28.2 C
Phnom Penh

ចលនា​មាតា​ធម្មជាតិ​ថា​ការ​បាត់បង់​សេរីភាព​របស់​សកម្មជន​បរិស្ថាន​បង្ហាញ​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការ​បាត់បង់​សិទ្ធិ​សេរីភាព​អស់​រយៈពេល ១០០​ថ្ងៃ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

អង្គការ​ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ ដោយ​ភ្ជាប់​រូបថត​សកម្មជន​បរិស្ថាន​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង ៥​នាក់​ថា ការ​ឈាន​ជើង​ចូល​ក្នុង​គុក​រហូត​ដល់​ទៅ​ពីរ​ដង​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ មិនមែន​ជា​កំហុស​របស់​ពួកគេ ប៉ុន្តែ​ជា​កំហុស​ដ៏​ធំ​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​ដែល​ដាច់​ធម៌​មេត្តា ផ្ដាច់​សំឡេង​ពួកគេ​មិន​ឲ្យ​និយាយ​ពី​បរិស្ថាន​បន្ត​ទៀត​ប៉ុណ្ណោះ។

អង្គការ​ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​សកម្មជន​ទាំង ៥​នាក់​នេះ មិនមែន​ជា​ការ​អង្វរករ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ឡើយ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ត្បិត​រយៈពេល ១០០​ថ្ងៃ ចាប់តាំងពី​យុវជន​ការពារ​បរិស្ថាន​ត្រូវ​បាន​បិទ​សិទ្ធិ​សេរីភាព គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បាន​ស្លាប់​ជា​លើក​ទី​ពីរ​រួច​ទៅ​ហើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់ ក្រោម​បទចោទប្រកាន់​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០២១ ដែល​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦​ឆ្នាំ​ទៅ ៨​ឆ្នាំ។

ក្នុង​ចំណោម​យុវជន​បរិស្ថាន​ទាំង ១០​នាក់ មាន ៥​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ពី​គ្នា ក្នុង​នោះ​លោក យីម លាងហ៊ី ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល លោក ថុន រដ្ឋា ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ កញ្ញា ភួន កែវរស្មី ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ខណៈ​កញ្ញា ឡុង គន្ធា ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។

គិត​មក​ទល់​នឹង​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៤ នេះ សកម្មជន​បរិស្ថាន​ទាំងនេះ​ត្រូវ​បាន​កាត់ទោស​ទាំង​អយុត្តិធម៌​ដាក់​ពន្ធនាគារ​អស់​រយៈពេល ១០០​ថ្ងៃ​ហើយ។

ក្រោយ​សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ភរិយា​របស់​លោក​បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា កូនៗ​របស់​លោក​បាន​សួរ​រក​ប៉ា​របស់​គេ ខណៈ​ខ្លួន​ជា​ម្តាយ​ខំ​ទប់​ទឹកភ្នែក​មិន​ហ៊ាន​យំ និង​កុហក​ប្រាប់​កូនៗ​ខ្លួន​ថា ប៉ា​ទៅ​ខេត្ត​ទៅ​រក​លុយ និង​ទៅ​រៀន​បន្ត។

ចំណែក​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា ធ្លាប់​បាន​លើកឡើង​តាម​ការ​អះអាង​របស់​កញ្ញា ភួន កែវរស្មី កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ពេល​នាង​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​តាម​រថយន្ត​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ ដោយ​នាង​ពុំ​ដឹង​ថា​នាង​មាន​ទោស​អ្វី​ឡើយ និង​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ប៉ុន្មាន​ឆ្នាំ​នោះ​ដែរ។ ដំបូង​ឡើយ គេ​បាន​ដឹក​នាង​ទៅ​កាន់​ពន្ធនាគារ ម​៤ ដែល​ជា​តំបន់​ដាច់ស្រយាល​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវ៉ាញ តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ។

នៅ​ថ្ងៃទី​១០ តុលា នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ធាងត្នោត និង​អង្គការ​លីកាដូ ជាដើម បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត​ជុំវិញ​ការ​ជាប់​ឃុំ​របស់​សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ អស់​រយៈពេល ១០០​ថ្ងៃ​កន្លង​មក​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស