27 C
Phnom Penh

សកម្មជន​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ស្នើ​ឱ្យ​ឈប់​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ការពារ​បរិស្ថាន ដង្ហែ​ញត្តិ​ប្រគល់​ជូន​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ពី​សំណាក់​រដ្ឋបាល​ខេត្ត​កោះកុង បន្ត​ទៀត ខណៈ​មន្ត្រី​ក្រសួង​បរិស្ថាន ក៏​បាន​ទទួល​យក​ញត្តិ​នេះ​ដែរ ប៉ុន្តែ​ការ​ដោះស្រាយ​បែប​ណា​នោះ គឺ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ខាង​ក្រសួង​នៅឡើយ​ទេ។

យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាង ១០​នាក់ ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ទីតាំង​ម្តុំ​ផ្សារ​រាត្រី ក្បែរ​មាត់ទន្លេ ឆ្ពោះ​ទៅ​កាន់​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន ដក​ទីលាន​ចាក់​សំរាម​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ព្រោះ​ទីលាន​ចាក់​សំរាម​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​យក​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ធ្វើ​ជា​ទីលាន​ចាក់​សំរាម នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​យ៉ាង​ច្រើន ដូចជា ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ជីវិត​សត្វព្រៃ ប៉ះពាល់​ដល់​ជីវចម្រុះ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ផង​ដែរ ដោយសារតែ​ភាព​ស្អុយ​រលួយ​នៃ​គំនរ​សំរាម​ទាំងនោះ បាន​ជះ​ក្លិន​អាក្រក់ និង​បំពុល​បរិស្ថាន​នៅ​តំបន់​នោះ។

ជាង​នេះ​ទៀត ភាព​ស្អុយ​រលួយ​របស់​សំរាម​ទាំងនេះ​ហូរ​ទៅ​តាម​ទឹក និង​បន្ត​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង​តាតៃ ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​រដ្ឋបាល​ខេត្ត​កោះកុង មិន​បាន​គិតគូរ​ពី​បញ្ហា​នេះ​ឡើយ។

យុវជន​ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ ចលនា​មាតា​ធម្មជាតិ​នឹង​យក​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ធ្វើ​ជា​ប្រធានបទ​ក្នុង​ការ​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន គិតគូរ​ឡើងវិញ​ពី​ការ​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ ព្រោះ​ក្លិន​ស្អុយ​របស់​សំរាម​ទាំងនេះ បាន​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ​ដល់​សហគមន៍​ដែល​នៅ​តំបន់​នោះ។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១១ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​កំណត់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ក្នុង​ទំហំ​ផ្ទៃ​ជាង ២​ម៉ឺន​ហិកតា (២៣៧៥០​ហិកតា) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​បាងកាយ៉ាក ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ មុន​នឹង​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​បន្ថែម​ទៀត​ដើម្បី​កែសម្រួល​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ឡើងវិញ ដោយ​ការ​កំណត់​ពី​ទំហំ​ដី​ជាង ២​ម៉ឺន​ហិកតា (២៣៧៥០​ហិកតា) មក​ផ្ទៃដី​ទំហំ​ជាង ១​ម៉ឺន​ហិកតា​វិញ (១៦៩៨២​ហិកតា) ដែល​មាន ៤​តំបន់ គឺ​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍។

ខ្លឹមសារ​អនុក្រឹត្យ​នេះ បញ្ជាក់​ថា ការ​កំណត់​នេះ​មាន​គោលបំណង​ធានា​ឱ្យ​មាន​ការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី រួម​ទាំង​រក្សា​លំនឹង​បរិស្ថាន និង​រួម​ចំណែក​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ព្រមទាំង​ហានិភ័យ​គ្រោះមហន្តរាយ​ធម្មជាតិ ជាពិសេស​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ពាមក្រសោប គឺជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់ និង​ទាក់ទាញ​បំផុត​របស់​ខេត្ត​កោះកុង ដែល​អាច​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តំបន់​នេះ​មាន​សក្ដានុពល​ទេសចរណ៍​សំខាន់ ដូចជា មាន​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​គ្រប់​ប្រភេទ។

ជាង​នេះ​ទៀត ក៏​ជា​ជម្រក​សត្វ​ក្នុង​ទឹក និង​សត្វ​ស្លាប មាន​កន្លែង​ចិញ្ចឹម​ត្រី និង​ខ្យង​ច្រើន​ប្រភេទ​ផង​ដែរ ដែល​មាន​នៅ​ក្នុង​ព្រៃកោងកាង មាន​អណ្ដូង​បុរាណ​ដែល​មាន​ទឹកសាប​អាច​ឱ្យ​ប្រជាជន​ប្រើប្រាស់​បាន​គ្រប់​រដូវ និង​មាន​សត្វ​ផ្សោត​សមុទ្រ ដែល​តែងតែ​ធ្វើការ​ផ្លាស់​ទី​ពី​ដែនទឹក​នៅ​មុខ​ឆ្នេរ​ពាមក្រសោប ទៅ​កាន់​ដែនទឹក​ខេត្ត​ត្រាត ប្រទេស​ថៃឡង់ដ៍។

នៅ​តំបន់​នោះ ក៏​មាន​សេវា​ជិះ​ទូក​លេង​កម្សាន្ត​តាម​ដងព្រែក ដែល​អាច​គយគន់​ទេសភាព​ព្រៃកោងកាង សត្វ​ស្លាប សត្វ​ស្វា សត្វ​អំពិលអំពែក នា​ពេល​រាត្រី និង​ភូមិ​នេសាទ​របស់​ប្រជាជន​នៅ​តំបន់​នោះ​ជាដើម ដែល​ចូលរួម​លើកស្ទួយ​ជីវភាព​ប្រជាជន​យ៉ាង​ច្រើន។

តំបន់​សហគមន៍​ពាមក្រសោប សម្បូរ​ព្រៃកោងកាង​ច្រើន​ជាងគេ បើ​ប្រៀបធៀប​នឹង​ខេត្ត​ទាំង​៤ ដែល​នៅ​ជាប់​មាត់សមុទ្រ ខណៈ​ខេត្ត​កោះកុង មាន​ព្រៃកោងកាង​សរុប​ជិត ៥​ម៉ឺន​ហិកតា (៤៦០០០​ហិកតា) ហើយ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃកោងកាង​ទាំងស្រុង​ដែល​ជា​ប្រភព​ចំណូល​មួយ​របស់​សហគមន៍​ផ្នែក​អេកូ​ទេសចរណ៍​ធម្មជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស