31 C
Phnom Penh

កម្ពុជា​ច្រានចោល​ការ​លើកឡើង​របស់ UN ពាក់ព័ន្ធ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​ថា​ជា​ការ​មាក់ងាយ​នីតិរដ្ឋ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ច្រានចោល​ការ​លើកឡើង​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ទាមទារ​ឱ្យ​ធ្វើការ​កែប្រែ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា បន្ទាប់ពី​តុលាការ​កម្ពុជា​បាន​កាត់ទោស​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​កន្លង​មក​ថា​ជា​ការ​មាក់ងាយ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចុះ​ថ្ងៃទី​១០ ខែ​កក្កដា បាន​ចេញ​ការពារ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា សកម្មជន​បរិស្ថាន​ត្រូវ​បាន​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ពុំ​មែន​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​រៀបចំ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល និង​ប្រមាថ​ព្រះមហាក្សត្រ ដែល​ជា​បទល្មើស​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២១ និង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​មាត្រា​៤៣៧ (ស្ទួន) និង​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រភព​ដដែល​អួត​ថា នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ដោយសារតែ​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​ផ្អែក​លើ​បទល្មើស​ដែល​ច្បាប់​បាន​កំណត់​តែប៉ុណ្ណោះ។ ដូច្នេះ ការ​លើកឡើង​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ថា «មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​ការ​អនុវត្ត​ច្បាប់​ដោយ​អាជ្ញាធរ គឺជា​ការ​មាក់ងាយ​ដល់​នីតិរដ្ឋ និង​ការ​អនុវត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

តំណាង​កម្ពុជា​អះអាង​ថា ការ​អំពាវនាវ​ឱ្យ​ពិនិត្យ​ឡើងវិញ​នូវ​សំណុំរឿង ឬ​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​បរិស្ថាន​ទាំងនោះ គឺជា​ការ​រើសអើង​ចំពោះ​សុចរិតភាព​របស់​តុលាការ​កម្ពុជា និង​ដំណើរការ​នៃ​ការ​សម្រេច​របស់​តុលាការ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ដដែល​អះអាង​ថា ទោះបីជា​សកម្មជន​បរិស្ថាន​ខ្លះ​ជា​អនីតិជន​នៅ​ពេល​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ ក៏​ការ​ទទួល​ខុសត្រូវ​ក្នុង​បទ​ព្រហ្មទណ្ឌ​នៅតែ​អាច​អនុវត្ត​បាន ដូច្នេះ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​កែប្រែ​មាត្រា​ពាក់ព័ន្ធ​នៃ​ក្រមព្រហ្មទណ្ឌ គឺជា​ការ​ភ័ន្តច្រឡំ។

តំណាង​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​ក្រោយពី​តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន កាត់ទោស​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» កាលពី​ថ្ងៃទី​០២ ខែ​កក្កដា។

ប្រភព​ដដែល​បញ្ជាក់​ថា ដំណើរការ​កាត់ក្តី​លើ​សកម្មជន​បរិស្ថាន​ទាំង ១០​រូប មិន​អនុលោម​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ឡើយ ដូច្នេះ​ខ្លួន​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើការ​កែប្រែ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឡើងវិញ ដើម្បី​ឱ្យ​អនុលោម​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

ការ​ផ្ដន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ពី​សំណាក់​តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ ចាត់ទុក​ថា​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស