ​ចងចាំ​ការ​ភ័យ​ខ្លាច​ដែល​កម្ពុជា​បាន​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ និង​របប​ផ្ដាច់ការ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូចជា វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​សង្គម រួម​ទាំង​ជីវភាព​រស់នៅ​របស់​ប្រជាជន ត្រូវ​បាន​លោក ហ៊ុន សែន ឱបក្រសោប​យក​មក​គ្រប់គ្រង​ត្រួតត្រា ហើយ​បើ​គិត​ទៅ​មាន​រយៈពេល ៣៨​ឆ្នាំ​ហើយ។

អំណាច​របស់​គាត់​មាន​ក្នុង​ដៃ​យ៉ាង​រឹងមាំ និង​បាន​យូរ​ឆ្នាំ​មក​នេះ ដោយសារ​គាត់​បាន​កាន់កាប់​ត្រួតត្រា​គ្រប់​ដង្ហើម​សេដ្ឋកិច្ច​ទាំងអស់។

គាត់​គ្រប់គ្រង​អំណាច​ណែន​ក្នុង​ដៃ​ដោយសារ​តែ​ការ​ពង្រឹង​ទំនាក់ទំនង និង​មុខជំនួញ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន បើ​ទោះជា​គាត់​ដឹង​ថា​ភោគផល​ធម្មជាតិ​រេចរឹល ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់​ក៏ដោយ ក៏​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​កែប្រែ​ឱ្យ​ប្រសើរ​ឡើងវិញ​ឡើយ។

លោក ហ៊ុន សែន និង​ក្រុម​អ្នក​មាន​អំណាច​មាន​ទ្រព្យ​ធន សុទ្ធតែ​កាន់កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ពួកគេ​មិន​ចង់​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​របស់​ក្រុម​ប្រឆាំង​មាន​ការ​រីក​ដុះដាល​នោះ​ទេ។

ពួកគេ​តែង​រក​មធ្យោបាយ​ដើម្បី​កម្ទេច និង​បិទ​ការ​ផ្សាយ ហើយ​ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត ដែល​ពួកគេ​យល់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ក្រុម​ប្រឆាំង​ជា​អ្នក​បង្កើត​មាតិកា​ទប់ទល់​នឹង​ការ​ពង្រឹង​អំណាច​របស់​ខ្លួន។ ការ​បង្កើត​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ចាប់​កំហុស គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​អំណាច។

ទាំងនេះ​ក៏​លោក ហ៊ុន សែន អាច​ចម្លង​ពី​ប្រទេស​ប្រេស៊ីល ដែល​ប្រធានាធិបតី​លោក Jair Bolsonaro ដ៏​សម្អប់​របស់​ប្រជាជន​កំពុង​បង្កើត​ឱកាស​ឱ្យ​កូនប្រុស​របស់​គាត់​ឡើង​កាន់​អំណាច​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន ហើយ​កម្ទេច​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម​ប្រឆាំង។

ចំពោះ​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ដែល​ជាប់​ឆ្នោត​ដ៏​ចម្រូងចម្រាស​បែប​ផ្ដាច់ការ ក៏​បាន​ទទួល​ឥទ្ធិពល​តាមរយៈ​ការ​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ផង​ដែរ។

ចំពោះ​ប្រទេស​ក្នុង​សមាគម​អាស៊ី​អាគ្នេយ៍​មាន​ដូចជា​ប្រទេស​ថៃ ដែល​ស្ថិត​ក្រោម​ការ​ឡើង​កាន់​អំណាច​របស់​ពួក​យោធា ក៏​ដូច​ប្រទេស​តួកគី ដែរ។ ប្រទេស​ភូមា បាន​បង្កើត cyber-troops room ជា​អង្គភាព​មួយ​របស់​ក្រុម​ឧត្តមសេនីយ៍​បង្កើត​ឡើង​ក្នុង​គោលដៅ​កម្ទេច​ក្រុម​ប្រឆាំង។

បណ្ដាញ​សង្គម​មាន​ដូចជា Facebook, YouTube, Instagram, Twitter និង​បណ្ដាញ​ព័ត៌មាន​ផ្សេងៗ​ទៀត​សុទ្ធតែ​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​ត្រួតត្រា ហើយ​ប្រើ​មាតិកា​ជា​ភាសា​ជាតិ និង​ភាសា​អង់គ្លេស​បំភ្លៃ​ព័ត៌មាន បង្កើត​ស្ថានការណ៍​វាយ​បំបាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុម​ប្រឆាំង និង​ឯករាជ្យ ហើយ​ក្រុម​នេះ​ក៏​ជ្រៀត​ចូល​ទៅ​បង្កើត​មូលដ្ឋាន​របស់​ពួកគេ​នៅ​លើ​ទឹកដី​អាមេរិក និង​លើ​ទឹកដី​របស់​ពួក​បស្ចិម​ប្រទេស​ដែរ។ នេះ​ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល។

ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា សប្ដាហ៍​នេះ គឺ​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា លេចធ្លោ​ជាងគេ​ក្នុង​តំបន់​ដែល​ភ័យខ្លាច​ពី​ការ​រីក​លូតលាស់​ខ្លាំង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ក្រុម​អ្នក​រិះគន់​លើ​ប្រព័ន្ធ​ដឹកនាំ ទើប​ឈាន​ដល់​ការ​រឹត​បន្តឹង​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​បន្ទប់​ឃ្លាំមើល​អ៊ីនធឺណិត​ដែល​ដាក់​ឈ្មោះ​ថា Cyber War Room នេះ។

ក្រុម​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ អ្នក​សារព័ត៌មាន​ពលរដ្ឋ អ្នក​ស្រាវជ្រាវ និស្សិត បញ្ញាជន សកម្មជន​សង្គម ក្រុម​សង្គម​ស៊ីវិល សុទ្ធតែ​ស្ថិត​នៅ​ក្នុង​គោលដៅ​នៃ​ការ​លាប​ពណ៌ ហើយ​ចោទ​តាម​ផ្លូវ​ច្បាប់​ដោយ​ក្រុម​បន្ទប់​ឃ្លាំមើល​អ៊ីនធឺណិត ឬ Cyber War Room ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត នេះ​ឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស