គណបក្សជំនាន់ថ្មី សម្រេចជ្រើសរើសអតីតអ្នកទោសនយោបាយ និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស ដែលធ្វើឡើងក្នុងពិធីសមាជលើកដំបូងរបស់ខ្លួននៅថ្ងៃអង្គារ នេះ ចំថ្ងៃដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាម កាលពី ៧៥ឆ្នាំមុន។
គណបក្សជំនាន់ថ្មី ប្រារព្ធពិធីសមាជលើកដំបូងរបស់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ដើម្បីប្រកាសសកម្មភាពនយោបាយជាផ្លូវការ និងការប្រកាសសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ សមាសភាពគណៈកម្មាធិការនាយក និងលក្ខន្តិកៈរបស់គណបក្ស ជូនអង្គសមាជអនុម័តផងដែរ ស្របពេលដែលលោក មាជ សុវណ្ណារ៉ា ក៏ត្រូវបានអង្គសមាជផ្តល់សេចក្តីទុកចិត្តជាឯកច្ឆន្ទជ្រើសរើសជាប្រធានគណបក្សថ្មីនេះ។
ក្នុងពិធីសមាជនេះ ក្រៅពីអនុម័តសមាសភាពសមាជិកអចិន្ត្រៃយ៍ ១៥នាក់ និងសមាជិកគណៈកម្មាធិការនាយក ៥៣នាក់ អង្គសមាជគណបក្សជំនាន់ថ្មី ក៏បានអនុម័តគោលនយោបាយគន្លឹះ ១០ចំណុចរបស់គណបក្សផងដែរ ដូចជា ការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ, ការបង្រួបបង្រួម និងឯកភាពជាតិ, ការពង្រឹងយុត្តិធម៌សង្គម, ការបញ្ចប់នូវនយោបាយលាបពណ៌ និងការការពារបូរណភាពទឹកដី ជាដើម។
គណបក្សជំនាន់ថ្មី ត្រូវបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីគណបក្សនេះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ស្ដីពីគណបក្សនយោបាយ ដូចជា ការប្រមូលស្នាមមេដៃរបស់អ្នកគាំទ្រគ្រប់ចំនួនតាមលក្ខខណ្ឌច្បាប់ ជាដើម។
ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា លើកឡើងនៅក្នុងពិធីសមាជរបស់ខ្លួនថា អត្ថន័យឈ្មោះគណបក្សជំនាន់ថ្មី គឺសំដៅដល់សកម្មភាពនយោបាយរបស់គណបក្សសម្រាប់ក្មេងជំនាន់ក្រោយ ដែលពួកគេត្រូវតែចូលរួមក្នុងកិច្ចការសង្គម ដើម្បីឯករាជភាពជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្មែរ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការជ្រើសរើសយកថ្ងៃទី៤ ខែមិថុនា ដើម្បីប្រារព្ធពិធីសមាជនេះ គឺដើម្បីដាស់ស្មារតីដល់ពលរដ្ឋខ្មែរគ្រប់រូបរំលឹកឡើងវិញនូវប្រវត្តិសាស្ត្ររបស់ខ្លួនដែលបានបាត់បង់ទឹកដីទៅបរទេសជិតខាងកាលពីជាង ៧០ឆ្នាំមុន គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ឱ្យនាំគ្នាក្រោកឡើងដើម្បីការពារទឹកដីរបស់ខ្លួនកុំឱ្យបាត់បង់បន្តទៀត។
ប្រធានគណបក្សជំនាន់ថ្មីរូបនេះបញ្ជាក់ថា គណបក្សថ្មីនេះនឹងប្រកាន់គោលជំហរនយោបាយអព្យាក្រឹត្យ បង្រួបបង្រួមជាតិ ឆ្ពោះទៅរកការសាមគ្គីភាពរវាងខ្មែរ និងខ្មែរ លើកកម្ពស់សេរីភាព យុត្តិធម៌ និងសន្តិភាព ក្នុងបំណងដើម្បីលើកស្ទួយប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានចែងពីរបបប្រជាធិបតេយ្យសេរីពហុបក្សនោះ។
ជុំវិញការបង្កើតគណបក្សថ្មីៗសព្វថ្ងៃនេះ ត្រូវគេសង្កេតឃើញថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ហើយសមាជិកជាន់ខ្ពស់របស់បក្សប្រឆាំងមួយនេះបាននាំគ្នាចេញទៅបង្កើតគណបក្សនយោបាយរៀងៗខ្លួនចាប់តាំងពីឆ្នាំ២០២០ មក។
ជាក់ស្តែង ដូចជា គណបក្សកែទម្រង់កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែរអភិរក្ស, គណបក្សកម្ពុជានិយម, គណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រកាសរំលាយខ្លួនឯងទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ ជាដើម។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ មានគណបក្សពីរទៀតដែលទើបនឹងបង្កើតថ្មីក្រោមការផ្ដួចផ្ដើមពីអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺគណបក្សកម្លាំងជាតិ ដែលត្រូវបានបង្កើតឡើងដោយលោក ស៊ុន ចន្ធី ភាគីលោក សម រង្ស៊ី និងគណបក្សជំនាន់ថ្មី ដែលត្រូវបានបង្កើតដោយលោក មាជ សុវណ្ណារ៉ា ភាគីលោក កឹម សុខា ដែលត្រូវបានជ្រើសរើសជាប្រធានគណបក្សនៅពេលនេះ។
របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា យ៉ាងហោចណាស់មានគណបក្សនយោបាយជាង ៤០ហើយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាមានគណបក្សនយោបាយច្រើនក៏ដោយ ក៏គេកត់សម្គាល់ឃើញថា គណបក្សនយោបាយដែលធ្វើសកម្មភាពជាក់ស្តែងគឺមានតែជាង ១០គណបក្សប៉ុណ្ណោះ។
ក្នុងចំណោមគណបក្សនយោបាយទាំងជាង ១០ នេះ គេក៏សង្កេតឃើញផងដែរថា គណបក្សដែលធ្វើសកម្មភាព និងរិះគន់រដ្ឋាភិបាលមានចំនួនតិចតួចប៉ុណ្ណោះ ដូចជាគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ជាដើម ខណៈគណបក្សជំនាន់ថ្មី ដែលទើបនឹងប្រកាសធ្វើសមាជនៅពេលនេះ គេមិនទាន់ដឹងច្បាស់ពីជំហរនយោបាយរបស់គណបក្សនេះថាបែបណានៅឡើយទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

