36 C
Phnom Penh

បទវិភាគ៖ អាស៊ាន​បារម្ភ​ពី​រដ្ឋប្រហារ​នៅ​ថៃ តែ​ព្រងើយ​កន្តើយ​ការ​ទាញ​ទម្លាក់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចេញពី​សង្វៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា ត្រូវ​បាន​ពួក​យោធា​រំលាយ​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០២១ មក​ដល់​ពេលនេះ​ការ​រុញ​ឱ្យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​រក​ច្រក​ចេញ​ពុំ​ទាន់​រួច​នោះ​ទេ។

ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ ឃើញ​សន្ទុះ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ខ្នះខ្នែង​ជា​ខ្លាំង​ដាក់​សម្ពាធ​ទៅ​លើ​ពួក​យោធា​រហូត​ចេញ​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​២៦៦៩ ទាមទារ​ឱ្យ​ពួក​យោធា​បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​ដែល​ងើប​ឡើង​ប្រឆាំង​របប​សឹក។

ចំណែក​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ដែរ។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ​២៦៦៩ នេះ គឺជា​ឧបករណ៍​ផ្លូវច្បាប់​មួយ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ភូមា ហើយ​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ទៀត​ប្រឆាំង​នឹង​ពួក​យោធា​ភូមា។

អ្នក​សង្កេតការណ៍​គិត​ថា នៅ​ពេល​ដោះស្រាយ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ហើយ​នោះ គឺ​ពិត​ណាស់​នឹង​ដល់​ពេល​ដែល​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត​អាច​នឹង​ហក់​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា​ឡើងវិញ។

តែ​អ្វី​ជា​រឿង​អភ័ព្វ​ទៅ​ទៀត​នោះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិថី​ទៅ​រក​ការ​ធ្លាក់​ជ្រុះ​កាន់តែ​ជ្រៅ​ថែម​ទៀត។ បក្ស​ប្រឆាំង​ធំ​មួយ គឺ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ចាត់​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​សល់​តែ​មួយ​គត់​ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​បក្ស​នេះ​តំណាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​មួយ​ដែរ។ នេះ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​សភា​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

ឥឡូវ​នេះ បក្ស​ភ្លើង​ទៀន​ដែល​តំណាង​អ្នក​ប្រជាធិបតេយ្យ​នៅ​សេសសល់ កំពុង​ត្រូវ​បាន​គេ​ផាត់​ចេញពី​សង្វៀន​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃទី​២៣ កក្កដា ខាងមុខ។ ការ​ផាត់​ចោល​បក្ស​ប្រឆាំង​នេះ ក្រោម​ហេតុផល​ថា​បក្ស​នេះ​ពុំ​មាន​សំណៅ​ដើម​នៃ​ឯកសារ​នីត្យានុកូលកម្ម ទោះ​ជា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បញ្ជាក់​ថា បក្ស​នេះ​មាន​ភាព​ស្រប​ច្បាប់​ជា​បក្ស​នយោបាយ​មួយ​ហើយ​ក៏ដោយ​នោះ។

យ៉ាងណា​ក៏ដោយ ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​ដោយ​លាយលក្ខណ៍​អក្សរ​បដិសេធ​ការ​ចុះបញ្ជី​ឈ្មោះ​បក្ស​នេះ​ជា​ផ្លូវការ​ហើយ។ ក្ដី​សង្ឃឹម​នៅ​សល់​តិច​បំផុត​ដែល​បក្ស​នេះ​ត្រូវ​ប្ដឹង​ជំទាស់​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​អ្នក​សង្កេតការណ៍​ឯករាជ្យ​ថា​មាន​សំណាង​តិច​ណាស់។

ដោយ​មើល​ឃើញ​ថា​បក្ស​ប្រឆាំង​នេះ​ទំនង​ត្រូវ​ផាត់​ចេញពី​សង្វៀន​ប្រកួត គេ​សង្កេត​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មាន​ដូចជា សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក សហព័ន្ធ​អាល្លឺម៉ង់ ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី ប្រទេស​ជប៉ុន បាន​ប្រតិកម្ម​ចំពោះ​ការ​បិទ​សិទ្ធិ​បក្ស​ភ្លើង​ទៀន​មិន​ឱ្យ​មាន​វត្តមាន​ចូលរួម​ប្រកួត​នៅ​លើ​វេទិកា​បោះឆ្នោត​សភា នៅ​ខែ​កក្កដា ខាងមុខ​នេះ។

ប្រទេស​ទាំងនេះ​បាន​ទាមទារ​ឱ្យ​មាន​ការ​សម្របសម្រួល​ដោយ​ផ្ដល់​ឱកាស​ឱ្យ​បក្ស​ប្រឆាំង​មួយ​នេះ​បាន​ចូលរួម​ប្រកួត ដែល​ពួកគេ​ថា​ស្ថាប័ន​បោះឆ្នោត​នេះ​គឺជា​យន្តការ​សម្របសម្រួល​ជួយ​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់តែ​ទូលំទូលាយ ដោយ​មិន​ត្រូវ​រឹតត្បិត ចង្អៀត​ចង្អល់​នោះ​ទេ។

តែ​យ៉ាងណា ប្រទេស​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​ដូចជា​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​សិង្ហបុរី បែរជា​ស្ងាត់​ជ្រងំ​ទៅវិញ មិន​ឃើញ​ប្រតិកម្ម​អ្វី​ឡើយ។ ការ​ព្រងើយ​កន្តើយ​របស់​ប្រទេស​ទាំងនេះ គឺជា​ការ​សញ្ញា​មិន​ល្អ​ទាល់តែសោះ​ចំពោះ​ចរន្ត​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់។ បើ​ប្រជាធិបតេយ្យ​នៅ​ភូមា រលាយ​ហើយ គេ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ជ្រោះ​កាន់តែ​ជ្រៅ​នោះ​ទេ។

គេ​ថា​បក្ស​ភ្លើង​ទៀន​នឹង​ពុំ​អាច​ឈ្នះ​ឆ្នោត​លើ​បក្ស​កំពុង​កាន់​អំណាច​បាន​ទេ តែ​យ៉ាងហោចណាស់​គ្រាន់​បាន​ជា​តួឯក​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ក្រោយពី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

អ្វី​ដែល​អ្នក​សង្កេតការណ៍​ក្នុង​តំបន់​មើល​ឃើញ ហេតុ​អ្វី​បាន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​សមាគម​អាស៊ាន ៤​ប្រទេស​នេះ​នៅ​ស្ងប់ស្ងាត់​បែប​នេះ ឬ​មួយ​ពួកគេ​កំពុង​ដាក់​ការ​ព្រួយបារម្ភ​ខ្លាច​មាន​រដ្ឋប្រហារ​នៅ​ក្នុង​រាជាណាចក្រ​ថៃ ជា​ថ្មី​ម្ដង​ទៀត ខណៈ​បក្ស​ប្រឆាំង​របស់​ប្រទេស​នេះ​បាន​ផ្ដួល​បក្ស​របស់​ពួក​យោធា​បាន​ដោយ​ជោគជ័យ​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា។

រដ្ឋប្រហារ​ទំនង​នឹង​អាច​កើត​ងាយ​បាន​ទៀត​ទេ ព្រោះ​ទីក្រុង​បាងកក ដែល​មាន ៣៣​អាសនៈ​ត្រូវ​បាន​បក្ស​ប្រឆាំង​ដណ្ដើម​អស់​ហើយ។

តាមរយៈ​លទ្ធផល​នេះ ប្រជាជន​ថៃ​នៅ​ក្រុង​បាងកក​ច្រើន​លាន​នាក់ ជាពិសេស​គឺ​យុវជន នឹង​មិន​បណ្ដោយ​ឱ្យ​មាន​រដ្ឋប្រហារ​នោះ​ទេ។ ពួកគេ​ប្រាកដ​ណាស់​នឹង​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ឆន្ទៈ​របស់​ពួកគេ ដែល​ពួកគេ​បាន​ផ្ដួល​ពួក​យោធា​បាន​តាមរយៈ​ការ​បោះឆ្នោត​ទៅ​ហើយ​នោះ។

អ្នក​សង្កេតការណ៍​ខ្លះ​មិន​មើល​ឃើញ​ថា រដ្ឋប្រហារ​អាច​កើត​ងាយ​ទៀត​នោះ​ទេ ដោយសារតែ​ពួក​យោធា និង​អ្នក​ជ្រុល​និយម​នៅ​ថៃ ដូចជា​កាន់តែ​អស់​ឥទ្ធិពល​ហើយ ដោយសារ​ការ​វាយ​បំបាក់​របស់​យុវជន​ថៃ។ បើ​ផ្ទុះ​រដ្ឋប្រហារ ពិត​ណាស់​នឹង​មាន​ការ​បង្ហូរ​ឈាម ហើយ​បដិវត្តន៍​របស់​យុវជន​ថៃ​នឹង​ផ្ទុះឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស