28 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​ថា​គណបក្ស​របស់​លោក​ធ្វើ​បុណ្យ​ធំ​ណាស់​ជាមួយ​ពលរដ្ឋ​ខ្មែរ​គឺ​រំដោះ​ពី​របប ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​ស្នង​មរតក​អំណាច​បន្ត​ត្រកូល​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​បុណ្យ​ធំ​បំផុត​មុន​បង្អស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស គឺ​ការ​រំដោះ​ជីវិត​មនុស្ស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ឆ្លង​ធម្មចេតិយ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា មូលដ្ឋាន​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​ធ្វើ​បុណ្យ​សម្រាប់​ប្រទេស​ជាតិ និង​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ហើយ​ការ​ធ្វើ​បុណ្យ​ធំ​បំផុត​ដំបូង​គេ គឺ​ការ​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ និង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ឪពុក​របស់​លោក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្រៅពី​រំដោះ​ពលរដ្ឋ​ខ្មែរ​ឱ្យ​រស់រាន​មាន​ជីវិត​ចេញ​ផុត​ពី​របប​ខ្មៅ​ងងឹត រដ្ឋាភិបាល​ដែល​មាន​វ័យ ៤៥​ឆ្នាំ​នេះ ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​លុប​បំបាត់​នូវ​ការ​រើសអើង ការ​យោគយល់​គ្នា​ក្នុង​ស្មារតី​ជា​ខ្មែរ ក្នុង​ការ​ធានា​នូវ​ជីវិត​ភាគី​ជម្លោះ​នយោបាយ​ទាំងអស់ រហូត​បញ្ចប់​នូវ​សង្គ្រាម​ទាំងស្រុង។

លោក​បន្ថែម​ថា នេះ​ក៏​ចាត់ទុក​ជា​ការ​ធ្វើ​បុណ្យ​មួយ​ទៀត​ដែរ​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា បើ​ថ្ងៃ «៧ មករា ១៩៧៩» ជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​មាន​ទាំង​កងទ័ព​វៀតណាម និង​និគមជន​វៀតណាម​ខុស​ច្បាប់ នាំគ្នា​ចូល​មក​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ដោយ​រំលោភ​លើ​ច្បាប់​អន្តោប្រវេសន៍​នៃ​ប្រទេស​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​នេះ?

បណ្ឌិត ឡៅ ម៉ុងហៃ ចោទ​សួរ​ថា តើ​ទង្វើ​បែប​នេះ​ជា​ការ​រំដោះ​កម្ពុជា​ឱ្យ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឬ​ជា​ការ​រំដោះ​ដើម្បី​ឱ្យ​វៀតណាម អាច​មាន​សិទ្ធិ​គ្រប់គ្រង​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន នា​ថ្ងៃ​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ ក្រោម​មគ្គុទ្ទេសក៍​អ្នក​ដឹកនាំ​យៀកណាម ពី ហូ ជី មិញ ដល់ ឡេ ឌឹកថ ដល់ សឺង ង៉ុកមិញ និង ស ភិម ក្នុង​ចលនា​រំដោះ​ឈ្មោះ​ថា រណសិរ្ស​វៀតមិញ

គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់គ្រង និង​ដឹកនាំ​ដោយ​មេដឹកនាំ​វៀតណាម បន្លំ​ខ្លួន​ជា​ខ្មែរ និង​មេដឹកនាំ​ខ្មែរ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម រហូត​មក ដូចជា លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន, លោក ទូ សាមុត, លោក សាឡុត ស ហៅ ប៉ុល ពត, លោក ជា ស៊ីម និង​បន្ត​មក​លោក ហ៊ុន សែន នៅ​ពេលនេះ។ ក្រោយ​ជ័យជម្នះ​ថ្ងៃ «៧ មករា ឆ្នាំ​១៩៧៩» គណបក្ស​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា «គណបក្ស​ប្រជាជន​កម្ពុជា» នៅ​ឆ្នាំ​១៩៩១ និង​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ផ្ដាច់មុខ​ចាប់តាំងពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ មក។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ គឺ​ដោយសារ​មាន​ការ​ជ្រោមជ្រែង​ពី​វៀតណាម ពី​ក្រោយ​ខ្នង ក្រោម​ផ្លាក​គណបក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​ដែល​ពួកគេ​បាន​លើក​បន្តុប​ដែរ ដូចជា​លោក ហ៊ុន សែន ជាដើម។

លោក សម រង្ស៊ី អះអាង​ថា វៀតណាម គឺជា​អ្នក​ដុត​ឱ្យ​មាន​ភ្លើង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វៀតណាម ក៏​ដើរ​តួ​ជា​អ្នក​ជួយ​ពន្លត់​ភ្លើង​សង្គ្រាម​នេះ​ដែរ ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​ឈ្លានពាន​លើ​ទឹកដី​ខ្មែរ​របស់​ពួកគេ តាមរយៈ​នៃ​ការ​ប្រើ​ល្បិច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​អំឡុង​ទសវត្សរ៍​១៩៧០ នោះ។

លោក​បញ្ជាក់​ថា ថ្ងៃ «៧ មករា ១៩៧៩» គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​បាត់បង់​អធិបតេយ្យ​ជាតិ បាត់បង់​ដែន​សមុទ្រ បាត់បង់​កោះត្រល់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ក្រុម​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ យក​មក​ធ្វើ​ជា​ជំនួញ​នយោបាយ ដើម្បី​កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូងចម្រាស​ដែល​ពួកគេ​ព្យាយាម​បំភ្លៃ​ការពិត​រហូត​មក​ដែរ។

ចំណែក​ឯ​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ការ​លើក​តម្កើង​ថ្ងៃ «៧ មករា ១៩៧៩» របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​មាន​ការ​ចូលរួម​សាទរ​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ពី​ខ្មែរ​គ្រប់​ភាគី​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា ថ្ងៃ «៧ មករា ១៩៧៩» គឺជា​ថ្ងៃ​ដែល​វៀតណាម លើក​កងទ័ព​ប្រមាណ ២០​ម៉ឺន​នាក់​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​គ្រាន់​តែ​បង្ហាញ​ពី​ការ​លើក​តម្កើង​នយោបាយ​ឈ្លានពាន​របស់​វៀតណាម មក​លើ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។

គួរ​រំឭក​ថា តាម​ឯកសារ និង​សាក្សី​ជាច្រើន មេដឹកនាំ​បក្ស​កុម្មុយនីស្ត​យៀកណាម លែង​ទុកចិត្ត​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ចាប់ពី​ឆ្នាំ​១៩៧៦ ពីព្រោះ ប៉ុល ពត សើរើ​រឿង​ព្រំដែន​ជារឿយៗ​ជាមួយ​ក្រុង​ហាណូយ។

នៅ​ឆ្នាំ​១៩៧៧ បក្ស​កុម្មុយនីស្ត​កម្ពុជា បោស​សម្អាត​ខ្មាំង​បង្កប់​ដែល​ពួកគេ​ហៅ​ថា «ក្បាល​យួន​ខ្លួន​ខ្មែរ» ក្រុង​ហាណូយ ចាប់ផ្តើម​រៀប​ផែនការ​រំលំ​របប​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ ប៉ុល ពត។ ក្រុង​ហាណូយ ប្រមូល​ខ្មែរ យៀកមិញ អតីត​យោធា​ខ្មែរក្រហម​ខ្លះ ជនភៀសខ្លួន​ខ្លះ ប្រជាពលរដ្ឋ​ខ្មែរ​តាម​សហករណ៍​ខ្លះ​ដែល​ស្អប់ខ្ពើម​របប ប៉ុល ពត លាយឡំ​នឹង​ជនជាតិ​យៀកណាម​ស្លៀកពាក់​ខ្មៅ ទៅ​ប្រជុំ​នៅ​ស្នួល ខេត្ត​ក្រចេះ បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហៅ​ថា «រណសិរ្ស ២​ធ្នូ»

ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ យៀកណាម​លើក​ទ័ព​វាយ​លុកលុយ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា ដោយ​យក​លេស​ថា «សង្គ្រោះ​ខ្មែរ​ឲ្យ​រួច​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម» ពោល​គឺ​កុំ​ឲ្យ​ខ្មែរ​ស្លាប់​ផុត​ពូជ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស