កាលពីថ្ងៃទី៦ មិថុនា ជាខួប ៨០ឆ្នាំនៃព្រឹត្តិការណ៍វាយរំដោះប្រទេសបារាំង ពីកងទ័ពណាហ្ស៊ី-អាល្លឺម៉ង់។ រដ្ឋាភិបាលបារាំង រៀបចំព្រឹត្តិការណ៍វាយបំបែកបន្ទាយណាហ្ស៊ី-អាល្លឺម៉ង់ នៅខេត្តណរម៉ង់ឌី ដែលត្រូវចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នាំទៅរកការផ្តួលរំលំរបបណាហ្ស៊ី ហើយឈានបិទបញ្ចប់សង្គ្រាមលោកលើកទី២។
ក្នុងព្រឹត្តិការណ៍នេះ ប្រធានាធិបតីបារាំង បានអញ្ជើញមេដឹកនាំពិភពលោកចូលរួម មានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ផងដែរ។ ប៉ុន្តែលើកនេះ មិនមានវត្តមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះទេ ព្រោះតែលោក Emmanuel Macron មិនបានសរសេរលិខិតអញ្ជើញ។
ការរំលឹកទិវា D-Day ក្នុងសង្គ្រាមលោកលើកទី២ គឺកងកម្លាំងសម្ពន្ធមិត្តបានវាយដណ្ដើមបានបន្ទាយរបស់កងទ័ពណាហ្ស៊ី-អាល្លឺម៉ង់ នៅខេត្តណរម៉ង់ឌី។ កងទ័ពចម្រុះច្រើនជាតិសាសន៍ មានកងទ័ពសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី បែលហ្ស៊ិក ដាណឺម៉ាក ហុឡង់ដ៍ ន័រវែស ប៉ូឡូញ និងប្រទេសជាច្រើនទៀត។ កងទ័ពមកពីប្រទេសទាំងនោះ ប្រយុទ្ធកៀកស្មាគ្នាដើម្បីឧត្ដមគតិរួម គឺប្រយុទ្ធដើម្បីសេរីភាព។
ក្នុងព្រឹត្តិការណ៍នេះហើយដែលលោក ចូ បៃដិន ថ្លែងសច្ចាថា សហរដ្ឋអាមេរិក និងអង្គការណាតូ ប្ដេជ្ញាមិនបោះបង់ការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែន ដែលតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងបរិវេណនៃបូជនីយដ្ឋានបញ្ចុះសពយុទ្ធជនសម្ពន្ធមិត្តដែលបានពលីជីវិត លោក បៃដិន បានថ្លែងថា៖ សម្ពន្ធមិត្តនឹងមិនដើរចេញពីការការពារអ៊ុយក្រែន ហើយក៏មិនចុះចាញ់អ្នកឈ្លានពានដាច់ខាត។
លោក បៃដិន រំលឹកថា អ៊ុយក្រែន ត្រូវបានរំលោភឈ្លានពានដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដែលលោកហៅថាជាជនផ្ដាច់ការមានមហិច្ឆតារំលោភឈ្លានពានប្រទេសជិតខាង។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះកត់សម្គាល់ថា ប្រទេសលទ្ធិប្រជាធិបតេយ្យជាច្រើននៅពេលនេះ កំពុងស្ថិតក្នុងហានិភ័យកាន់តែខ្លាំងចាប់តាំងពីការបិទបញ្ចប់សង្គ្រាមលោកលើកទី២។
តែលោក បៃដិន ព្រមានថា៖ សូមកុំយល់ច្រឡំឱ្យសោះថា សម្ពន្ធមិត្តឱនក្បាលចុះចាញ់ជនផ្ដាច់ការ គឺមិនមានឡើយ។ ផ្ទុយទៅវិញ សម្ពន្ធមិត្តក្នុងអឺរ៉ុបកាន់តែរឹងមាំរួមគ្នាប្រឆាំងមេដឹកនាំផ្ដាច់ការនៅក្រុងមូស្គូ។
ជាមួយគ្នានេះ លោក បៃដិន បានហៅទិវា D-Day ថាជាការបង្ហាញដ៏មានឥទ្ធិពលមួយដែលក្រុមសម្ពន្ធមិត្តនៅគ្រានោះបានរំលឹកឱ្យពិភពលោកត្រូវតែរឹងមាំកាន់តែខ្លាំងឡើង ប្រឆាំងអ្នកឈ្លានពានសេរីភាពរបស់ប្រទេសអធិបតេយ្យប្រជាធិបតេយ្យ។ ទិវា D-Day វាជាមេរៀនមួយដែលជនជាតិអាមេរិកមិនដែលភ្លេចឡើយ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្ដែងគារវកិច្ចគោរពចំពោះក្រុមទាហានជើងចាស់ក្នុងសង្គ្រាមលោកលើកទី២ ដែលបានចូលរួមក្នុងទិវា D-Day ដែលពួកគាត់មានអាយុជាង ១០០ឆ្នាំទៅហើយ។
ជាមួយគ្នានេះ ព្រះមហាក្សត្រ Charles នៃចក្រភពអង់គ្លេស ដែលមានឯកសណ្ឋានកងទ័ព ក៏បានឡើងថ្លែងទទូចឱ្យមានកិច្ចសាមគ្គីគ្នាជាអន្តរជាតិដ៏ធំប្រយុទ្ធដើម្បីសន្តិភាព។ ព្រះអង្គម្ចាស់ Charles មានបន្ទូលទាំងភាសាអង់គ្លេស និងភាសាបារាំង ថា «យើងងើបឡើងកៀកស្មាគ្នា ប្រឆាំងប្រព័ន្ធផ្ដាច់ការឃោរឃៅ»។
ក្នុងវត្តមានជាប្រវត្តិសាស្ត្រ ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) អធិការបតីអាល្លឺម៉ង់ Olaf Scholz និងមេដឹកនាំជាច្រើន ក៏បានឱនគោរពចំពោះព្រលឹងនៃវីរភាពទ័ពសម្ពន្ធមិត្តដែលបានពលីជីវិត ដើម្បីសេរីភាពនៃមនុស្សជាតិពិភពលោក ប៉ុន្តែក៏រំលឹកចំពោះយុទ្ធជនអ៊ុយក្រែន ដែលបានពលីជីវិតក្នុងសមរភូមិឈ្លានពានរបស់ទ័ពរុស្ស៊ី បានបង្កឱ្យមានសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន មកទល់ពេលនេះ។
នៅពេលពិភពលោករំលឹកខួប ៨០ឆ្នាំនៃទិវា D-Day ពីទីក្រុងមូស្គូ លោក ពូទីន បានព្រមានប្រទេសលោកខាងលិចថា កុំស្មានថារុស្ស៊ី មិនហ៊ានប្រើអាវុធនុយក្លេអ៊ែរវាយប្រហារ បើប្រទេសរុស្ស៊ី ធ្លាក់ក្នុងការឈ្លានពាន គឺត្រូវតែប្រើប្រាស់អាវុធប្រភេទនេះ។
បើតាមលោក ពូទីន ក្រុមបស្ចិមប្រទេសកំពុងតែមើលស្រាលថា រុស្ស៊ី នឹងមិនហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការភាន់ច្រឡំហើយ៕