គណបក្សកម្លាំងជាតិ ប្រកាសបន្តស្មារតីតស៊ូនយោបាយតាមបែបប្រជាធិបតេយ្យ ដើម្បីនាំមកនូវសាមគ្គីភាព ឯកភាពជាតិ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដនៅប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅរួមក្នុងការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ស្តីអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះថា គណបក្សគោរពនូវការសម្រេចចិត្តរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងជាង ២ពាន់នាក់ (២១៩៨នាក់) ដែលជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិថ្មីនេះ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានគណបក្សនយោបាយចំនួន ៥ ចូលរួម ដូចជាគណបក្សកម្លាំងជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
ទន្ទឹមនឹងនេះ គណបក្សឆន្ទៈខ្មែរ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ឧសភា នេះថា គណបក្សនឹងបន្តបេសកកម្មបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
ចំណែកឯគណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលនេះដែរ ដោយអំពាវនាវឱ្យមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ។
ជុំវិញការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះជិត ៩ពាន់នាក់ (៨៦០៩នាក់) គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរឈ្មោះជិត ៨ពាន់នាក់ (៧៩១១នាក់) គណបក្សកម្លាំងជាតិ មានបេក្ខជនឈរឈ្មោះប្រមាណជា ៤ពាន់នាក់ (៤០០១នាក់) គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះជាង ៥ពាន់នាក់ (៥៣៥៨នាក់) និងគណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះជាង ៣ពាន់នាក់ (៣២៦៧នាក់)។
ក្រោយការបោះឆ្នោតបញ្ចប់ទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានថា អង្គបោះឆ្នោតនៅទូទាំងប្រទេសទាំង ៥គណបក្ស បានទៅចូលរួមបោះឆ្នោតជាង ១ម៉ឺននាក់ (១១៥៩៨នាក់) ក្នុងចំណោមអង្គបោះឆ្នោតក្នុងបញ្ជីសរុប ១១៦៣៣នាក់ ដែលត្រូវទៅបោះឆ្នោតនៅតាមការិយាល័យទាំង ២០៩ នៅទូទាំងប្រទេស។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នេះ ប្រទេសកម្ពុជាមានឃុំ-សង្កាត់នៅទូទាំងប្រទេសកើនឡើងចំនួន ៦ឃុំ-សង្កាត់ ខណៈអាណត្តិទី៣ គឺមានត្រឹមតែចំនួន ១៦៤៦ឃុំ-សង្កាត់ប៉ុណ្ណោះ។
ចំណែកឯសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាអង្គបោះឆ្នោតបានកើនឡើងចំនួន ៥០នាក់ ខណៈអាណត្តិទី៣ គឺមានត្រឹមតែ ១១៥៧២នាក់ប៉ុណ្ណោះ។ ដោយឡែកចំនួនក្រុង ស្រុក ខណ្ឌទូទាំងប្រទេសបានកើនឡើងចំនួន ១ ខណៈអាណត្តិទី៣ គឺមានចំនួន២០៨។
ចំពោះចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តអាណត្តិទី៤ នេះ គឺរក្សាដូចអាណត្តិទី៣ ដដែល គឺមានចំនួន ៥៥៩អាសនៈ ប៉ុន្តែចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ បានកើនឡើងចំនួន ៥អាសនៈ ខណៈអាណត្តិទី៣ មានចំនួន ៣៦៣៦អាសនៈ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានអនុវត្តការបោះឆ្នោតតាមបែបឧបកិច្ចថាប្រជាធិបតេយ្យចំនួន ៤ដំណាក់កាល គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឬរើសសមាជិករដ្ឋសភា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ការបោះឆ្នោតនីមួយៗត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ប្លែកតែការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ ដែលត្រូវធ្វើឡើង ៦ឆ្នាំម្តង៕