គណបក្សក្រៅរដ្ឋាភិបាល ស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្អាកយកពន្ធនាំចូលក្នុងអន្តរកាលលើតម្លៃប្រេងឥន្ធនៈ ដើម្បីដោះស្រាយបន្ទុកជីវភាពរបស់ពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាជីវភាពដោយសារប្រេងឡើងថ្លៃក្នុងពេលនេះ។
គណបក្សជំនាន់ថ្មី បានចេញថ្លែងការណ៍នៅថ្ងៃទី១៨ ខែមីនា នេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ និងទប់ស្កាត់ការលួចលាក់ដំឡើងថ្លៃឱ្យមានប្រសិទ្ធភាព។ ជាងនេះទៀត ក៏គួរលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់ថាមពលជំនួស ដូចជា ថាមពលអគ្គិសនី ការប្រើប្រាស់ថាមពលសូឡា ជាដើម។
ប្រភពដដែលអះអាងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានជួបប្រទះបញ្ហាខ្វះខាតប្រេងឥន្ធនៈ និងមានការឡើងថ្លៃប្រេងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ និងអាជីវករ ដែលបញ្ហាទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
គណបក្សជំនាន់ថ្មី បញ្ជាក់ថា នៅពេលដែលប្រេងឥន្ធនៈខ្វះខាត បញ្ហាផ្សេងៗបានលេចចេញមកជាបន្តបន្ទាប់ ដូចជា បញ្ហាដំណើរការអាជីវកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងអាជីវកម្មខ្នាតតូចផងដែរ ដែលតម្រូវឱ្យពួកគេត្រូវកាត់បន្ថយសកម្មភាព ឬពន្យារពេលការងារ ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយកាលពីថ្ងៃទី១៦ ខែមីនា នេះថា ចាប់ពីថ្ងៃទី១៧ ខែមីនា តទៅ តម្លៃប្រេងនៅកម្ពុជាត្រូវបានកំណត់ ៥៥០០រៀលក្នុង ១លីត្រសម្រាប់ប្រេងសាំង ចំណែកប្រេងម៉ាស៊ូតត្រូវកំណត់ឱ្យលក់រហូតដល់ ៦៥៥០រៀលក្នុង ១លីត្រ។
ចំណែកស្ថានីយប្រេងឥន្ធនៈធំៗ ដូចជា TOTAL និង CALTEX ជាដើម បានដាក់បង្ហាញតម្លៃប្រេងឥន្ធនៈរបស់ខ្លួននៅថ្ងៃទី១៨ ខែមីនា នេះ ដោយកំណត់ប្រេងសាំងធម្មតាតម្លៃ ៥៥០០រៀលក្នុង ១លីត្រ ខណៈប្រេងសាំងស៊ូពែរតម្លៃ ៦៦០០រៀលក្នុង ១លីត្រ។ ចំណែកប្រេងម៉ាស៊ូតក៏ត្រូវបានកំណត់ក្នុងតម្លៃ ៦៥៥០រៀលក្នុងមួយលីត្រដែរ។
ជុំវិញបញ្ហានេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែមីនា នេះថា ចំពោះតម្លៃប្រេងក្នុងពេលនេះនឹងនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរយ៉ាងខ្លាំង។
គណបក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋាភិបាលទម្លាក់ពន្ធលើតម្លៃប្រេងមកត្រឹមសូន្យដុល្លារ និងទម្លាក់ពន្ធអាករលើតម្លៃបន្ថែម ១០% មកត្រឹម ០% ផងដែរ ហើយបើរដ្ឋាភិបាលធ្វើបែបនេះ តម្លៃប្រេងនឹងធ្លាក់ចុះមកត្រឹមតែជាង ៤០០០រៀលទៅជាង ៥០០០រៀលប៉ុណ្ណោះក្នុង ១លីត្រ។
ប្រភពដដែលបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃខ្ពស់នាពេលនេះ បានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករ កម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ ដូច្នេះរដ្ឋាភិបាលគួរមានកញ្ចប់ថវិកាជាតិដើម្បីទប់ស្កាត់តម្លៃប្រេងកុំឱ្យហក់ឡើងបន្តទៀត។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងកាលពីថ្ងៃទី១៦ ខែមីនា នេះថា បច្ចុប្បន្ន កម្ពុជាមិនមានបញ្ហាខ្វះប្រេងឥន្ធនៈឡើយ ព្រោះកម្ពុជាមានស្តុកប្រេងយុទ្ធសាស្ត្រដែលអាចប្រើបានប្រហែល ២១ថ្ងៃ ដែលមានន័យថា ទោះបីជាមិនអាចនាំចូលប្រេងសោះ ក៏នៅតែមានប្រេងគ្រប់គ្រាន់ប្រើប្រាស់រយៈពេល ៣សប្តាហ៍ដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

