42 C
Phnom Penh

បទវិភាគ៖ ពិភពលោក​ទំនង​មិន​អាច​ជួយ​បញ្ចប់​ភ្លើង​កំហឹង​របស់​អ៊ីស្រាអែល​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៩ ហើយ។ ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​តំបន់​ហ្កាហ្សា ដែល​ជា​សម្បុក​របស់​ពួក​ហាម៉ាស បាន​បន្ត​ស្លាប់​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។

គិត​ត្រឹម​ថ្ងៃទី​២៦ តុលា នេះ សង្គ្រាម​ផ្ទុះ​កំហឹង​របស់​អ៊ីស្រាអែល ដែល​មាន​រយៈពេល ១៩​ថ្ងៃ​មក​នេះ ហើយ​បើ​គិត​ពី​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ក្រោម​អំបែង​គ្រាប់​របស់​អ៊ីស្រាអែល ហក់​ឡើង​ជិត ៦​ពាន់​នាក់​ហើយ ខណៈ​ជន​ភៀសខ្លួន​មាន​ជាង ១​លាន​នាក់​ចាកចេញ​ពី​ដែនដី​ហ្កាហ្សា។

ក្នុង​ស្ថានភាព​ដែល​អ៊ីស្រាអែល មិន​ដក​ដៃ​បន្តិច​សោះ​នេះ គឺ​កាន់តែ​វាយប្រហារ​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា គេ​សង្កេត​ឃើញ​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​មួយ​ចំនួន រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រហូត​រុស្ស៊ី និង​ចិន ស្នើ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​ការ​វាយប្រហារ ក៏​អ៊ីស្រាអែល​មិន​ស្ដាប់​ឡើយ។

តើ​មូលហេតុ​អ្វី?

គឺ​មកពី​អ៊ីស្រាអែល ផ្ទុះ​កំហឹង​សងសឹក ព្រោះតែ​ពួក​ហាម៉ាស​លួច​វាយប្រហារ​លើ​អ៊ីស្រាអែល មុន កាលពី​ថ្ងៃទី​៧ តុលា ដោយ​បាញ់​រ៉ុក្កែត ៥​ពាន់​គ្រាប់ ហើយ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១៤០០​នាក់។

កំហឹង​សងសឹក​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ប្រកាស​ថ្កោលទោស ហើយ​ក៏​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​សង្គ្រាម។ ទាំង​លោក Netanyahu រួម​ទាំង​មេទ័ព​អ៊ីស្រាអែល បាន​ហៅ​ពួក​ហាម៉ាស ថា​មិន​ខុស​គ្នា​ទៅ​នឹង​ក្រុម​ភេរវករ​នោះ​ទេ ដែល​ត្រូវតែ​បោស​សម្អាត​ពួក​នេះ​ចេញពី​ដែនដី​ហ្កាហ្សា។

ក្នុង​លក្ខណៈ​ត្រៀម​សង្គ្រាម​វាយ​ចូល​ហ្កាហ្សា ក្រោម​ហេតុផល​សងសឹក​កាលពី​ថ្ងៃទី​២៣ តុលា លោក Netanyahu បាន​បង្ហាញ​ខ្លួន​នៅ​តំបន់​ព្រំដែន​អ៊ីស្រាអែល ជាប់​នឹង​តំបន់​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​សភាពការណ៍​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​កងទ័ព​អ៊ីស្រាអែល ថា ការ​វាយលុក​ដោយ​ថ្មើរជើង នឹង​មក​ដល់​ក្នុង​ពេល​បន្តិច​ទៀត​ខាងមុខ​នេះ។

ការ​បង្ហាញ​ខ្លួន​របស់​លោក Netanyahu ជាមួយ​នឹង​ការ​ដាក់​បញ្ជា​ឱ្យ​ត្រៀម​ចូល​លុកលុយ​តំបន់​ហ្កាហ្សា បាន​កើតឡើង​ទន្ទឹម​នឹង​ប្រកាស​មិន​ទទួលយក​សំណើ​ឈប់​បាញ់ ទោះ​ជា​សំណើ​របស់​ប្រទេស​មហាអំណាច​ក៏ដោយ។

លោក Netanyahu បាន​ថ្លែង​ថា អ៊ីស្រាអែល​កំពុងតែ​ប្រឈមមុខ​នឹង​កិច្ចការ​វាយ​ចូល​ហ្កាហ្សា សំដៅ​បោស​សម្អាត​ពួក​ហាម៉ាស ព្រោះ​ជា​ក្រុម​ភេរវកម្ម​បើក​មុខ។

សម្រង់​សម្ដី​ដើម​របស់​លោក Netanyahu ថ្លែង​ទៅ​កាន់​កងទ័ព​របស់​លោក​មាន​ដូចនេះ​ថា៖ «អស់​លោក​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ទ័ព​ស្រួច​ជួរ​មុខ។ សម្រាប់​ខ្ញុំ សូម​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​អស់​លោក​បាន​ដឹង​ពី​របៀប​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ។ ស្មារតី​ប្រយុទ្ធ​របស់​អស់​លោក ឆន្ទៈ​របស់​អស់​លោក គឺ​ដើម្បី​សង្គ្រោះ​ប្រទេស​របស់​យើង​ចេញ​ផុត​ពី​ក្រុម​សត្វ​ដ៏​កំណាច​នេះ ហើយ​ចំពោះ​ខ្ញុំ ច្បាស់​ប្រាកដ​ថា​យើង​នឹង​ជោគជ័យ​ក្នុង​សង្គ្រាម​សងសឹក​នេះ»

លោក Netanyahu បាន​បន្ត​ថា៖ «ភារកិច្ច​របស់​យើង គឺ​មាន​តែ​មួយ​គត់ គឺ​កម្ទេច​ពួក​ហាម៉ាស និង​ដោយ​កម្ទេច​ក្រុម​ទាំងនោះ​ចោល​ឱ្យ​អស់។ យើង​នឹង​មិន​ឈប់​ឡើយ រហូត​ទាល់តែ​យើង​សម្រេច​កាតព្វកិច្ច​នេះ​បាន​ដោយ​ជោគជ័យ។ យើង​ទុកចិត្ត​ទៅ​លើ​អស់​លោក ហើយ​ប្រជាជន​អ៊ីស្រាអែល​ក៏​ជឿ​ទុកចិត្ត​លើ​ភាព​ក្លាហាន​របស់​អស់​លោក​ដែរ។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​យុទ្ធជន​យើង​ទាំងអស់​ទទួល​បាន​ជោគជ័យ​សម្រាប់​មាតុភូមិ​យើង ហើយ​ពួក​ភេរវកម្ម​ត្រូវតែ​បាន​កម្ទេច។»

ស្រប​ពេល​នេះ​ដែរ កងកម្លាំង​រថក្រោះ កង​រថពាសដែក កាំភ្លើង​ធំ មីស៊ីល ជាមួយ​នឹង​កម្លាំង​ទ័ព​ជាង ៤០​ម៉ឺន​នាក់​ត្រូវ​គេ​ឃើញ​កំពុងតែ​ស្ថិត​ក្នុង​ការ​រង់ចាំ​បទបញ្ជា​ការ​វាយ​លុក​តំបន់​ហ្កាហ្សា ព្រោះ​កងទ័ព​ទាំងនេះ​បាន​ធ្វើ​ចលនា​ឡោមព័ទ្ធ​ដែនដី​នេះ​ទៅ​ហើយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Yoav Gallant បាន​ថ្លែង​ថា ក្នុង​ពេល​មាន​យុទ្ធនាការ​ដោយ​ទ័ព​ថ្មើរជើង​នោះ ក៏​នឹង​រួម​មាន​កិច្ចសហការ​ពី​កងកម្លាំង​អាកាស និង​កងកម្លាំង​ជើងទឹក​ដែល​នឹង​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ព្រម​ជាមួយ​គ្នា។

លោក Yoav Gallant បាន​ប្រាប់​មេទ័ព និង​កូន​ទាហាន​របស់​លោក​ឱ្យ​ត្រៀម​ទទួល​បទបញ្ជា ដើម្បី​បោល​រថក្រោះ​ចូល​ដែនដី​ហ្កាហ្សា ដែល​លោក​ថា​ត្រូវ​បោស​សម្អាត​ពួក​ភេរវកម្ម។

ជាមួយ​គ្នា​នេះ នាយ​សេនាធិការ​កងទ័ព​អ៊ីស្រាអែល ឧត្តមសេនីយ៍ Herzi Halevi ដែល​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់ ក៏​បាន​ថ្លែង​លើក​ទឹកចិត្ត​កងទ័ព​ថ្មើរជើង​ថា ពួក​ភេរវកម្ម​នឹង​មិន​បាន​ជោគជ័យ​ឡើយ។ លោក​ថា សូម្បី​សង្គ្រាម​ការទូត ក៏​ក្រុម​នេះ​បរាជ័យ​ដែរ ព្រោះ​ជា​ក្រុម​ភេរវកម្ម​ដែល​ពិភពលោក​មិន​គាំទ្រ​ទេ លើកលែង​តែ​ក្រុម​ប្រទេស​មាន​ចរិត​ដូច​ក្រុម​នេះ ទើប​គាំទ្រ។

នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រុស្ស៊ី និង​ចិន បាន​ព្យាយាម​ឱ្យ​មាន​ដំណោះស្រាយ​វិធានការ​ទៅ​លើ​អ៊ីស្រាអែល ដោយ​បង្គាប់​ឱ្យ​អ៊ីស្រាអែល បញ្ចប់​សង្គ្រាម តែ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង និង​ប្រទេស​ផ្សេង​ទៀត​ជំទាស់។

ប្រទេស​ដែល​បោះឆ្នោត​វេតូ​សំណើ​របស់​រុស្ស៊ី និង​ចិន សុទ្ធតែ​គាំទ្រ​អ៊ីស្រាអែល ក្នុង​ការ​បោស​សម្អាត​ពួក​ហាម៉ាស ព្រោះ​ពួកគេ​ចាត់ទុក​ជា​កម្លាំង​ភេរវកម្ម។ បើ​ដូចនេះ សម្រាប់​អ៊ីស្រាអែល ទំនង​មិន​បញ្ឈប់​ដាច់ខាត​ភ្លើង​កំហឹង​របស់​ខ្លួន​រហូត​ការ​វាយ​បំបែក​សំបុក​ពួក​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា បាន​ជោគជ័យ​ជា​មុន​សិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស