31 C
Phnom Penh

តើ​នំ​ឆា​ខ្វៃ មាន​ប្រភព និង​សាវតារ​ដូចម្តេច​ដែរ? ទាក់ទង​អី​នឹង​អំពើ​ក្បត់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆា​ខ្វៃ ជា​នំ​ដែល​គេ​ចៀន​ជា​គូៗ មិន​ដែល​ចៀន​ទោល​តែ​មួយ​នោះ​ទេ។ តើ​នំ​ដែល​គេ​និយម​បរិភោគ​ពេល​ព្រឹក​នេះ មាន​ប្រវត្តិ​ពិត​របស់​វា​ដូចម្តេច?

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ប្រវត្តិ​នំ​ឆា​ខ្វៃ​ដោយ​សង្ខេប​ដូច​ត​ទៅ​នេះ៖

នំ​ឆា​ខ្វៃ ជា​ប្រភេទ​នំ​ម្យ៉ាង​ធ្វើ​អំពី​ម្សៅ​នំប៉័ង​លាយ​ទឹក រួម​នឹង​គ្រឿងផ្សំ​មួយ​ចំនួន រួច​គេ​បោក​គក់​ញី​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​ទន់​ល្មួត​ស្អិត​ជាប់​គ្នា ហើយ​ចៀន​ឲ្យ​អណ្ដែត​ក្នុង​ខ្ទះ​ខ្លាញ់ ឬ​ប្រេង​កំពុង​ពុះ​កញ្ជ្រោល​ក្នុង​កម្តៅ​យ៉ាង​ខ្លាំង ត្រឡប់​ចុះ​ត្រឡប់​ឡើង​ឲ្យ​ឆ្អិន​សព្វ​ឡើង​ពណ៌​មាស។

ជា​ប្រភេទ​នំ​ដែល​មនុស្សម្នា​ជាច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ពិភពលោក​និយម​ចូលចិត្ត​ទទួលទាន​ជាមួយ​អាហារ​ស្រស់ស្រូប​ពេល​ព្រឹក។ អ្នក​ខ្លះ​ចូលចិត្ត​បរិភោគ​ជាមួយ​បបរ អ្នក​ខ្លះ​បរិភោគ​ជាមួយ​គុយទាវ អ្នក​ខ្លះ​ទៀត​ចូលចិត្ត​បរិភោគ​ជាមួយ​កាហ្វេ។

ថ្វីបើ​ឈ្មោះ​ពិត​នំ​នេះ​ហាក់បីដូចជា​កាន់តែ​សាបរលាប​ខ្លះ​ក្តី មកពី​ការ​និយាយ​ហៅ​ឈ្មោះ​នំ​ក្លាយ​ទៅ​តាម​សំនៀង​តាម​តំបន់​ផ្សេងៗ​ក៏ដោយ ក៏​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ដើម​នៃ​នំ​នេះ ព្យាយាម​ថែរក្សា​ឈ្មោះ​របស់​វា​ជា​ដដែល។

តើ​នំ​ឆា​ខ្វៃ មាន​ឫសគល់​ពី​ទីណា សតវត្ស​ណា ហើយ​មាន​សាវតារ​យ៉ាង​ដូចម្តេច?

យើង​ដកស្រង់​សេចក្តី​ពី​ការ​ស្រាវជ្រាវ​មួយ​ដោយ​ជនជាតិ​ចិន​សិង្ហបុរី ដែល​សរសេរ​ក្នុង​ទំព័រ​ជហ៊កាគី ប្លក់ស្បត់ ដត់ខំ ដើម្បី​ចែករំលែក​ចំណេះដឹង​អំពី​អ្វី​យើង​រាល់​គ្នា​ប្រទះ​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ដឹង​អំពី​ប្រវត្តិ​ពិត​របស់​វា។

ប្រទេស​ចិន ក្នុង​រជ្ជកាល​នៃ​រាជវង្ស សុង (ឆ្នាំ​៩៦០-១២៧៩) មាន​អធិរាជ​មួយ​អង្គ​ព្រះនាម ជៀវ ហ្ស៊ង់ (Gaozong) ព្រះនាម​ដើម ជៀវ គុ (Zao Gou) សោយរាជ្យ​ចន្លោះ​គ.ស. ១១២៧-១១៦២ ហើយ​ក្រោយ​ចូល​ទិវង្គត ក៏​នៅតែ​រក្សា​បរម​ងារ​ជា​អធិរាជ​ដដែល។

អធិរាជ ជៀវ ហ្ស៊ង់ (Gaozong) ក្នុង​រជ្ជកាល​នៃ​រាជវង្ស សុង (ឆ្នាំ​៩៦០-១២៧៩)

ព្រះអង្គ​មាន​នាយ​សេនា​ភក្តី​ជា​ឧត្ដមសេនីយ៍ កាន់​ទ័ព​ច្បាំង​មិន​ដែល​ចាញ់​ម្នាក់​ឈ្មោះ យ្វ៉េ ហ្វី (Yue Fei, ១១០៣-១១៤២) ដែល​ស្មោះត្រង់​បូជា​ជីវិត​បម្រើ​អធិរាជ ជៀវ ហ្ស៊ង់ រហូត​អស់​ជីវិត​ដោយ​អំពើ​ក្បត់​ពី​អ្នក​នៅ​ក្បែរ​អធិរាជ គឺ​ប្រមុខ​រដ្ឋាភិបាល​ឈ្មោះ ឈិន ហ៊ុយ (Chin Hui)។ ឈិន ហ៊ុយ និង​ប្រពន្ធ គប់គិត​ប្រើ​ឧបាយកល​រៀបចំ​ផែនការ​ទូល​ពិត​អធិរាជ មេទ័ព យ្វ៉េ ហ្វី ចង់​ក្បត់​នឹង​ព្រះអង្គ​ហើយ ដូច្នេះ​មាន​តែ​បញ្ជា​ឲ្យ​ត្រឡប់​ពី​សមរភូមិ​វិញ មិន​បាច់​ច្បាំង​នឹង​កងទ័ព​នៃ​រាជវង្ស ហ្សីន (Jin) ទេ។

យ្វ៉េ ហ្វី ទទួល​រាជ​បញ្ជា​ចូល​រាជធានី​កៃហ្វេង ដែល​ត្រូវ​កងទ័ព​នៃ​រាជវង្ស ហ្សីន វាយ​រំលំ​ឆ្នាំ​១១២៧។ អធិរាជ ជៀវ ហ្ស៊ង់ គិត​តាម ឈិន ហ៊ុយ ដែល​ថា​បើ​បណ្តោយ​ឲ្យ​មេទ័ព យ្វ៉េ ហ្វី វា​យក​ជ័យជម្នះ​លើ​ទ័ព ហ្សីន យ្វ៉េ ហ្វី ច្បាស់​ជា​នឹង​យក​រាជវង្ស​របស់​អធិរាជ​ជំនាន់​មុន​មក​គ្រងរាជ្យ​ជំនួស​មិន​ខាន ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ព្រះអង្គ​អស់​រាជ្យ។

នាយ​សេនា​ភក្តី​ជា​ឧត្ដមសេនីយ៍​កាន់​ទ័ព​ច្បាំង​មិន​ដែល​ចាញ់​ឈ្មោះ យ្វ៉េ ហ្វី (Yue Fei, ១១០៣-១១៤២)

ផែនការ​សមគំនិត​គ្នា​រវាង​អធិរាជ ជៀវ ហ្ស៊ង់ និង​នាយករដ្ឋមន្ត្រី ឈិន ហ៊ុយ បាន​ឈាន​ដល់​ការ​កាត់ទោស​ប្រហារ​ជីវិត​មេទ័ព យ្វ៉េ ហ្វី ដើម្បី​រក្សា​រាជបល្ល័ង្ក​ព្រះអង្គ។ នៅ​ពេល​ប្រជារាស្ត្រ​ចិន ឮ​ថា​មាន​ការ​កាត់ទោស​ប្រហារ​ជីវិត​មេទ័ព​ស្នេហា​ជាតិ​ជា​ទី​គាប់ចិត្ត​របស់​គេ ក្នុង​ផែនការ​ក្បត់​ជាតិ​រៀបចំ​ដោយ​មេ​ក្បត់ ឈិន ហ៊ុយ ប្រជានុរាស្ត្រ​កើត​ក្តី​ក្តៅ​ក្រហាយ បះបោរ ក៏​នាំគ្នា​ច្នៃ​ប្រតិដ្ឋ​ធ្វើ​នំ​ចៀន​ភ្ជាប់​គ្នា​មួយ​គូ ដើរ​លក់​ពេញ​ក្រុង​ហាងហ្ស៊ូ ដោយ​ពពាយនាយ​ថា៖ យូ ឆា ហ៊ុយ ដែល​មាន​ន័យ​ថា ហ៊ុយ ខ្លាញ់​ចៀន។

នាយករដ្ឋមន្ត្រី ឈិន ហ៊ុយ ដឹង​ឮ​ដូច្នោះ ក៏​ចាប់ផ្តើម​ខឹង​ច្រឡោត ហើយ​ចង់​តតាំង​នឹង​ប្រជារាស្ត្រ ប៉ុន្តែ​ប្រជារាស្ត្រ​ក៏​កាន់តែ​ប្រមូល​គ្នា​ច្រើន​កុះករ​ឡើងៗ ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី ឈិន ហ៊ុយ និង​អង្គរក្ស​ទ្រាំ​មិន​បាន ក៏​ដើរ​ចេញ​ទៅ​ដំណាក់​វិញ​អស់។

អ្នក​ស្រុក អ្នក​ភូមិ​នាំគ្នា​ស្រែក​ពពាយនាយ​លក់​នំ យូ ឆា ហ៊ុយ ថា យូ ឆា ហ៊ុយ រំឭក​យើង​កុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​ក្បត់​ឲ្យ​សោះ។ ជន​ក្បត់​មិន​អាច​គេច​ពី​ទ្វារ​ឋាន​នរក​ទាំង ១២​ជាន់​បាន​ទេ។ អ្នក​ណា​ក៏​ស៊ី យូ​ឆា ហ៊ុយ ដែរ។ ជន​ក្បត់ គេ​ចៀន​ក្នុង​ខ្លាញ់​មុន​វា​អស់​ជីវិត។

នៅ​ទី​បញ្ចប់ ឈិន ហ៊ុយ និង​ប្រពន្ធ​ខ្លួន ត្រូវ​អធិរាជ​កាត់ទោស​ប្រហារ​ជីវិត​ទាំង​ពីរ​ដូច​គ្នា ហើយ​ត្រូវ​គេ​សង់​រូបសំណាក​លុត​ជង្គង់​ទាំង​គូ​ព័ទ្ធ​ដោយ​របង​ចម្រឹង​ដែក នៅ​ក្បែរ​ផ្នូរ​មេទ័ព យ្វ៉េ ហ្វី នៅ​ក្នុង​ក្រុង​ហាងហ្ស៊ូ រហូត​ដល់​សព្វថ្ងៃ។

រូបសំណាក ឈិន ហ៊ុយ និង​ប្រពន្ធ​លុត​ជង្គង់​ទាំង​គូ​ព័ទ្ធ​ដោយ​របង​ចម្រឹង​ដែក នៅ​ក្បែរ​ផ្នូរ​មេទ័ព យ្វ៉េ ហ្វី នៅ​ក្នុង​ក្រុង​ហាងហ្ស៊ូ រហូត​ដល់​សព្វថ្ងៃ។

ទេសចរ​ទៅ​លេង​ទីនោះ មាន​ខ្លះ​ស្តោះ​ទឹកមាត់​ដាក់​រូបសំណាក​ប្តី​ប្រពន្ធ​ទាំង​ពីរ ថ្វីត្បិតតែ​អាជ្ញាធរ​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​ដូច្នោះ​ក្តី។

ម្តាយ​មេទ័ព យ្វ៉េ ហ្វី បាន​សាក់​លើ​ខ្នង​កូនប្រុស​នូវ​ពាក្យ៖ “ស្មោះត្រង់ និង​ស្នេហា​ជាតិ​មាតុភូមិ (Loyal and Patriotic)។” យ្វ៉េ ហ្វី រស់​ជាមួយ​នឹង​ពាក្យ​បណ្តាំ​ម្តាយ​រហូត​ថ្ងៃ​អវសាន​នៃ​ជីវិត។ គេ​មិន​ដែល​ចៀន​នំ​ឆា​ខ្វៃ​ទោល​តែ​មួយ​ទេ គឺ​មួយ​គូ ដែល​តំណាង​ឲ្យ​ជន​ក្បត់ ឈិន ហ៊ុយ និង​ប្រពន្ធ។

ម្តាយ​មេទ័ព យ្វ៉េ ហ្វី បាន​សាក់​លើ​ខ្នង​កូនប្រុស​នូវ​ពាក្យ៖ “ស្មោះត្រង់ និង​ស្នេហា​ជាតិ​មាតុភូមិ (Loyal and Patriotic)។”

តាម​ភាសា​ចិន​កន់ត័ង គេ​ហៅ​នំ​ចៀន​ខ្លាញ់ ហ៊ុយ ថា យ៉ាវ ឬ យ៉ូវ ដែល​ប្រែ​ថា ខ្លាញ់ ផ្សំ​នឹង​ពាក្យ ឆា ប្រែ​ថា ចៀន ហើយ​ឈ្មោះ ហ៊ុយ ក្រោយៗ​មក​ក៏​ក្លាយ​ជា ក្វៃ ឬ ខ្វៃ ឬ​វ៉ៃ ប៉ុន្តែ​ចិន​កុកងឺ ហៅថា ទៀវឆា ក្វៃ។ ចិន​កន់ត័ង ព្យាយាម​ថែរក្សា​ពាក្យ​ដើម​ដែល​មាន​ឫសគល់​ពី​តំបន់​ក្វាងទុង។ ភាសា​ខ្មែរ​ហៅថា យ៉ាវឆាខ្វៃ ឬ​ឆា​ខ្វៃ។ ថៃ​ហៅថា ចាវ៉ៃ។ នៅ​ម៉ាឡេស៊ី និង​សិង្ហបុរី គេ​ហៅថា យូវឆា ក្វៃ។

ចំណែក​ឯ​នៅ​កោះ​តៃវ៉ាន់ វិញ ប្រជាពលរដ្ឋ​ចិន គេ​ប្រារព្ធ​ពិធី យូវ ឆាក្វៃ ឬ​ចៀន​ឆា​ខ្វៃ រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ដល់​ជនជាតិ​ចិន​អំពី​អំពើ​ក្បត់​ដែល​សម្លាប់​មេទ័ព​ស្នេហា​ជាតិ យ្វ៉េ ហ្វី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស